ការពិត ក្រោយវំាងននក្រហម

ក្រោយសង្គ្រាមត្រជាក់ផុតរលត់ទៅ ការប្រឈមមុខយ៉ាងស្រួចស្រាលរវាងមហាអំណាចលោកសេរី និងកុំម្មុយនីសត្រូវបានបិទបញ្ចប់។ ការដួលរលំអតីតសហភាពសូវៀតបានធ្វើឱ្យសង្គ្រាមទំាងមនោគមវិជ្ជា និងការប្រឡងប្រណាំងព្វាវុធបានបញ្ចប់ ប៉ុន្តែលទ្ធិកុំម្មុយនីស ដែលលោកសេរីចាត់ទុកថាជាសត្រូវដែលត្រូវតែធ្វើ ឱ្យវិនាសផុតពិលើពិភពលោកមិនបានរលត់ទៅនោះឡើយ។ គេសង្កេតឃើញប្រទេសមួយចំនួននៅបន្តអនុវត្ត ដូចជាលទ្ធិកុំម្មុយនីសនៅអាស៊ីខាងកើត (ចិន និងកូរ៉េខាងជើង) និងលទ្ធិសង្គមនិយមនៅអាស៊ីអាគ្នេយ៍ (វៀតណាម និងឡាវ) និងរបបផ្តាច់ការមួយចំនួននៅបណ្តាប្រទេសតំបន់អាហ្រ្វិក។



ស្របពេលនៃការវិវឌ្ឍសភាពការណ៍ពិភពលោក ដែលធ្លាប់តែមានតែពីរប៉ូល ឥឡូវនេះសណ្តាប់ធ្នាក់ពិលោកថ្មី បានលេចចេញគឺ សណ្តាប់ធ្នាប់ពិលោកថ្មីពហុប៉ូល ដែលយើងសង្កេតឃើញមានមហាយក្ស ចំនួន២ កំពុងត្រដែតឡើងយ៉ាងលឿននៅអាស៊ី នោះគឺ មហាយក្សប្រជាធិបតេយ្យឥណ្ឌា និងមហាយក្សកុម្មុយនីសចិន។ ការរះត្រដែតឡើងនៃមហាយក្សចិន នៅពេលដែលរដ្ឋអាស៊ីខាងកើតមួយនេះបានវ៉ាដាច់តំណែងមហាអំណាចសេដ្ឋកិច្ចលេខ២ លើពិភពលោកនៅពីលើជប៉ុន មានសំនួរចាក់ស្រេះលើកឡើងក្នុងគោលនយោបាយរបស់មហាអំណាច។ តើគួរទុកឱ្យ រដ្ឋអាស៊ីខាងកើតមួយនេះបន្តរីកចម្រើន ឬគួរត្រូវបង្អាក់រំខាន?ចម្លើយ ពិតជាអាចស្មានទុកជាមុន ហើយត្រឹមត្រូវទៀតនោះគឺ មិនត្រូវបណ្តោយនោះឡើយ។ វាមិនអាចប្រឈមមុខដាក់គ្នាដូចកាលសម័យសង្គ្រាមត្រជាក់នោះឡើយ ហើយរដ្ឋអធិបតេយ្យមួយក៏នឹងមិននៅស្ងៀមឱ្យអ្នកណាមកបំពានបានឡើយ។ ដូច្នេះ ដើម្បីអាចបង្អាក់ដំណើរបាន ការគំរាមកំហែង ការដាក់ទណ្ឌកម្មជាឯកតោភាគី លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានក្លាយជាឧបករណ៍ដ៏ពេញនិយមសម្រាប់ក្រុមមហាអំណាចប្រើប្រាស់។ អ្វីៗដែលមហាអំណាច អះអាថា ជាការគោរពច្បាប់អន្តរជាតិ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺគ្រាន់ជាវំាងននក្រហម សម្រាប់បង្ហាញដល់សាធារណជនប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយវំាងននក្រមហមនោះ ពោរពេញដោយគំនិតវាទីនិយម។

នៅក្នុងសង្គមអន្តរជាតិ គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ តែងត្រូវបានទទួលស្គាល់ និងគោរព ហើយក៏ជាគោលការណ៍សំខាន់ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងនៅក្នុងទំនាក់ទំនងអន្តរជាតិផងដែរ។ សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ តែងតែជាឧបករណ៍សម្រាប់ជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋមួយ ពីសំណាកពួកមហាអំណាច។ កន្លងមកបញ្ហានៅហុងកុង ស៊ីនជាំង ទីបេ និងកោះតៃវ៉ាន់ តែងក្លាយជាប្រធានបទក្តៅរបស់ពួកមហាអំណាច ប្រើប្រាស់ដើម្បីជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង និងវាយប្រហាររដ្ឋអធិបតេយ្យមួយនៅអាស៊ីខាងកើត។ អតីតសហសេវិក រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Colin Powell លោក Lawrence Wilkerson ធ្លាប់បាននិយាយថា ការលើកឡើងអំពីបញ្ហាជនជាតិអ៊ុយហ្គ័រ នៅស៊ីនជាំង គឺជាឧបករណ៍រារំាង និងបង្ករអស្ថិរភាពនៅប្រទេសចិន។ ក្រៅពីបញ្ហាសិទ្ធិមនុស្ស ក្រុមប្រទេសមហាអំណាចបានគាំទ្រដល់ក្រុមបះបោរនៅតាមបណ្តាប្រទេសមួយចំនួន ដោយយកលេសថា ជាការលើកតម្កើងសេរីភាព និងប្រជាធិបតេយ្យ ដោយបង្កើតឱ្យមាន បដិវត្តពណ៌។ កន្លងមក Arab Spring គឺជាឧទាហរណ៍ជាក់ស្តែងបំផុត ដែលក្រុមប្រទេសមហាអំណាចប្រើប្រាស់សម្រាប់ផ្លាស់ប្តូររបបដឹកនាំនៃរដ្ឋអធិបតេយ្យមួយដែលខ្លួនមិនពេញចិត្ត។ ប្រទេសដែលរងនូវការការជ្រៀតចូលកិច្ចការផ្ទៃក្នុង និងការធ្វើវិទ្ធង្សនា មានដូចជាប្រទេសវេណេស៊ុយអេឡា ប៉ាណាម៉ា និងបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា។

តើមហាអំណាចពិភពលោក គឺជាអ្នកស្អាតស្អំ អ្នកគោរពច្បាប់អន្តរជាតិមែនដែរឬទេ? ជារូបភាព ពួកគេបង្ហាញពីការគោពនិងអនុវត្ត ប៉ុន្តែការអនុវត្តជាក់ស្តែងមិនដូច្នោះឡើយ។ ជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសមហាអំណាចនេះ តែងលើកឡើងអំពីការគោរពច្បាប់ ការការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​ពួកគេតែងរំលោភបំពាន ពោលគឺ ការលើកឡើងនេះគ្រាន់តែជាឧបករណ៍សម្រាប់គាបសង្កត់ប្រទេសតូចតាចប៉ុណ្ណោះ។ ជាក់ស្តែង នៅឆ្នាំ២០០៣ ក្រុមមហាអំណាច បានចោទប្រកាន់ថា អ៊ីរ៉ាក់មានអាវុធប្រល័យលោក និងបានបើកការវាយប្រហារទៅលើប្រទេសនេះ ដោយគ្មានការអនុញ្ញាតពីអង្គការសហប្រជាជាតិ បណ្តាលឱ្យមានមនុស្សរាប់រយពាន់នាក់ស្លាប់ រងរបួស និងត្រូវរស់នៅក្នុងវិបត្តិ ដែលគ្មានថ្ងៃនឹងអាចវិលដូចសភាពដើមវិញបាននោះទេ។ ការបើកការវាយប្រហារតាមអាកាសទៅលើប្រទេសស៊ីរី និងការគាំទ្រក្រុមបះបោរប្រឆំាងរដ្ឋាភិបាលស៊ីរី គឺជាឧទារណ៍នៃការរំលោភច្បាប់អន្តរជាតិមិនអាចប្រកែកបាន។

មហាអំណាច មិនដែលស្ទាក់ស្ទើរ ក្នុងការប្រើប្រាស់មធ្យោបាយណា ដែលខ្លួនគិតថាមានប្រយោជន៍ដល់ខ្លួននោះឡើយ ហើយការដាក់ទណ្ឌកម្មលើរដ្ឋអធិបតេយ្យមួយជាឯកតោភាគី ត្រូវបានប្រើប្រាស់ជាញឹកញាប់។ យោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយដោយក្រុមហ៊ុនច្បាប់អាមេរិក Gibson Dunn នៅក្រោមការដឹកនាំរបស់រដ្ឋបាល អតីតប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម ចំនួនជាង ៣.៩០០ដង ផ្សេងគ្នា ដែលការដាក់ទណ្ឌកម្មទំាងនេះ ប្រហែលជា៣ដងក្នុងមួយថ្ងៃ។ ក្នុងទិដ្ឋភាពមួយទៀត មហាអំណាចមួយនេះ ក៏បានប្រកាសដាក់ទណ្ឌកម្មជាឯកតោភាគី ប្រឆាំងនឹងមន្រ្តីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅខែកញ្ញា ឆ្នាំ២០២០ ដោយសារតែតុលាការនេះបានយល់ព្រម និងផ្តល់សិទ្ធិអំណាច ដល់ប្រធានរដ្ឋអាជ្ញា ដើម្បីបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយពួកតាលីបង់ កងកម្លាំងសន្តិសុខអាហ្វ ហ្គានីស្ថាន និងយោធាសហរដ្ឋអាមេរិក និងអ្នកស៊ើបការណ៍សម្ងាត់នៅអាហ្វហ្គានីស្ថាន ប៉ុន្តែក្រោយពេលដែលប្រធានាធិបតីអាមេរិក Joe Biden ចូលកាន់តំណែងសហរដ្ឋអាមេរិកបានដកទណ្ឌកម្មពាក់ព័ន្ធចេញ។

មហាអំណាច ជាប្រទេសដែលការពារច្បាប់ និងគោរពច្បាប់អន្តរជាតិ ប៉ុន្តែបែជាយគោលការណ៍អាត្មានិយម (America First) ដោយប៉ុន្មានឆ្នាំមកនេះ មហាអំណាចមួយនេះ បានគំរាមម្តងហើយម្តងទៀត ថានឹងដកខ្លួនចេញពីសន្ធិសញ្ញា និងអង្គការអន្តរជាតិជាច្រើន។ តួយ៉ាងនៅខែមិថុនា ឆ្នាំ២០១៧ អាមេរិកបានបញ្ជាក់ថា ខ្លួននឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីការពារអាមេរិក និងពលរដ្ឋរបស់ខ្លួន។ ២ខែបន្ទាប់ពីការដកខ្លួនជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានភ្ជាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញ។ នេះគឺជាទិដ្ឋភាពមិនប្រកែកបានរបស់មហាអំណាចដែល តែងតែគិតតែផលប្រយោជន៍របសខ្លួន ហើយធ្វើឱ្យប៉ះពាល់ដល់សមូហភាពអន្តរជាតិនិយម ព្រោះខ្លួនជាមហា អំណាចដែលគ្មានអ្នកណាហ៊ានជាមួយនោះឡើយ។ មហាអំណាចមួយនេះ តែងលើកឡើងនៅគ្រប់វេទិកា ស្នើសុំឱ្យមានការគោរពសិទ្ធិមនុស្ស ប៉ុន្តែសម្រាប់ខ្លួនឯងវិញបានដើរបញ្ច្រាសទៅវិញ។ ពលរដ្ឋអាមេរិក ដើមកំណើតអាស៊ី បានរងនូវការស្អប់ខ្ពើម រើសអើង តាមរយៈការចោទប្រកាន់ថា មេរោគដ៏កាចសាហាវកំពុងរីករាលត្បាតយ៉ាង លឿនកូវីដ-១៩ គឺជាមេរោគរបស់ចិន ឬរបស់ទីក្រុងវូហាន នៅខណៈពេលពលរដ្ឋអាមេរិកជាច្រើនកំពុងរងគ្រោះ ដោយគិតត្រឹមថ្ងៃទី១៨ ខែមេសា សហរដ្ឋអាមេរិកបានរាយការណ៍ថា មានករណីឆ្លងមេរោគកូវីដ-១៩ ចំនួន៣១.៦៦លានករណី និងចំនួនអ្នកស្លាប់ជាង៥៦៧.០០០នាក់ ជាប់ចំណាត់ថ្នាក់លេខ១នៅលើពិភពលោក។ ការចោទប្រាកាន់នេះ បានធ្វើឱ្យជនជាតិអាមេរិកដើមកំណើតអាស៊ីរងគ្រោះ ហើយយោងតាមរបាយការណ៍របស់អង្គការ Stop AAPI Hate ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា យ៉ាងហោចណាស់មានការរើសអើងជាតិសាសន៍ចំនួន ៣.៧៩៥ករណី ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។  ម្យ៉ាងវិញទៀត ការស្លាប់របស់ជនជាតិអាមេរិកស្បែកខ្មៅ ចច ផ្លយ គឺជាឧទាហរណ៍មួយ នៃការមិនគោរពសិទ្ធិមនុស្ស តាមរយៈការអនុវត្តច្បាប់ដ៏ឃោរឃៅពីប៉ូលីសស្បែកស ដែលបណ្តាលឱ្យមានការតវ៉ាទ្រង់ទ្រាយធំ ប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការអនុវត្តច្បាប់ដោយអំពើហឹង្សា ដោយប៉ូលីសនៅទូទាំងសហរដ្ឋអាមេរិក។

សរុបមក ការគោរពច្បាប់អន្តរជាតិ ការការពារសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ គឺគ្រាន់តែជាលេស សម្រាប់លូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិតេយ្យមួយ ពីសំណាកមហាអំណាច ដូចពាក្យស្លោកបុរាណចិនតែងលើកឡើងថា “ចចកពាក់ស្បែកចៀម” ដោយមើលពីក្រៅល្អឥតម៉ង តែសំងំលាក់ពុតនៅខាងក្នុង ដើម្បីបម្រើតែផលប្រយោជន៍របស់ខ្លួន និងបក្សពួក នៅពីក្រោយវំាងននក្រហមតែប៉ុណ្ណោះ។

ភ្នំពេញថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១

ដោយ ៖ ស្លាបប៉ាកាមរកត

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner