គណៈសង្ឃនាយក ណែនាំឲ្យគ្រប់វត្តបង្កើនការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក្រោយការរកឃើញព្រះសង្ឃឆ្លងជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីប្រគេនដំណឹងរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨មេសាឆ្នាំ២០២១ បានឲ្យដឹងថា ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឆ្នាំ២០២១ កាន់តែមានការកើនឡើង ក្នុងនោះក៏មានប៉ះពាល់ដល់ព្រះសង្ឃផងដែរ ជាក់ស្ដែងភិក្ខុ ប៊ូ ផាត គង់នៅវត្តស្ទឹងហាវ ខេត្តព្រះសីហនុ ពេលនេះគ្រូពេទ្យពិនិត្យឃើញមានវិជ្ជមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងការរឹតបន្តឹងការអនុវត្តវិធានការសុខាភិបាល របស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន ៣ការពារ និង៣កុំ ក្នុងវិធានការការពារវីរុសកូវីដ-១៩ គណៈសង្ឃនាយក បានណែនាំដល់ព្រះមេគណរាជធានី ខេត្ត ត្រូវធ្វើការណែនាំបន្ថែមដល់ព្រះអនុគណ ព្រះចៅអធិការគ្រប់វត្ត ឲ្យអនុវត្តគោលការណ៍គម្លាតសង្គមឲ្យបានខ្ជាប់ខ្ជួនស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំនានារបស់ក្រសួងធម្មការ និងសាសនា ព្រមទាំងគណៈសង្ឃនាយកនាពេលកន្លងមក។

គណៈសង្ឃនាយក បានណែនាំឲ្យបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមថែរក្សាសុខភាពទាំងអស់គ្នាតាមរយៈការពាក់ម៉ាសការពាររៀបចំឲ្យមានជាកន្លែងពិនិត្យសុខភាពមុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ ជែល ឬទឹកអាល់កុលសម្រាប់លាងដៃជាប្រចាំ និងដាច់ខាតត្រូវពាក់ម៉ាស ឬប្រើក្រដាសខ្ទប់មាត់នៅពេលក្អ ឬកណ្ដាស់ និងត្រូវរក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ទៀតដូចជា គង់ អង្គុយ ឈរ ឈររង់ចាំ ឬឈរជជែកគ្នាឲ្យនៅគម្លាតគ្នាយ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅ។

ដោយឡែកប់មានការនិមន្តចូលរួមបុណ្យសព ត្រូវមានការបញ្ជាក់ពីក្រុមគ្រួសារសព ឬសំបុត្រពេទ្យ។ ជៀសវាងបុណ្យសពអ្នកជំងឺកូវីដ-១៩ លើកលែងតែមន្ត្រីជំនាញសុខាភិបាល បានអនុវត្តភារកិច្ចរបស់ខ្លួនចប់សព្វគ្រប់ ហើយអនុញ្ញាតឲ្យគ្រួសារសពធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ សេចក្ដីជូនដំណឹងបានបន្តថា ក្នុងករណីមានរោគសញ្ញាដូចជា ឡើងកំដៅ ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ ត្រូវនិមន្តទៅមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុត ដើម្បីទទួលការពិនិត្យរកវីរុសកូវីដ-១៩ និងធ្វើការព្យាបាលជាបន្ទាន់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner