ក្រសួងប្រៃសណីយ៍បង្ហាញតែមប្រិ៍ ព្រះរាជពិធីច្រត់ព្រះនង្គ័ល តម្លៃ ១-៣ រៀល ដែល បោះពុម្ព នៅឆ្នាំ១៩៦០
រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍ ទូរគមនាគមនម៍នៅថ្ងៃទី១ ខែ ឧសភាឆ្នាំ ២០២១នេះបានបង្ហាញប្រភេទតែមប្រិ៍ ព្រះរាជពិធីច្រត់ព្រះនង្គ័ល តម្លៃ ១-៣ រៀល ដែលបាន បោះពុម្ព នៅឆ្នាំ១៩៦០។ ក្រសួងប្រៃសណីយ៍បានឱ្យដឹងថាប្រភេទតែមប្រិ៍ នេះប្រើសម្រាប់បិទលើសំបុត្រ តាមតម្លៃនៃសំបុត្ររួចយកទៅដាក់ក្នុងប្រអប់សំបុត្រ (តាំងនៅតាមទីប្រជុំជន ពណ៍ទឹកក្រូច សម្រាប់ទទួលសំបុត្រផ្ញើចេញ) ដែលភ្នាក់ងារប្រៃសណីយ៍មានភារៈកិច្ច ទៅចាក់សោរប្រមូលសំបុត្រពីប្រអប់នោះរាល់ថ្ងៃដើម្បីបញ្ជូនចេញតាមទិសដៅក្នុងឬក្រៅប្រទេស។
*ប្រវត្តិសង្ខេប របស់តែមប្រិ៍ប្រៃសណីយ៍កម្ពុជា សមាជិកប្រទេសឥណ្ឌូចិន ក្រោមអាណាព្យាបាលបារាំងសេស (INDOCHINE SOUS PROTECTORAT FRANCAIS) ។ តែមប្រិ៍ប្រៃសណីយ៍ត្រូវបានដាក់ឱ្យប្រើប្រាស់លើកដំបូងឈ្មោះថា INDOCHINE និង RF សម្រាប់ប្រើប្រាស់នៅប្រទេសទាំងបី គឺប្រទេសកម្ពុជា វៀតណាម និងឡាវ។ តែមប្រិ៍ភាគច្រើន មានរូបភាពថ្នាក់ដឹកនាំ របស់អាជ្ញាធរបារាំងសេស នៅលើទឹកដីឥណ្ឌូចិន។ ចំណែករូបភាពសម្រាប់ប្រទេសកម្ពុជា គឺមានជាអាទិ៍តែមប្រិ៍ព្រះឆាយាល័ក្ខណ៍ ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ រូបបាយ័ន្ត រូបអប្សរា។
នៅឆ្នាំ ១៩៥១ ប្រទេសកម្ពុជាបានបំបែកចេញពីប្រទេសឥណ្ឌូចិន ហើយមានឈ្មោះថា ព្រះរាជាណាចក្រកម្ពុជា ROYAUME DU CAMBODGE ។ ពេលនោះ តែមប្រីប្រៃសណីយ៍ត្រូវបានបោះពុម្ពដាក់ឈ្មោះប្រទេសថា ព្រះរាជាណាចក្រកម្ពុជា ROYAUME DU CAMBODGE និងនៅលើជ្រុងតែមប្រិ៍មានបោះពុម្ពជាអក្សរ UF (UNION FRANCAISE) ឬ សហព័ន្ធបារាំង ។ នៅលើជ្រុងម្ខាងទៀត គឺតម្លៃលើតែមប្រិ៍ជាប្រាក់រៀល (៛) បារាំងហៅថា (PIASTRE) “ S ” (1$=100Cents)។
បន្ទាប់ពីទទួលបានឯករាជពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តែមប្រិ៍ដាក់ឱ្យប្រើប្រាស់ គឺតែមប្រិ៍ចាស់ដែលបោះពុម្ពនៅឆ្នាំ១៩៥១ ដោយធ្វើការកែប្រែ(Surcharge) ហើយតែមប្រិ៍បោះពុម្ពថ្មីលើកលែងតែ Poste Aerienne 1953 មួយឈុតចេញ។ នៅឆ្នាំ ១៩៥៥ តែមប្រិ៍ដាក់ឱ្យប្រើប្រាស់ដំបូង គឺតែមប្រិ៍រូបវត្តភ្នំ អង្គរវត្តច្រកទ្វារខាងកើត ព្រះរាជសង្ហារ។
តែមប្រិ៍ត្រូវបានបោះពុម្ពដាក់ឈ្មោះប្រទេសថា ព្រះរាជអាណាចក្រកម្ពុជា ឬ ព្រះរាជណាចក្រកម្ពុជា “ ROYAUME DU CAMBODGE ”។ ក្រោយៗមក តែមប្រិ៍បានបោះពុម្ពដាក់ឈ្មោះប្រទេសថា កម្ពុជា “CAMBODGE” ។ តម្លៃលើតែមប្រិ៍មានឈ្មោះជាប្រាក់រៀល ឡាតាំង “Riel” ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ព្រះរាជាណាចក្រកម្ពុជា ប្រែឈ្មោះថា សាធារណរដ្ឋខ្មែរ ពីឆ្នាំ ១៩៧១ ដល់ ១៩៧៥តែមប្រិ៍ប្រៃសណីយ៍ដាក់ឱ្យប្រើប្រាស់ មានឈ្មោះប្រទេសកម្ពុជា ឬ សាធារណរដ្ឋខ្មែរ “KAMPUCHEA DEMOCRATIQUE KHMER “ ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សាធារណរដ្ឋខ្មែរ ប្រែឈ្មោះថា កម្ពុជាប្រជាធិបតេយ្យ “KAMPUCHEA DEMOCRATIQUE ” ។ ពេលនោះស្ទើរគ្រប់វិស័យពុំមានដំណើរការអ្វីឡើយ ហើយការប្រើប្រាស់ប្រៃសណីយ៍ ក៏បានវិលទៅកាន់ជំនាន់ដើមវិញ គឺប្រើនាសារជិះកង់ ឬ ជិះសេះ ផ្តល់ដំណឹងគ្នាទៅវិញទៅមក ដោយពុំមានតែមប្រិ៍ប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់ឡើយ ។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាប្រជាធិបតេយ្យប្រែឈ្មោះថា សាធារណរដ្ឋប្រជាមានិតកម្ពុជា “ REPUBLIQUE POPULAIRE DU KAMPUCHEA” ។ ពីឆ្នាំ ១៩៨០ រហូតឆ្នាំ ១៩៨៩ តែមប្រិ៍ដាក់ឱ្យប្រើប្រាស់មានឈ្មោះប្រទេសថា សាធារណរដ្ឋប្រជាមានិតកម្ពុជា “REPUBLIQUE POPULAIRE DU KAMPUCHEA”។ ពីឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ១៩៩៣ សាធារណរដ្ឋប្រជាមានិតកម្ពុជា ប្រែឈ្មោះថា រដ្ឋកម្ពុជា “ ETAT DU CAMBODGE” ។ តែមប្រិ៍ដាក់ប្រើប្រាស់មានឈ្មោះប្រទេសថា រដ្ឋកម្ពុជា ‘ETAT DU CAMBODGE” ។
ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន រដ្ឋកម្ពុជាបានប្រែឈ្មោះមកជា ព្រះរាជាណាចក្រកម្ពុជា “ROYAUME DU CAMBODGE” វិញ ។ ឆ្នាំ១៩៩៣ តែមប្រិ៍ដាក់ឲ្យប្រើប្រាស់មានឈ្មោះថា កម្ពុជា “ETAT DU CAMBODGE” ។ មានតែតែមប្រិ៍មួយ ឈុតប៉ុណ្ណោះដែលមានឈ្មោះប្រទេសដាក់ថា ព្រះរាជាណាចក្រកម្ពុជា “KINGDOM OF CAMBODIA” គឺឈុតខួបទី ៤០បុណ្យឯករាជ្យ “40” ANNIVERSARY OF INDEPENDENCE” ។ ពីឆ្នាំ ១៩៩៤ រហូតបច្ចុប្បន្ន តែមប្រីប្រៃសណីយ៍ដាក់ឲ្យប្រើប្រាស់មានឈ្មោះប្រទេសដាក់ថា ព្រះរាជាណាចក្រកម្ពុជា “ROYAUME DU CAMBODGE” ឬ “KINGDOM OF CAMBODIA ៕ដោយ៖ម៉ាដេប៉ូ