អភិបាលរាជធានី និងប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង ចុះពិនិត្យស្ថានភាព តាមទីតាំងចាក់វ៉ាក់សាំងជាច្រើនកន្លែង ក្នុងខណ្ឌ៤ នៃតំបន់ក្រហម
ភ្នំពេញ៖ ដើម្បីពង្រឹងនៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី១ ខែឧសភានេះបានចុះពិនិត្យស្ថានភាព នៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ ។
លោកឃួង ស្រេងនិងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យចំនួន៤ខណ្ឌនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ មាននៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។ ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនៅក្នុងតំបន់នានានៃ៤ខណ្ឌនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរក៏ដូចជាក្រុមការងារដែលអនុវត្តន៍ លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវិ-១៩ ដោយសារតែយុទ្ធនាការនេះ បងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលយក ការចាក់វ៉ាក់សាំងជាប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ដែលប្រឈមមុខនិងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ៖យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមទាំងនេះ គឺជាការគិតគូរខ្ពស់មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈមនៃការឆ្លងជំងឺខ្លាំងនេះ ទទួលបានវ៉ាក់សាំងការពារសុខភាពពីការវាយប្រហារដោយមេរោគកូវីដ-១៩ ។ តំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ស្ថិតក្នុងខណ្ឌចំនួន៤ខាងលើ ស្មើនឹង៣៣ សង្កាត់។
លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ៖ក្នុងតំបន់ក្រហមនេះ មានប្រជាពលរដ្ឋ និងកម្មករ និយោជិក ដែលត្រូវទទួលវ៉ាក់សាំង សរុបប្រមាណ ៨០៥,០៣៣ នាក់ តែមានប្រជាពលរដ្ឋប្រមាណ ២៩ ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងរួច ស្មើនឹង ២៣៣,៤៦០នាក់ និងកម្មករ និយោជិតប្រហាក់ប្រហែល ១០០,០០០នាកបានចាក់វ៉ាក់សាំងដូសទី១រួច និងកំពុងបន្តចាក់ដូសទី២ទៀត។ ដូច្នេះប្រជាពលរដ្ឋ និងកម្មករ និយោជិត អាយុចាប់ពី១៨ឆ្នាំឡើងក្នុងតំបន់ក្រហម ដែលនឹងត្រូវចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ មានចំនួនប្រមាណ ៤៧១,៥៧៣នាក់៕