អ្នកនាំពាក្យរដ្ឋាភិបាលៈ ការរិះគន់របស់មេខ្លោងឧទ្ទាមក្រៅច្បាប់ពីការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅ គឺដើម្បីចង់ទាក់ទាញការចាប់អារម្មណ៍តែប៉ុណ្ណោះ!

ដោយៈ ឫទ្ធិស័ក្តិ

ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបាន​បញ្ជាក់​ថា ការរិះគន់របស់មេខ្លោងឧទ្ទាមក្រៅ​ច្បាប់អំពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល គឺដើម្បីចង់ទាក់ទាញ​ការចាប់អារម្មណ៍ពីសំណាក់ប្រជា​ពលរដ្ឋ និងចង់បំផុសឲ្យ​ប្រជា​ពលរដ្ឋយកចិត្ត​ទុកដាក់ស្តាប់ការចង្អុលបង្ហាញ ឬ គោលការណ៍របស់ខ្លួនតែប៉ុណ្ណោះ​។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ខែមេសានេះថា អ្វី​ដែលមេខ្លោងឧទ្ទាម​ក្រៅ​ច្បាប់ សម រង្ស៊ី ​រិះគន់សេចក្តីសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលរបស់​រដ្ឋាភិបាលកម្ពុជា គឺជាចរិតឧទ្ទាមកាលណាយើង​ថា “ស” វាថា “ខ្មៅ” និងចង់ទាក់ទាញ​ការចាប់អារម្មណ៍ពីសំណាក់ប្រជា​ពលរដ្ឋតែប៉ុណ្ណោះ។ អ្វីដែលមេខ្លោងឧទ្ទាមបាន​លើកឡើង គឺចង់និយាយដើម្បីបំផុសឲ្យ​ប្រជា​ពលរដ្ឋយកចិត្ត​ទុកដាក់ស្តាប់ការចង្អុលបង្ហាញ ឬគោលការណ៍របស់ខ្លួន​តែ។

ឯកឧត្តម ផៃ ស៊ីផាន បាន​បញ្ជាក់ទៀត​ថា ចាប់តាំងពីកម្ពុជាមានករណី​ឆ្លងជំងឺកូវីដ១៩ គឺមេខ្លោងឧទ្ទាម​ក្រៅ​ច្បាប់ សម រង្ស៊ី មិនដែលបាន​ជួយមួយដុល្លារ ដល់រាជរដ្ឋាភិបាលក្នុងការចូលរួម​ទប់​ស្កាត់ប្រយុទ្ធ​ប្រឆាំអ​ជំងឺកូវីដ១៩ នោះទេ។

ចំណែកឯ​អ្នកនាំពាក្យអគ្គស្នងការដ្ឋាន​នគរ​បាលជាតិវិញ  ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមាន​ប្រសាសន៍នៅព្រឹកនេះដែរថា ការដាក់កម្លាំងសមត្ថកិច្ច​នៅតាមគោលដៅដែលបានកំណត់សម្រាប់អនុវត្ត​វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល គឺ​ជាការ​អនុវត្ត​ទៅតាម​ខ្លឹម​សារសេចក្តី​សម្រេច (ទី១) ។ ទី២. ជាការបំពេញកាតព្វកិច្ចចូលរួមបង្ការ​ទប់​ស្កាត់នៅការឆ្លងរាលដាលជំងឺកូវីដ១៩។ ជាធម្មតាកាលណាដាក់បំរាមគោចរ និងដាក់គោលដៅបិទខ្ទប់ គឺវាត្រូវ​តែមានភាពម៉ត់ចត់តឹងតែង ហើយវាធ្វើ​ឲ្យ​អ្នក​ដែលរិះគនើចេះតែរកគន្លឹះ ដើម្បី​ប្រឆាំអងជាមួយរដ្ឋាភិបាលតែប៉ុណ្ណោះ។ អ្វី​ដែល​យើង​ធ្វើ គឺចូលរួមចំណែក​នៅក្នុងការការពារសុខភាពសាធារណៈ ការពារសុខភាពប្រជា​ពលរដ្ឋ ការពារ​សុខមាលភាព​សង្គម និងការពារអាយុជីវិត​ប្រជា​ពលរដ្ឋ និង​សង្គម​ជាតិ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាន​នគរ​បាលជាតិ

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា “កងកម្លាំង​នគរបាលដែល​ដាក់​ពង្រាយ ក៏ដូចជាកងកម្លាំង​សមត្ថកិច្ចដែល​ពាក់​ព័ន្ធដទៃ​ទៀត បាន​លះបង់ពេលវេលា​ច្រើនណាស់ និងស៊ូទ្រាំជាមួយនឹងការកំបាក​ច្រើនណាស់ក្នុងការឈរ​នៅតាមគោលដៅដើម្បីត្រួត​ពិនិត្យរាំងខ្ទប់​ការ​ធ្វើចរាចរណ៍ចេញចូលដែល​បាន​កំណត់​នៅក្នុងសេចក្តី​សម្រេចរបស់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ​ពាក់​ព័ន្ធ ។យើង​ធ្វើនេះដើម្បីសុវត្ថិភាព និង​សុខមាលភាពសង្គមទាំងអស់”។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាន​នគរ​បាលជាតិបាន​បន្តថា ចំពោះទស្សនៈដែល​បាន​លើកឡើង គឺ​ជាទស្សនៈជ្រុលនិយម ជាទូទៅនៅលើពិភពលោកប្រទេសណាក៏ដូចគ្នាដែរ គ្រាន់តែ​វិធានខុសគ្នា និងលក្ខខណ្ឌខុសគ្នា តែគេត្រូវ​តែមានការ​បិទខ្ទប់នៅពេល​ដែលមានហានិភ័យ​ឆ្លង​ចូលក្នុង​សហគមន៍។ តើពួកគេចង់ឲ្យមនុស្សដើរពេញប្រទេស ឬក៏ចង់ឲ្យរលាយស្រុកទេស ឬយ៉ាងណា? ហើយការខ្វះចន្លោះរបស់​អាជ្ញាធរ​វាតែងតែមាន ហើយក៏ជាពិសោធន៍លើកទី១ សម្រាប់កម្ពុជា​ដែរ និងជារឿង​ថ្មីបំផុត​ដែរ។ ថ្វីត្បិតរដ្ឋាភិបាលបានត្រៀមលក្ខណៈសម្បត្តិ​ក៏ពិត​មែន តែការផ្ទុះជំងឺកូវីដ១៩ ចូលក្នុង​សហគមន៍​ប្រទេសណា​ក៏ដូចជាប្រទេសណា​ដែរពិបាកគ្រប់គ្រង។ ដូច្នេះបើយោង​គ្រប់​គ្រង​ការងារ​ឆ្លងរាលដាលចូលសហគមន៍បាន គឺយើង​ជោគជ័យក្នុងការតស៊ូ​ប្រយុទ្ធ​ប្រឆាំងជាមួយកូវីដ១៩ ហើយ​ត្រូវ​យក​ទស្សនៈសុទិដ្ឋនិយមមកនិយាយ។មនុស្សមួយចំនួនទិតៀនហើយ ព្រោះអត់មាន​អីទិតៀន​ក្រៅពីនេះទៀតទេ។បើយើង​អត់​ធ្វើ គេនិយាយថា ទុកឲ្យ​ប្រជា​ពលរដ្ឋស្លាប់ តែ​បើយើង​ធ្វើ គេថាតឹងរ៉ឹង។

និយាយពីក្រៅប្រទេស ទណ្ឌិត សម រង្ស៊ី បានលើកឡើងដោយរបៀបប្រឆាំងទៅនឹងវិធានការសុខាភិបាលនិងវិធានការច្បាប់ដែលរាជរដ្ឋាភិបាលប្រកាន់យកដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតកាលពីពេលកន្លងទៅថ្មីៗនេះថា វិធានការដែលរាជរដ្ឋាភិបាលបានប្រកាន់យកគឺដើម្បីការពារអាយុជីវិតប្រជាជន ពិសេសនេះគឺជាបញ្ហាសុខភាពសាធារណៈដែលរាជរដ្ឋាភិបាលត្រូវតែគិតគូរ។

វិធានការរបស់រាជរដ្ឋាភិបាលបានទទួលការកោតសរសើរពីប្រមុខអង្គការសុខភាពពិភពលោកផងដែរ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner