មន្រ្តីជំនាញ បើកកិច្ចប្រជុំអំពីដំណោះស្រាយ ពាក់ព័ន្ធនឹងសេវា ទូរគមនាគមន៍ នៅតាមបុរី និងអគារសហកម្មសិទ្ធិ
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បាន ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរក ដំណោះស្រាយពាក់ព័ន្ធនឹងសេវាទូរគមនាគមន៍នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា។
កិច្ចប្រជុំនេះដែរបានដំណើរការឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដោយមានការ អញ្ជើញចូលរួមពីអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា តំណាងនិងជា សមាជិកសមាគមនអ្នកអភិវឌ្ឍន៍លំនៅឋាន ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រមាណ ៧០នាក់។
អង្គប្រជុំបានពិភាក្សាស្វែងយល់លម្អិតពីបញ្ហាប្រឈមរបស់អតិថិជន និងម្ចាស់បុរីនានា ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបាន ឯកភាពគ្នាបង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងនីមួយៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីន ធឺណិត ក្នុងការផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋជាអ្នកទិញ អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា។
សូមបញ្ជាក់ថា សេវាទូរគមនាគមន៍ បានក្លាយជាសេវាសាធារណៈយុទ្ធសាស្ត្រចាំបាច់ ដូចគ្នានឹងទឹកស្អាត ឬអគ្គិសនី ផងដែរ៕ ដោយ៖ ម៉ាដេប៉ូ