អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងជ្រុលនិយមកំពុងអនុវត្តន៍ផែនការទុច្ចរិត «រុញឱ្យខ្លោចរោចឱ្យឆៅ» ទាក់ទងនឹងស្ថានភាពជំងឺកូវីដ-១៩

អត្ថបទដោយ៖
AMS

ខណៈរាជរដ្ឋាភិបាលកម្ពុជា កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់អនុវត្តវិធានការចាំបាច់នានាដើម្បីប្រយុទ្ធ ប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជ្រោះមរណៈ ក្រុមប្រឆាំងជ្រុលនិយមដែលបានត្រឹមតែទ្រឹស្តី និងនិយាយដោយគ្មានធ្វើសកម្មភាព បានខិតខំបំផ្លាញកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលនិងប្រជាពលរដ្ឋ។ នេះជាទម្លាប់ដ៏អាក្រក់របស់ក្រុមជនបំផ្លាញជាតិ! នៅពេលដែលកម្ពុជាការពារប្រទេសនិងប្រជាជនបានយ៉ាងល្អក្នុង រយៈពេលជាងមួយឆ្នាំពីការឆ្លងជំងឺកូវីដក្នុងសហគមន៍ គ្មានការស្លាប់បាត់បង់ជីវិតមនុស្ស ក្រុមប្រឆាំងបាន ឃោសនាថាមានការផ្ទុះជំងឺកូវីដ-១៩ និងបង្កឱ្យមានការស្លាប់ប្រជាជនជាច្រើន។



ប៉ុន្តែនៅពេលដែលកម្ពុជារងគ្រោះពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ បង្កការចម្លងដល់ពលរដ្ឋរាប់ពាន់នាក់ និងបង្កការស្លាប់មនុស្សេជាច្រើននាក់ បែរជាក្រុមប្រឆាំងជ្រុលនិយម ជាពិសេសក្រុមអ្នករត់គេចខ្លួនពីសំណាញ់ច្បាប់រួមទាំងទណ្ឌិត សម រង្ស៊ី មូរ សុខហួរនិងបរិវាររបស់ពួកគេនិយាយថាគ្មានការឆ្លង រីករាលដាលនិងគ្មានពលរដ្ឋខ្មែររងគ្រោះស្លាប់បាត់បង់ជីវិតទៅវិញ។ តើអ្វីជាគោលបំណងពិតប្រាកដរបស់ ក្រុមប្រឆាំងជ្រុលនិយមទាំងនេះ ដែលចេញមកឃោសនាផ្ទុយពីស្ថានការណ៍ពិតដូច្នេះ?

គ្មានអ្វីដែលគួរឱ្យសង្ស័យឡើយ អ្វីៗដែលក្រុមប្រឆាំងជ្រុលនិយមបានខិតខំឃោសនាផ្ទុយពីស្ថាន ការណ៍ពិតនេះគឺជាចេតនានយោបាយទុច្ចរិតមួយដែលមិនបានជួយប្រជាពលរដ្ឋ ជួយដោះស្រាយបញ្ហាទាំង ឡាយដែលកើតចេញពីវិបត្តិនៃជំងឺកូវីដ-១៩ តែព្យាយាមបំផ្លាញរាល់វិធានការរបស់រដ្ឋាភិបាលដែលជួយអាយុជីវិតប្រជាពលរដ្ឋ។ ពួកគេពិតជាមិនចង់ឃើញវិធានការនានា ដែលបានដាក់ចុះដោយរាជរដ្ឋាភិបាលទទួលបានជោគជ័យឡើយ ព្រោះ ពួកគេនឹងបាត់បង់ជំនឿទុកចិត្តកាន់តែខ្លាំង បាត់បង់ការគាំទ្រ និងមិនអាចបង្កើតបញ្ហាដើម្បីរៃអង្គាសប្រាក់ និងធ្វើនយោបាយបោកប្រាស់ ធ្វើប្រជាភិថុតិលើពលរដ្ឋបានទៀតឡើយ។ ដូច្នេះពួកគេគ្មានជម្រើសអ្វីក្រៅ តែពីនិយាយបំភ្លៃ បំផ្លើស បំប៉ោងនិងបំភ័ន្តការពិតឡើយ។

គោលដៅនៃការធ្វើវិទ្ធង្សនារបស់ក្រុមជ្រុលនិយម គឺការញុះញង់ប្រជាពលរដ្ឋ មិនឱ្យស្តាប់បទបញ្ជារាជរដ្ឋាភិបាល ព្យាយាមបង្កើតចលាចលក្នុងចំណោមប្រជាពលរដ្ឋ ដោយផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យសកម្មជនរបស់ខ្លួនក្នុងស្រុកតវ៉ាទាមទារផ្សេងៗ ដោយចេតនាបង្កភាពវឹកវរសង្គមបន្ថែមលើវិបត្តិនៃការឆ្លងជំងឺកូវីដ-១៩ ធ្វើឱ្យការឆ្លងរីករាលដាលនៃជំងឺកាន់តែខ្លាំង សង្គមកម្ពុជាជួបវិបត្តិកាន់តែខ្លាំងដែលពួកគេគិតថាជាឱកាសល្អសម្រាប់ពួកគេសម្រេចមហិច្ឆតាអំណាច ខណៈពួកគេក៏បានដឹងហើយថាវិធានការដែលរដ្ឋាភិបាលបានដាក់ និងវិស័យឯកជនបានធ្វើ គឺសុទ្ធតែបានបម្រើផលប្រយោជន៍ពលរដ្ឋ និងចូលរួមការពារអាយុជីវិតប្រជាពលរដ្ឋ និងសម្រាលទុក្ខលំបាកពលរដ្ឋក្នុងគ្រាដ៏លំបាកនេះ។

ក្រុមប្រឆាំងជ្រុលនិយមនិងសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលមិនដែលជួយពលរដ្ឋអ្វីសោះក្រៅពីការយកប្រជាពលរដ្ឋធ្វើអាជីវកម្ម បានចេញសូត្រទ្រឹស្តីសិទ្ធិមនុស្សនៅចំពោះមុខនៃការឆ្លងរីករាលដាល ជំងឺដ៏កាចសាហាវ ដោយមិនបានសិក្សាឱ្យគ្រប់ជ្រុងជ្រោយតើនៅក្នុងស្ថានភាពដ៏លំបាក ជំងឺរាតត្បាតកំពុង តែវាយលុកសង្គមទាំងមូលតើអ្វីជាអាទិភាព? នោះគឺសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ជាតិ ហើយគ្រប់វិធានការដែលរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចដាក់និងអនុវត្តគឺដើម្បីពង្រឹងខឿន សុខមាលភាពពលរដ្ឋ ការពារអាយុជីវិតពលរដ្ឋពីការស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ និងការខូចខាតសេដ្ឋកិច្ច ធ្ងន់ធ្ងរដោយវិបត្តិនេះ។ ពួកគេតាំងខ្លួនជាជើងឯកសិទ្ធិមនុស្ស ប៉ុន្តែនៅពេលដែលជីវិតពលរដ្ឋប្រឈមនឹង គ្រោះថ្នាក់បែរជាពួកគេនិយាយពីសិទ្ធិសេរីភាព និងប្រជាធិបតេយ្យទៅវិញ ដោយមិនខ្វល់ពីការរស់រានជីវិត របស់ប្រជាពលរដ្ឋឡើយ។

ក្រុមប្រឆាំងនិងសង្គមស៊ីវិល ដែលរស់ដោយជំនួយបរទេសមួយចំនួនពិតជាសប្បាយរីករាយនិងចង់ឃើញពលរដ្ឋខ្មែររងគ្រោះកាន់តែធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩ នេះដើម្បីជាឱកាសដល់ ពួកគេក្នុងការក្រឡុកស្ថានការណ៍នៅក្នុងប្រទេស វាយប្រហារមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេស វាយប្រហារលើ សម្តេចតេជោ ហ៊ុន សែន និងបន្តអនុវត្តផែនការចាស់របស់ពួកគេក្នុងការឡើងកាន់អំណាចតាម បែបមិនប្រជាធិបតេយ្យ និងតាមបំផ្លាញជាតិនិងប្រជាជនកម្ពុជា រហូតដល់ដង្ហើមចុងក្រោយរបស់ពួកគេ។ ពួកគេហ៊ា​​​​​នលើកដៃធ្វើគ្រប់សកម្មភាពរួមទាំងញុះញុងឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ដែលផ្ទុយពីគោលការ ណ៍សិទ្ធិមនុស្ស ក៏ដូចជាឃោសនាថាគ្មានជំងឺកូវីដ-១៩ និងគ្មានអ្នកស្លាប់។

អ្វីដែលក្រុមប្រឆាំងជ្រុលនិយម និងក្រុមអង្គការសង្គមស៊ីវិលធ្វើ គឺការបង្អាក់ដំណើរការជួយសង្គ្រោះ និងការពារអាយុជីវិតប្រជាពលរដ្ឋពីសត្រូវឥតស្រមោលកូវីដ-១៩ ហើយពួកគេត្រូវបន្តនិយាយអ្វីដែលផ្ទុយពី ការពិតនិងធ្វើអ្វីដែលផ្ទុយពីរដ្ឋាភិបាល និងពីប្រជាពលរដ្ឋភាគច្រើនយល់ដឹង។ ប៉ុន្តែក្រុមបំផ្លាញជាតិទាំងនេះ ភ្លេចគិតថាអ្វីដែលពួកគេកំពុងតែធ្វើបាននិងកំពុងតែជីកកប់ខ្លួនឯងកប់ទាំងអាជីពនយោបាយ និងកប់ទាំងជីវិតរបស់ពួកគេ។ ពួកគេបានក្លាយជាសត្រូវរបស់ប្រជាជនបាត់ទៅហើយ ព្រោះមិនបានជួយអ្វីប្រជាជនក្រៅ ពីបំផ្លាញទឹកចិត្តប្រជាជននិងព្យាយាមបង្អាក់វិធានការការពារអាយុជីវិតប្រជាជនឡើយ។

ប៉ុន្តែ នេះគ្រាន់តែជាការយល់សប្តិរបស់ក្រុមប្រឆាំងជ្រុលនិយម និងក្រុមសង្គមស៊ីវិលមួយចំនួនប៉ុណ្ណោះ ការពិតទាំងរាជរដ្ឋាភិបាល និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បាននិងកំពុងរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ដ៏កាចសាហាវប្រកបដោយភាពអត់ធ្មត់ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានទទួលស្គាល់ថាជាប្រទេសដែលការពារប្រជាជនបានយ៉ាងល្អក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលកន្លងមក និងជាប្រទេសទី២ ក្នុងតំបន់អាស៊ានបន្ទាប់ពីសិង្ហបុរីដែលបានចាក់វ៉ាក់សាំងជូន ពលរដ្ឋដោយឥតគិតថ្លៃ និងជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការការពារអាយុជីវិតប្រជាពល រដ្ឋ និងពង្រឹងខឿនសុខភាពពលរដ្ឋ។

ពេលនេះ គឺមានតែក្រុមប្រឆាំងជ្រុលនិយម និងក្រុមសង្គមស៊ីវិលមួយចំនួនទេ ដែលកំពុងតែវង្វេងវង្វាន់ មិនដឹងត្រូវធ្វើយ៉ាងណា ដើម្បីរក្សាជីវិតនយោបាយរបស់ខ្លួន និងត្រូវរកវិធីសាស្ត្រអ្វីដើម្បីយកលេសរៃអង្គាសប្រាក់ពីសកម្មជនរបស់ខ្លួន និងធ្វើយ៉ាងណាដើម្បីកុំឱ្យម្ចាស់ជំនួយពួកគេដកយកលុយទៅវិញតែប៉ុណ្ណោះ តាមពិតអ្វីដែលពួកគេនិយាយចេញមកមិនបានជួយអ្វីដល់ ប្រជាពលរដ្ឋសូម្បីតែមួយសរសៃសក់ ក្រៅពី «ការរុញឱ្យខ្លោច រោចឱ្យឆៅ» ក្នុងស្ថានភាពដែលកម្ពុជាកំពុងជួយការពារអាយុជីវិតពលរដ្ឋ ការពារសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋនេះ៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner