ពហុកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ ស្តាតចាស់ នឹងជួសជុលរួចរាល់ ពេលចាប់ផ្តើមប្រកួត លីគកំពូលកម្ពុជា ជុំទី២
ការជួសជុលកីឡដ្ឋានមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដែលបានចាប់ផ្តើមតាំងពីដើមខែមីនានោះមកដល់ពេលនេះសម្រេចបានជាង៥០%ហើយ និងគម្រោងរួចរាល់នាចុងខែមិថុនា ឆ្នាំ២០២១ ខាងមុខ ពោលគឺនឹងទាន់ពេលទទួលធ្វើម្ចាស់ផ្ទះប្រកួតទី១ ជុំទី២ជាមួយក្រុមភ្ញៀវ វិសាខា នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា។
លោក ខូវ ឆាយ អគ្គលេខាធិការ សមាគមកីឡាកងយោធពលខេមរភូមិន្ទ (ក្រុមទ័ព) បញ្ជាក់ថា ការជួសជុលនេះ គឺយើងបានឈូសឆាយឆ្មៅចាស់ចេញទាំងអស់ និងបានរៀបចំប្រព័ន្ធបង្អូលទឹកឡើងវិញ ពេលមានភ្លៀងធ្លាក់ ព្រមទាំងរៀបចំប្រព័ន្ធស្រោចទឹកដោយស្វ័យប្រវត្តិនៅក្នុងទីលានបាល់ទាត់នេះ។ ពេលនេះយើងបានឈានដល់ដំណាក់កាលដាំស្មៅធម្មជាតិឡើងវិញទាំងអស់ហើយៗតាមគម្រោងនឹងអាចជួសជុលរួចរាល់នាចុងខែមិថុនា ឆ្នាំ២០២១។ នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះបានធ្វើឲ្យដំណើរការសាងសង់កីឡដ្ឋាននេះជួបបញ្ហាខ្លះៗ ក្នុងការដឹកជញ្ជូនសម្ភារៈបម្រើដល់ការជួសជុលនេះ ប៉ុន្តែទោះយ៉ាងណា យើងបានសម្របសម្រួលការងារទាំងអស់នេះដោយធ្វើយ៉ាងណាឲ្យបានឆាប់រួចរាល់តាមផែនការដែលបានគ្រោងទុក។
លោកបញ្ជាក់ថាបន្ថែមទៀតថា បន្ទាប់ពីកីឡដ្ឋានស្តាតចាស់ត្រូវបានជួសជុលស្ថាបនាឡើងវិញនេះ គឺនឹងទាន់ពេល សម្រាប់ការប្រកួតជើងទី២ សម្រាប់លីគកំពូលកម្ពុជា រដូវកាល ២០២១ ដោយប្រកួតដំបូងនៃជើងទី២ ក្រុមកងយោធពលខេមរភូមិន្ទនឹងបើកទ្វារកីឡដ្ឋាននេះទទួលស្វាគមន៍ក្រុមភ្ញៀវ វិសាខា តែម្តង។
សូមបញ្ជាក់ថា បច្ចុប្បន្ន ការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២១ ត្រូវបានផ្អាកដំណើរការប្រកួតបណ្តោះអាសន្ន ក្នុងពេលរាជរដ្ឋាភិបាលសម្រចបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតដល់បិទបញ្ចប់បម្រាមគោចរនេះ ។ ការប្រកួតលីគកំពូលកម្ពុជាទើបដំណើរបានការប្រកួតសន្សំពិន្ទុសប្តាហ៍ទី៥ ប៉ុន្តែប្រកួតជាច្រើនត្រូវបានលើកពេលជាច្រើននៅឡើយ។ ចំពោះ៤ប្រកួតរបស់ក្រុមកងយោធពលខេមរភូមិន្ទ ឈ្នះ២ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត មាន៧ពិន្ទុ ឈរនៅលេខ៤បណ្តោះអាសន្ន ក្នុងចំណោម១៣ក្រុមនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ៕