អ្នកវិភាគចៅចាក់ស្មុក៖ វិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីនិងក្រុងស្រុកដើម្បីការពារអាយុជីវិតពលរដ្ឋ និងមិនចង់ឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែជំងឺកូវីដ-១៩ឡើយ

អត្ថបទដោយ៖
AMS

រហូតមកទល់នឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅមានរយៈពេល ១០ថ្ងៃហើយ ដោយកម្លាំងសមត្ថកិច្ចបានអនុវត្តយ៉ាង ហ្មឺងម៉ាត់នូវបទបញ្ជាបិទខ្ទប់នេះទាំងយប់ទាំងថ្ងៃ ទោះស្ថិតក្រោមកម្តៅថ្ងៃដ៏ក្តៅ និងក្រោមដំណក់ទឹកភ្លៀង មេឃត្រជាក់ត្រងារយ៉ាងណាក៏ដោយ ក្នុងគោលបំណងតែមួយគត់គឺទប់ស្កាត់​ឱ្យខាងតែបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ដែលកំពុងតែរួតរឹតរាជធានីភ្នំពេញ និងដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។

ក្រៅពីរាជធានីភ្នំពេញនិងក្រុងតាខ្មៅត្រូវបានបិទខ្ទប់ និងការហាមឃាត់ធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្ត មួយចំនួនដូចជាខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំជាដើម បានសម្រេចបិទភូមិឃុំមួយចំនួនផងដែរក្រោយពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩។ ប្រជាពលរដ្ឋភាគច្រើនបានអបអរសាទរនឹងវិធានការនេះ ប៉ុន្តែមួយចំនួនទៀតបានសម្តែងការមិន សប្បាយចិត្តនិងថែមទាំងផ្គើននឹងសេចក្តីសម្រេចថែមទៀតផង។  រាជរដ្ឋាភិបាលបានដាក់ចេញវិធានការ ដោយបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសាមក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ វិធានការនេះបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាផងដែរ។ ទោះបីយ៉ាងណា វិធានការបានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិសេសអាជីវកម្មពាក់ព័ន្ធការលក់ដូរ ឬផ្គត់ផ្គង់ស្បៀងអាហារ។

ផ្ទុយពីអ្វីដែលក្រុមពលរដ្ឋមួយចំនួនតូចដែលមិនបានគិតដិតសល់ និងបានលើកឡើងថាវិធានការបិទខ្ទប់ គឺជាការបិទសិទ្ធិសេរីភាព និងជ្រុលជាងនេះរហូតថាជាការសម្លាប់ប្រជាជនខ្លួន តាមពិត វិធានការទាំងអស់ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចដាក់ចុះ និងអនុវត្ត គឺដើម្បីធ្វើឱ្យកម្ពុជាមានភាពប្រសើរឡើង និងអាចគ្រប់គ្រងបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ និងឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពវិញ។ គោលបំណងសំខាន់ជាងនេះរបស់រាជរដ្ឋាភិបាល និងជាពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺមិនចង់ឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយជំងឺកូវីដ-១៩ ឡើយ។ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ បានការពារប្រទេសបានយ៉ាងល្អពីការឆ្លង ក្នុងសហគមន៍បានរយៈពេលជាងមួយឆ្នាំ និងទទួលបានការកោតសរសេរពីពលរដ្ឋនិងបណ្តាប្រទេសនិងអង្គការអន្តរជាតិនានា។​ ប៉ុន្តែព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈបានធ្វើឱ្យកម្ពុជាត្រូវប្រឈមមុខខ្ពស់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ រយៈ ពេល ៦២ ថ្ងៃនៃការផ្ទុះឡើងនៃព្រឹត្តិការណ៍ ២០ កុម្ភៈនេះ មានមនុស្សចំនួន ៨៨១០នាក់មានវិជ្ជមានកូវីដ ១៩ ក្នុងនោះ២៦៨០នាក់បានជាសះស្បើយ និង ៧១នាក់បានស្លាប់បាត់បង់ជីវិត។ ចំនួននៃការឆ្លងសហ គមន៍នេះ ២០កុម្ភៈនេះ មានចំនួនច្រើនជាង ១៧ដង នៃការឆ្លងពេញមួយឆ្នាំ ២០២០ ដែលមានត្រឹមតែជាង ៤០០ករណីប៉ុណ្ណោះ។ 

ដោយសារតែភាពធ្ងន់ធ្ងរនៃការឆ្លងនេះ ទើបរាជរដ្ឋាភិបាលកម្ពុជាសម្រេចយកវិធានការបិទខ្ទប់នេះ ដែលជាជម្រើសចុងក្រោយគេ និងជាជម្រើសតែមួយគត់ ដែលត្រូវសម្រេចនៅក្នុងកាលៈទេសៈនៃការឆ្លងរីករាលដាលដ៏ធ្ងន់ធ្ងរ។ ការសម្រេចចិត្តបិទរាជធានីនិងក្រុងស្រុកមួយចំនួននេះគឺផ្តល់នូវផលប្រយោជន៍៖
១)ដើម្បីទប់ស្កាត់ការរីកសាយភាយជំងឺកូវីដ១៩ ទៅកាន់តំបន់ផ្សេងទៀត
២)កើតនៅកន្លែងណានៅកន្លែងនោះ ព្រោះគេមិនអាចដឹងពីទំហំនៃជំងឺនេះឡើយហើយម្យ៉ាងដើ​ម្បីកាត់ផ្តាច់ចរាចរណ៍វីរ៉ុសទៅកាន់តំបន់ដទៃទៀតដែលធ្វើឱ្យអាត្រាឆ្លងកាន់តែខ្ពស់។
៣)ជាការផ្តល់ឱកាសឱ្យមន្ត្រីសុខាភិបាលធ្វើតេស្តរកវីរ៉ុសកូវីដ-១៩ ដើម្បីញែករវាងអ្នកមានវិជ្ជមានកូវីដ-១៩ និងអ្នកដែលអវិជ្ជមាន។
៤) រាជរដ្ឋាភិបាលកម្ពុជាក៏បានដឹងច្បាស់ណាស់អំពីផលប៉ះពាល់ដែលបណ្តាលមកពីការបិទខ្ទប់នេះ និងក៏បានថ្លែងថ្លែងយ៉ាងច្បាស់រវាងការការពារអាយុជីវិត និងការធានាលើកកម្ពស់ជីវភាពរបស់ពលរដ្ឋក្នុងសម័យកូវីដ-១៩។ រាជរដ្ឋាភិបាលក៏បានផ្គត់ផ្គង់ស្បៀងជូនប្រជាពលរដ្ឋខ្វះខាតដែលត្រូវបានបិទខ្ទប់ផងដែរនិង ​​
៥)វិធានការនេះសំដៅការពារអាយុជីវិតពលរដ្ឋ គោលបំណងរបស់រាជរដ្ឋាភិបាលមិនចង់ឱ្យនរណាម្នាក់ស្លាប់ដោយសារតែជំងឺកូវីដ-១៩ឡើយ។


សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃដាក់ឱ្យអនុវត្តវិធានការបិទខ្ទប់លើកទី១ ថា៖ «សូមអង្វរកបងប្អូនប្រជាពលរដ្ឋរបស់យើងខិតខំឡើងរួមគ្នា ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់។ យើងកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈហើយ ប្រសិនបើយើងមិនប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈពិតប្រាកដ។ ដូច្នេះវិធីតែមួយគត់ គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន»។ ដូច្នេះ ដើម្បីឈានទៅដល់ការបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈឱ្យបានឆាប់រហ័ស គឺចាំបាច់ប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវចូលរួមអនុវត្តវិធានការដែលបានដាក់ចុះដោយរាជរដ្ឋាភិបាល និងកម្លាំងសមត្ថកិច្ច និងបន្តខិតខំអត់ធ្មត់បន្ថែមទៀត។ ការអត់ធ្មត់រយៈពេលខ្លះគឺដើម្បីភាពប្រសើរឡើងរយៈពេលវែង។ ប្រសិនបើយើងមិនរួមសាមគ្គីគ្នាក្នុងការទប់ស្កាត់ការឆ្លងរីករាលនេះទេ ព្រឹត្តិការណ៍ ២០ កុម្ភៈនេះនឹងធ្វើឱ្យកម្ពុជាបន្តរាប់ចំនួនអ្នកឆ្លងជំងឺថ្មី និងអ្នកស្លាប់ដោយសារតែជំងឺនេះជារៀងរាល់ថ្ងៃ ហើយវិធានការបិទខ្ទប់រាជធានីនិងក្រុងក៏នឹងមិនអាចបញ្ចប់់បានលឿននោះដែរ។

ដូច្នេះមានតែយើងទាំងអស់គ្នាប៉ុណ្ណោះ ដែលត្រូវរួមសាមគ្គីស្មាប្រកៀកស្មាជាមួយរាជរដ្ឋាភិបាលនិងកម្លាំងសមត្ថកិច្ចប្រកបដោយការតាំងចិត្តខ្ពស់ និងអំណត់ព្យាយាម ដើម្បីអាចយកឈ្មះលើជំងឺកូវីដ-១០នេះបាន ហើយយើងទាំងអស់គ្នាពិតជាមិនចង់ឃើញជនរួមជាតិរបស់យើងបន្តឆ្លងជំងឺនិងស្លាប់ទៀតឡើយ!

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner