រដ្ឋបាលខេត្តកណ្ដាល ប្រកាសបិទខ្ទប់ភូមិចំនួន ៨ ក្នុងមូលដ្ឋានស្រុកអង្គស្នួល ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩
រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ភូមិចំនួន ៨ ក្នុងមូលដ្ឋានស្រុកអង្គស្នួល នៃខេត្តកណ្តាល និងត្រូវកំណត់ «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»បន្ថែមទៀត។
រដ្ឋបាលខេត្តកណ្ដាល បានកំណត់ថាវិធានការដែលត្រូវបានអនុវត្តចំពោះភូមិសាស្ដ្របិទខ្ទប់នេះ ត្រូវចាប់ផ្ដើមអនុវត្ត រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ យោងតាមសេចក្តីសម្រេច រដ្ឋបាលខេត្តកណ្តាលបានអនុវត្តវិធានការបិទខ្ទប់ភូមិចំនួន៨ក្នុងមូលដ្ឋានស្រុកអង្គស្នួលដូចខាងក្រោម៖
- «តំបន់ក្រហម»៖ ភូមិស្វាយជ្រុំ, ភូមិពងទឹក, ភូមិអណ្ដូង, ភូមិត្នោតម្ដើម នៃឃុំបែកចាន ស្រុកអង្គស្នូល
- «តំបន់លឿងទុំ»៖ ភូមិចក, ភូមិព្រៃបឹង, ភូមិកម្ពោតស្បូវ នៃឃុំបែកចាន ស្រុកអង្គស្នូល
- «តំបន់លឿង»៖ ភូមិព្រៃពេល នៃឃុំពើក ស្រុកអង្គស្នួល។
សូមបញ្ជាក់ជាមួយនឹងវិធានការបិទខ្ទប់ភូមិសាស្រ្តមួយចំនួននៅស្រុកអង្គស្នួល អាជ្ញាធរខេត្តកណ្តាលបានសម្រេចបិទផ្សារបែកចាន ជាបណ្ដោះអាសន្នផងដែរ ក្រោយរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចេញពីកម្មកររោងចក្រនៅទីនោះ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕