អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិតសម រង្ស៊ី ជាអ្នកនយោបាយយោបល់ក្តៀន

អត្ថបទដោយ៖
AMS

ពលរដ្ឋខ្មែរពិតជាគ្មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍បន្តិចណាឡើយចំពោះអ្វីដែលទណ្ឌិត សម រង្ស៊ី ខំប្រវេប្រវាចេញមកសរសេរនៅលើហ្វេសប៊ុកដោយលើកពីគុណបំណាច់របស់ខ្លួនដោយគ្មានភាពអៀនខ្មាសថាដោយសារតែសំណើរបស់ខ្លួនទើបរាជរដ្ឋាភិបាលបន្ធូរបន្ធយលក្ខខណ្ឌនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅចាប់ពីចុងខែមេសា ឆ្នាំ២០២១ ពោលគឺសំដៅលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលពន្យារការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅរយៈពេល ១ សបា្តហ៍ទៀត ដែលចេញនៅល្ងាចថ្ងៃទី២៦ ខែមេសានេះ។ គិតទៅចរិតក្រឡិចក្រឡុចរបស់ទណ្ឌិតរូបនេះនៅតែដដែល គ្មានកែប្រែឡើយ ហើយចិរតជាអ្នកក្លាហានគង់ហ៊ានក៏នៅតែដដែលដែរ។ ថ្ងៃមុនញុះញង់ឱ្យពលរដ្ឋឈប់គោរពវិធានការរដ្ឋាភិបាលក្នុងការបិទខ្ទប់ ថ្ងៃនេះ ថាវិធានការដែលរដ្ឋាភិបាលសម្រេចបន្ធូរបន្ធយលក្ខខណ្ឌបិទខ្ទប់មួយចំនួនដោយសារតែសំណើរបស់ខ្លួន។ ឱ! ទណ្ឌិតរត់ចោលគុកអើយ តើមានខ្មាសកូនក្មេងបៀមដៃទេដែលធ្វើចរិតនយោ
បាយបែបកូនក្មេងរបៀបនេះ?

តាមពិតទណ្ឌិតរូបនេះមិនទាំងយល់ថាអ្វីដែលជាវិធានការបិទខ្ទប់ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេច ដាក់ឱ្យអនុវត្តផងព្រោះខ្លួន ក៏កំពុងជាប់ក្នុងការបិទខ្ទប់នៅទីក្រុងប៉ារីសប្រទេសបារាំង ដែលជាប្រទេសកំណើតទី២ របស់ខ្លួន។ ចៅចាក់ស្មុកអាចជួយពន្យល់ទណ្ឌិតរត់ចោលស្រុករូបនេះឱ្យបានយល់បន្តិច ថាហេតុអ្វីបានជារដ្ឋាភិបាលសម្រេចបិទខ្ទប់? ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅមានគោលដៅ ៣ សំខាន់គឺ ទី១) ដើម្បីកាត់ផ្តាច់ទំនាក់ទំនងរវាងមនុស្សនិងមនុស្សកុំឱ្យមានការឆ្លងរីករាលដាលកាន់តែច្រើន ទី២) ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជាកង់ៗដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ហើយការគ្រប់គ្រងជាកង់ៗ នេះដើម្បីងាយស្រួលក្នុងការវាយតម្លៃកំណត់ជាតំបន់ដូចជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង និងទី៣)ដើម្បីទប់ស្កាត់ឱ្យខាងតែបានកុំឱ្យជំងឺកូវីដ-១៩ សាយភាយទៅកន្លែងផ្សេងទៀត។

បើនិយាយពីការបិទខ្ទប់នៅស្រុកបារាំងវិញ គឺរដ្ឋាភិបាលបារាំងបិទខ្ទប់ប្រទេស ដោយសារតែមន្ទីរពេទ្យនៅប្រទេសបារាំងអស់លទ្ធភាពក្នុងទទួលអ្នកជំងឺព្យាបាល បានជាសម្រេចបិទខ្ទប់ដើម្បីកាត់បន្ថយការឆ្លងរីករាលដាល។ នេះបើទណ្ឌិត សម រង្ស៊ី និងគូកនមិនច្បាស់ទេ ក៏គួរធ្វើការសិក្សាជាថ្មីពីវិធានការបិទខ្ទប់របស់ប្រទេសបារាំង ហើយកុំបន្តបោកប្រាស់ពលរដ្ឋនៅស្រុកខ្មែរទៀត។ ទណ្ឌិត សម រង្ស៊ី ជាជនជាតិបារាំង កំពុងរស់នៅស្រុកបារាំង និងកំពុងជាប់ក្នុងវិធានការបិទខ្ទប់របស់រដ្ឋាភិបាលបារាំង ស្គាល់ច្បាស់ពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅបារាំង គួរគិតគូរពីស្រុកបារាំងដែលជាប្រទេសកំណើតទី២ របស់ខ្លួន និងគួរផ្តល់យោបល់ឱ្យបានច្រើនដល់រដ្ឋាភិបាលបារាំង ជាជាងនិយាយពីស្ថានការណ៍នៅកម្ពុជា ដែលខ្លួនគ្មានវត្តមានដោយផ្ទាល់និងនិយាយដោយ ច្បោលៗតាមរបាយការណ៍សកម្មជនរបស់ខ្លួននោះ ជាហេតុធ្វើឱ្យតម្លៃរបស់ខ្លួនដែលកាន់តែអស់តម្លៃស្រាប់ កាន់តែបាត់បង់ថែមទៀត។

តាមពិត ប្រសិនបើទណ្ឌិត សម រង្ស៊ី ពូកែពិតមែននិងធ្លាប់តាំងខ្លួនថា ជាអ្នកវិទ្យាសាស្ត្រម្ចាស់ទ្រឹស្តីអ្នកមានឈាមពិសេសមិនឆ្លងជំងឺកូវីដ-១៩ គួរតែជួយរដ្ឋាភិបាលបារាំងដែលជារដ្ឋាភិបាលរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល កុំឱ្យមានការឆ្លងច្រើននិងស្លាប់ច្រើន។ នៅថ្ងៃទី២៦ ខែមេសានេះ ប្រទេសបារាំងជាស្រុកកំណើតទី២ របស់ទណ្ឌិតសម រង្ស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៤៤៦៥នាក់ និងមានអ្នកស្លាប់ចំនួន ១៤៥នាក់ ដែលធ្វើឱ្យប្រទេសបារាំងមានអ្នកឆ្លងសរុបចំនួនជាង ៥,៥លាននាក់ និង មានអ្នកស្លាប់ចំនួន ១០២ ៨៥៨នាក់។

ដូច្នេះបើទណ្ឌិត សម រង្ស៊ី មិនខ្មេះទេ កុំព្យាយាមដំឡើងសំឡេង និងកុំព្យាយាមធ្វើនយោបាយកំប៉ុងជើងធូបតទៅទៀតអីព្រោះគ្មានរាស្ត្រណាគេជឿការភូតភរកុហករបស់លោកទេ និងកុំធ្វើនយោបាយបែប « ក្របីស៊ីស្រូវ បងមិនសូវៗហ៊ានដេញ ក្របីដើរចេញបងដេញឱ្យស្រីមើល»នោះ គ្មានប្រយោជន៍ទេ។ អ្វីដែល ចៅចាក់ស្មុកចង់ផ្តល់យោបល់ឱ្យទណ្ឌិត សម រង្ស៊ី អ្នកនយោបាយចាញ់ចាស់វស្សាថា កុំព្យាយាមទាញចំណេញនយោបាយ ដែលមិនមែនជាកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ហើយកុំធ្វើនយោបាយបែបអង្ករកំប៉ុង ត្រូវមានចក្ខុវិស័យវែងឆ្ងាយ គិតឱ្យបានល្អិតល្អន់ កុំធ្វើនយោបាយដូរបាយ។ ប៉ុន្តែដោយសារតែចរិតនយោ បាយទណ្ឌិតនេះគ្មានអ្វីច្បាស់លាស់របៀបនេះហើយ បានជាធ្វើនយោបាយតាំងពីមានបក្សរហូតអស់បក្ស និងរត់ចោលស្រុក រត់ចោលគុកទៀត និងជាប់ឈ្មោះជាជនក្បត់ជាតិដូចខ្មោចឪខ្លួន។   

សូមជម្រាបទៅម្សៀរទណ្ឌិតរត់ចោលគុក​ឱ្យភ្លឺភ្នែកថារាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសពីបាតដៃទទេរហូតមក ដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ មិនមានធ្វើនយោបាយបែបហេងស៊យនោះទេ សុទ្ធតែមានផែនការ និងយុទ្ធសាស្រ្តនយោបាយត្រឹមត្រូវគ្រប់ជ្រុងជ្រោយ គិតគូរបានល្អិតល្អន់ណាស់ ទើបអាចគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់រាប់ទាំងផែនការទុច្ចរិតរបស់ក្រុមជនក្បត់ជាតិដែលប៉ុនប៉ងបំផ្លាញកម្ពុជាជាដើម ហើយចំពោះមុខនៃការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ នេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានគិតគូរច្បាស់លាស់ ទាំងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលក្នុងការជួយសង្គ្រោះ និងការពារសុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ដូច្នេះអ្វីដែលទណ្ឌិតខិតខំនិយាយឱ្យ ឮសំឡេងនេះគឺគ្រាន់តែដើម្បីកុំឱ្យគេភ្លេចមុខប៉ុណ្ណោះ ហើយនិយាយឱ្យត្រង់គឺទណ្ឌិត សម រង្ស៊ីនេះគឺគ្រាន់តែជាអ្នកនយោបាយយោបល់ក្តៀនម្នាក់ប៉ុណ្ណោះ!!

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១    

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner