ខេត្តព្រៃវែង ពិន័យមនុស្ស៤នាក់ ក្នុងម្នាក់ៗ ២លានរៀល ក្រោយល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានចាត់វិធានការរដ្ឋបាលវិន័យអន្តរកាល ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងម្នាក់ៗត្រូវពិន័យប្រាក់២លានរៀល។

ការពិន័យទៅមនុស្សទាំង៤នាក់នោះ ដោយអនុវត្តទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនានា នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងតែមានការឆ្លង ក៏ដូចជាការបង្កើតគណៈកម្មការត្រួតពិនិត្យ និងតាមដានការងារពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

អភិបាលស្រុកកំពង់ត្របែក លោក យ៉ាវ សានិន បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១នេះថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មន្ត្រីនគរបាលយុត្តិធម៌ នៃអធិការដ្ឋានស្រុកកំពង់ត្របែក បានចាត់វិធានការរដ្ឋបាលវិន័យអន្តរកាល ល្មើសចំនួន៤នាក់ ដែល៣នាក់មកពីឃុំចាម និងម្នាក់ទៀតមកពីឃុំកន្សោមអក។

អភិបាលស្រុកកំពង់ត្របែក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បុគ្គលទាំង៤នាក់ បានល្មើសនឹងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដូចមានចែងក្នុងមាត្រា៥ គឺការរឹតបន្តឹង ឬការហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។ អ្នកទាំង៤នាក់ បានស្ម័គ្រចិត្តមកបង់វិន័យនៅការិយាល័យច្រកចេញចូលតែមួយនៅស្រុកកំពង់ត្របែក។ បន្ទាប់មកមន្ត្រីនគរបាល បានដឹកពួកគាត់ទៅធ្វេីចត្តាឡីស័ក នៅតាមឃុំនីមួយៗវិញផងដែរ។ ចំពោះការផាកពិន័យនេះដោយក្នុងម្នាក់ៗ ទឹកប្រាក់២លានរៀល»។

លោកអភិបាលស្រុក បានលើកឡើងថា ចំពោះការអនុវត្តនូវអនុក្រឹត្យនេះមិនមែនធ្វើឡើងដោយមិនបានជម្រាបជូនដល់ប្រជាពលរដ្ឋមុននោះទេ គឺអាជ្ញាធរបានជម្រាបជូនដល់ប្រជាពលរដ្ឋជាច្រើនមកហើយ និងមានសេចក្តីជូនដំណឹងរបស់រដ្ឋបាល ខេត្តព្រៃវែងផងដែរ ក៏ប៉ុន្តែពួកគាត់នៅតែបន្តធ្វើល្មើសនឹងអនុក្រឹត្យទាំងអស់នេះ ទើបអាជ្ញាធរពិន័យតាមច្បាប់។

ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏សូមអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ អនុវត្តទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីចូលរួមបង្ការទប់ស្កាត់ទាំងអស់គ្នាការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner