សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ដែលដឹកជញ្ជូនជនជាតិថៃ៥នាក់ ចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ នៅស្រុកអូរជ្រៅ

អត្ថបទដោយ៖
ធី ដា

ការឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥៨ ត្រង់ប៉ុស្តិ៍ត្រួតពិនិត្យភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ លោក សូ ចាន់ណារី បានអោយដឹងថាម្ចាស់រថយន្តមានឈ្មោះ សោភ័ណ្ឌ សវត្ស ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ។

ចំណែកជនជាតិថៃទាំង៥នាក់ មាន៖ឈ្មោះ អាំថាក់ ឆៃ ភេទប្រុស អាយុ២១ឆ្នាំ, ឈ្មោះ វិផា ផន ភេទ ស្រី អាយុ ២២ឆ្នាំ, ឈ្មោះ អ៊ឹម អាំម៉ាលីម ភេទ ប្រុស អាយុ២១ឆ្នាំ, ឈ្មោះ ម៉ា លុត ភេទប្រុស អាយុ២១ឆ្នាំនិង ឈ្មោះចឹក ទូឡុង ភេទប្រុស អាយុ២២ឆ្នាំ នៅប្រទេសថៃ។ លោកមេបញ្ជាការបានបញ្ជាក់ថា មានរថយន្ត១គ្រឿងម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0130 បានបើកដឹកជនជាតិថៃទាំងប្រាំនាក់ ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥៨ ឆ្ពោះមកកាន់ក្រុងប៉ោយប៉ែតដោយខុសច្បាប់ត្រូវបានកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន។

បច្ចុប្បន្ន អ្នកបើកបររថយន្តនិងជនជាតិថៃទាំង៥នាក់នេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិលាខ្មែរ បានធ្វើការប្រល់ទៅនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់បន្ត។

លោកវរសេនីយ៍ឯក សែស វិបុស អធិការនគរបាលស្រុកអូរជ្រៅបញ្ជាក់ថា ជនជាតិថៃទាំង៥នាក់ និងត្រូវបញ្ជូនទៅនគរបាលអន្តោរប្រវេសន៍ ដើម្បីទំនាក់ទំនងប្រគល់ឲ្យភាគីថៃយកត្រលប់ទៅវិញ ចំណែកជនជាតិខ្មែរដែលដឹកជញ្ជូនជនជាតិថៃនោះ និងត្រូវធ្វើចត្តាឡីស័កតាមការកំណត់របស់ពេទ្យសិន ទើបអនុវត្តវិធានការច្បាប់បន្ត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner