ប្រធាន គ.ជ.ប៖ ការលើកពេលអនុវត្តដំណើរការនៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដោយសារតែការឆ្លងរីករាលដាលជំងឺកូវីដ១៩

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ នេះថា ការលើកពេលអនុវត្តដំណើរការនៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដោយសារតែការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ការលើកឡើងរបស់ ឯកឧត្តម ប្រធានគ.ជ.ប មានខ្លឹមសារដូចអ្វីដែលមានការជូនដំណឹងរបស់គ.ជ.ប កាលពីពេលកន្លងទៅ។ ឯកឧត្តម ស៊ិក ប៊ុនហុក បានបន្ថែមថា ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាហេតុធ្វើឲ្យការជួបជុំគ្នាមិនបាន ហើយការរៀបចំការបោះឆ្នោតសាកសល្បងនេះ។ «ចំនួនភូមិឃុំតិចមែនប៉ុន្តែវាមានការជួបជុំគ្នា និងជិតដល់ថ្ងៃដែលត្រូវដំណើរការនៃការបោះឆ្នោតសាកល្បង ក៏កើតមានសភាពការណ៍បែបនេះ វាជារឿងសត្យានុម័តមិនមែនអត្តនោម័តទេ។ ហេតុនេះអត្តនោម័តរបស់ គ.ជ.ប. វាត្រូវស៊ីជាមួយសត្យានុម័ត គឺសភាពការណ៍បែបនេះវានាំឲ្យមានការប៉ះពាល់និងការរៀបចំរបស់គ.ជ.ប វាមានភាពមិនគម្បីចំពោះនយោបាយរបស់រដ្ឋាភិបាលផង និងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលគេចូលរួមអាចមានការឆ្លងជំងឺកូវីដ១៩» នេះជាការឱ្យដឹងបន្ថែមពីឯកឧត្តម ស៊ិក ប៊ុនហុក។

ឯកឧត្តម ប្រធាន គ.ជ.ប. បានបញ្ជាក់ថា “បើយោងការងារនៅពេលខាងមុខមានការធូរស្រាល យើងនឹងធ្វើឲ្យបាននៅមុនការចុះបញ្ជីគណបក្សនយោបាយនៅចុងឆ្នាំ២០២១ខាងមុខនេះ ប៉ុន្តែឥឡូវយើងផ្អាកសិនដោយសារសភាពការណ៍នៃការឆ្លងជំងឺកូវីដ១៩ វាកាន់តែធំទៅៗ ហើយបើយើងធ្វើវាមិនសមស្របជាមួយនឹងបរិបទ ហេតុនេះយើងត្រូវធ្វើឲ្យវាស៊ីជាមួយនឹងបរិបទសិន”

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងរៀបចំដំណើរការនៃការបោះឆ្នោតសាកល្បងសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំ សង្កាត់គោលដៅចំនួន ២៥ នៃ រាជធានី ខេត្តទាំងអស់ទូទាំងប្រទេស ប៉ុន្តែនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានសម្រេចលើកពេលអនុវត្តដំណើរការ នៃការបោះឆ្នោតសាកល្បងនេះ ដោយសារតែ គ.ជ.ប. បានពិនិត្យឃើញថា ស្ថានភាពពនៃការឆ្លង រីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន កាន់តែធ្ងន់ធ្ងរឡើងៗ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner