រដ្ឋបាលខេត្តសៀមរាប បើក ដំណើរការឡើងវិញក្នុង ភូមិសាស្ត្រសង្កាត់ស្វាយដង្គំ សាលាកំរើក និងសង្កាត់ សៀមរាប រួមទាំងផ្សារក្រោម និងផ្សារវត្តអធ្វ ចាប់ពីថ្ងៃ៣០ នេះតទៅ
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ជា បណ្ដោះអាសន្នក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន នាថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តាមរយៈសេចក្តីសម្រេចលេខ០៤០/២១សសរ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ រួមទាំងការបិទផ្សារក្រោម និងផ្សារវត្តអធ្វ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រសង្កាត់ដែលត្រូវបិទខ្ទប់។
ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បានធ្វើឲ្យ ករណ៏នេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើកនិងសង្កាត់សៀមរាប រួមទាំងផ្សារក្រោម និងផ្សារវត្តអធ្យា ស្ថិតក្នុងភូមិសាស្ត្រក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ តទៅ។
ជាមួយគ្នានេះ អាជ្ញាធរសង្កាត់ពាក់ព័ន្ធ គណៈកម្មការគ្រប់គ្រងផ្សារក្រោម និងផ្សារវត្តអធ្វា ត្រូវ អនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល ដោយត្រូវត្រួតពិនិត្យសុខភាពបឋមដល់អាជីវករ និង អ្នកចេញ-ចូលក្នុងផ្សារ លាងសម្អាតដៃនឹងអាកុល ឬដែល ពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ព្រមទាំង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅ កន្លែងបិទជិតគ្មានខ្យល់ចេញ-ចូលកុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាល ក្រុងសៀមរាប មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលសង្កាត់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តា ជ្រាបនិងចូលរួមសហការអនុវត្តសេចក្ដីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕