សេចក្តីព្រាងច្បាប់កិច្ចគាំពារជនមានពិការភាព គឺផ្អែកលើអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងកំពុងពិភាក្សានៅឡើយ

ភ្នំពេញៈ «ចំពោះជនពិការភាពដែលធ្លាប់ប្រព្រឹត្តបទល្មើស និងធ្លាប់ទទួលរងការចោទប្រកាន់ និងទោសទណ្ឌតាមផ្លូវច្បាប់ គឺមិនមែនការរំលោភសិទ្ធិសេរីភាពនៃជនដែលមាន ពិការភាពនោះទេ។»

នេះជាការលើកឡើងរបស់ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីអំពីជនមានពិការភាព ដែលក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ កត់សម្គាល់​ពី​ចំណុច​សំខាន់បី ដែល​ជាក្តីកង្វល់​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាង​ច្បាប់​នេះ។ ចំណុចទី១ ពួកគេ​ថា សេចក្តីព្រាង​ច្បាប់​នេះ ​ពុំបាន​ដាក់​បញ្ចូល​នូវ​សិទ្ធិ​សំខាន់ៗ​មួយ​ចំនួន​ដូចដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អនុសញ្ញា​អន្តរជាតិ។ ចំណុច​ទី២ ពួកគេ​លើកឡើងថា​ សេចក្តីព្រាង​ច្បាប់​នេះ ពុំ​បាន​ពន្យល់​ច្បាស់លាស់​អំពី​ការទទួលខុសត្រូវ​របស់​រដ្ឋ​ក្នុងការ​ធានា​ឲ្យបាន​នូវការ​អនុវត្ត​សិទ្ធិ​របស់​ជន​មាន​ពិការភាព។ ចុងក្រោយ ពួកគេ​កត់សម្គាល់​ថា សេចក្តីព្រាង​ច្បាប់​នេះ មាន​បញ្ញត្តិ​ដាក់​ទោសទណ្ឌ​មួយ​ចំនួន​មិនស្រប​តាម​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ (រួបឯកសារ)

ត្រង់ចំណុចដែលបានលើកឡើងខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថាការធានាការគោរពសិទ្ធិដែល មានពិការភាព គឺការផ្តល់ឱកាស លក្ខខណ្ឌពិសេស ក៏ដូចជា គាំទ្រការគាំទ្រផ្នែកសម្ភារ ហិរញ្ញវត្ថុនិងជំនួយសង្គម គ្រប់បែបយ៉ាងដល់ជនដែលមានពិការភាព រួមទាំងលក្ខខណ្ឌលើកលែងពិសេសមួយចំនួនសម្រាប់ជនដែលមាន ពិការភាព ដោយសារតែជនដែលមានពិការភាព ត្រូវចាត់ទុកថាជាជនងាយរងគ្រោះ។ ការធានាការលើកស្ទួយ សិទ្ធិសេរីភាពគឺតាមរយៈការផ្តល់នូវលក្ខខណ្ឌពិសេសដូចជាក្របខណ្ឌច្បាប់, ក្របខណ្ឌគោលនយោបាយជំនួយឧបត្ថម្ភ ការគាំទ្រគ្រប់បែបយ៉ាងផ្សេងៗទៀត។ ក៏ប៉ុន្តែមិនមានបានន័យថា ជនដែលមានពិការភាពប្រព្រឹត្តបទល្មើស ហើយមិនទទួលខុសត្រូវ តាមផ្លូវច្បាប់នោះទេ បើសិនជាគាត់ប្រព្រឹត្តបទល្មើសមានមូលដ្ឋានច្បាស់លាស់ គាត់ត្រូវទទួលខុសត្រូវដូចគេដូចឯងអ៊ីចឹងដែរ។

ឯកឧត្តម ជិន ម៉ាលីន បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ការរៀបចំច្បាប់ជនមានពិការភាពនេះ ក្រសួងសង្គមកិច្ច និងអតីតយុទ្ធ យុវនីសម្បទា និងក្រុមប្រឹក្សាជាតិ ដើម្បីជនពិការ បានកំពុងរៀបចំនូវសេចក្តីព្រាងច្បាប់ហើយ យន្តការដែលរៀបចំ គឺមានការពិគ្រោះយោបល់ និងមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់រួមមានទាំងតំណាង រាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងអ្នកជំនាញផ្សេងៗទៀត។ បើអ្នកជំនាញការសិទ្ធិមនុស្សគាត់មានយោបល់អនុសាសន៍អ្វី គាត់អាចលើកឡើង ហើយក្រុមការងារ ក្រសួងសង្គមកិច្ច ក៏ដូចជាក្រុមប្រឹក្សាអាចយកទៅពិចារណាចំណុចណាដែលមានសារសំខាន់ ហើយស្របទៅនឹងបរិបទ ក៏ដូចជាទិដ្ឋភាពច្បាប់របស់កម្ពុជាដែលគិតថាមានសារប្រយោជន៍ អាចយកមកពិចារណាបញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់ហ្នឹងបាន ពីព្រោះវាស្ថិតនៅក្នុងដំណើរការកិច្ចពិភាក្សា និងពិគ្រោះយោបល់គ្នា ដូចជាមិនទាន់បានអនុម័តនៅឡើយទេ។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (រួបឯកសារ)

ទាក់ទងនឹងបញ្ហានេះដែរ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ច្បាប់ជនពិការ ដែលយើងឱ្យឈ្មោះថ្មី ថា”ច្បាប់កិច្ចគាំពារជនមានពិការភាព” កំពុងតែត្រូវបានដាក់ឲ្យមានការពិភាក្សានៅក្នុងក្រុមបចេ្ចកទេស។ យើងបានបើកឱ្យមានការពិភាក្សាគ្នារវាងជនដែល មានពិការភាពជាមួយនឹង ដៃគូអភិវឌ្ឍន៍សង្គមស៊ីវិល ហើយនឹងក្រសួងស្ថាប័ននានាក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជានឹងអង្គការដែលដឹកនាំដោយជនពិការផងដែរ។ មកដល់ពេលនេះ យើងចាត់ទុកថា យើងបានមកដល់សេចក្តីព្រាងទី១។ យើងបានផុតសេចក្តីព្រាងដំបូងហើយ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តដោយបង្ហាញហេតុផលខ្លះៗថា “អ្វីដែលជាការព្រួយបារម្ភរបស់អ្នកនាំពាក្យអង្គការសហប្រជាជាតិនោះ ខ្ញុំចាត់ទុកថា ការព្រួយបារម្ភរបស់គាត់ហ្នុង ហាក់ដូចជាការព្រួយបារម្ភជ្រុលពេក ពីព្រោះ សេចក្តីព្រាងនេះ កំពុងតែស្ថិតនៅក្នុងការពិភាក្សាគ្នានៅឡើយ។ ចំណុចទី២ ព្រះរាជាណាចក្រកម្ពុជារបស់យើង បានផ្តល់សច្ចាប័នលើ អនុសញ្ញាស្តីពីសិទ្ទិជនមានពិការភាពនេះ តាំងពីឆ្នាំ២០១២មកម្ល៉េះ។ អ៊ីចឹងអ្វីដែលមានតាក់ តែងនៅក្នុងអនុញ្ញាស្តីពីសិទ្ទិជនមានពិការភាព គឺត្រូវបានយកមកអនុវត្តរួចហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ចំពោះច្បាប់ថ្មីនេះ យើងមិនចាប់សរសេរមាត្រាឡើងវិញដដែលទេ ពីព្រោះអនុសញ្ញាអន្តរជាតិ ត្រូវបានយកមកអនុវត្ត និងត្រូវបានទទួល ស្គាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជាហើយ។ ច្បាប់ថ្មីនេះយើងនាំគ្នាសរសេរថាតើអ្វីដែលមានចែងនៅក្នុងអនុសញ្ញាហ្នឹងខ្វះខាតវិញ ហើយយើងបន្ថែម ទៅលើអ្វីដែលច្បាប់ចាស់ ឬមួយក៏អនុសញ្ញាស្តីពីជនពិការ ឬមួយផែនការផ្សេងៗពាក់ព័ន្ធទៅនឹងពិការភាពនៅមិនទាន់គ្រប់ជ្រុងជ្រោយ គឺយើងបន្ថែមឱ្យគ្រប់ និងឱ្យច្រើនជាងមុន៕
ដោយៈ ជ័យពល

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner