អភិបាលខេត្តកណ្ដាល បញ្ជាឲ្យកងកម្លាំងទាំងអស់ ត្រូវបន្តអនុវត្តន៍ដាច់ខាតនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

អភិបាលខេត្តកណ្ដាល លោកគង់ សោភ័ណ្ឌ នៅព្រឹកថ្ងៃទី២១មេសា ឆ្នាំ២០២១ ក្នុងឱកាសឯកឧត្តមចុះពិនិត្យ ការអនុវត្តរបស់កងកម្លាំងមានសមត្ថកិច្ចនៅក្នុងក្រុងតាខ្មៅ និងអាជ្ញាធរក្រុង ក្នុងការអនុវត្តនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានបញ្ជាឲ្យកងកម្លាំងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងកណ្ដាល ត្រូវធ្វើការល្បាតជាប្រចាំ នៅក្នុងតំបន់ភូមិសាស្រ្តក្រុងតាខ្មៅ ដោយមិនត្រូវឱ្យប្រជាពលរដ្ឋ ដែលមិនមានការចាំបាច់ ធ្វើដំណើររាយប៉ាយពេញភូមិសាស្រ្តក្រុងតាខ្មៅឡើយ ។

លោកអភិបាលខេត្តក៏បាន ណែនាំឲ្យសមត្ថកិច្ចពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាពលរដ្ឋឱ្យនៅក្នុងផ្ទះរៀងខ្លួន ហើយក្នុងករណីប្រជាពលរដ្ឋដែលមិនគោរពតាមការណែនាំ អាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តតាមច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយ។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានបញ្ជាឲ្យអាជ្ញាធរសង្កាត់ និងមេភូមិគ្រប់ភូមិ ត្រូវដាក់ប៉ុស្តិ៍ប្រចាំការនៅក្នុងភូមិជាប្រចាំ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលមិនមានការចាំបាច់ចេញពីផ្ទះឡើយ ក្នុងករណីមានប្រជាពលរដ្ឋចេញមកក្រៅ អាជ្ញាធរសង្កាត់ និងមេភូមិគ្រប់ភូមិ ដែលនៅប៉ុស្តិ៍ប្រចាំការ ត្រូវធ្វើការសួរនាំពួកគាត់ ជៀសវាងការចេញមកដោយសេរី និងមិនមានការសួរនាំពីអាជ្ញាធរឡើយ។

ជាងនេះទៅទៀត សង្កាត់មួយចំនួនដែលមានប្រជាពលរដ្ឋ មានផ្ទុកមេរោគកូវីដ-១៩ ដែលប្រឈមទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវដាក់នៅក្នុងតំបន់ក្រហម ដោយមិនឱ្យពួកគាត់ចេញក្រៅភូមិឬផ្ទះឡើយ ហើយអាជ្ញាធរភូមិ សង្កាត់ ត្រូវត្រៀមស្បៀងសម្រាប់ចែកជូនពួកគាត់ដល់ខ្នងផ្ទះ ដោយមិនអនុញ្ញាតជាដាច់ខាតឱ្យពួកគាត់ចេញពីលំនៅឋានឡើយ។ គិតត្រឹមថ្ងៃទី២០មេសា ឆ្នាំ២០២១ ទូទាំងខេត្តកណ្ដាលមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៦៥នាក់ ក្នុងនោះក្រុងតាខ្មៅ ចំនួន១២៦នាក់ និងបានព្យាបាលជាសះស្បាយបានចំនួន៣៣៨នាក់ អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលមានចំនួន២ម៉ឺន១ពាន់៩៩នាក់ បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួន១ម៉ឺន៨ពាន់៣២១នាក់ អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កមានចំនួន១ម៉ឺន៦៧៩នាក់ និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះមានចំនួន៦ពាន់៥៦៦នាក់ អ្នកដែលបានបញ្ចប់ការធ្វើចតាឡីស័កបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល ទាំងនៅក្នុងមណ្ឌលចត្តាឡីស័ក និងនៅផ្ទះ មានចំនួន១ម៉ឺន២ពាន់៣៧៣នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner