១ឧសភាៈរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់លើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត
ភ្នំពេញៈក្នុងសារនាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភាឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត នៅតាមគ្រប់ រោងចក្រ សហគ្រាស ដោយតម្រូវឱ្យមានគិលានដ្ឋាន កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋានដែលបានជួយ ធ្វើឱ្យកាន់តែប្រសើរ ឡើងនូវសុខុមាលភាពរបស់កម្មករនិយោជិត។ កម្មវិធីបង្ការគ្រោះថ្នាក់ការងារ និងបង្កើនសុវត្ថិភាព ក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត ក៏ត្រូវបានជំរុញការអនុវត្តយ៉ាងសកម្មផងដែរ។
ទាក់ទងនឹងបញ្ហាសន្តិសុខសង្គមសម្តេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍរបបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាព កាន់តែទូលំទូលាយ ដោយគ្របដណ្តប់ ៤ផ្នែករួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យ ការងារ និងផ្នែក និកម្មភាពការងារ សំដៅធានាសង្គតិភាព និងសមធម៌ រវាងមន្ត្រីសាធារណៈ និងកម្មករនិយោជិត តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការរៀបចំដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងរបបសោធនសម្រាប់កម្មករនិយោជិត នៅក្នុងឆ្នាំ២០២០។
សម្តេចតេជោ បានបង្ហាញនូវតួលេខជាក់ស្តែងថា ដើម្បីផ្ដល់នូវកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិត បេឡាជាតិសន្តិសុខសង្គម បានផ្ដល់នូវរបបហានិភ័យ ការងារ និងរបបថែទាំសុខភាព ចាប់ពីឆ្នាំ២០០៨ មកម៉្លេះ ដែលមានរោងចក្រ សហគ្រាសជាង១ម៉ឺន៤ពាន់ ជាសមាជិក ដែលមានកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈ សរុបប្រមាណជាង ២លាន១សែននាក់ កំពុងទទួលបានអត្ថប្រយោជន៍ពីរបបទាំងនេះ។ បន្ថែមពីនេះ ចាប់ពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបាន អនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេល សម្រាលកូនដោយក្នុងឆ្នាំ២០២០នេះប.ស.សបានផ្ដល់ប្រាក់ ឧបត្ថម្ភដល់ស្រ្តីសម្រាលកូនបានចំនួន ៨១ ៩៩០នាក់ (កើនឡើងប្រមាណ ៧,៣%) ស្មើនឹងចំនួនកូន ៨២៥២៧នាក់ (កើនឡើងប្រមាណ ៧,៣%) ដែលគិតជាទឹកប្រាក់សរុបចំនួន ៣៣ ប៊ីលានរៀល ហើយបើគិតចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ស្រ្តីសម្រាលកូន មានចំនួន ២១៦ ២០២នាក់ ដោយចំណាយថវិកាសរុបចំនួន ៨៧, ១ប៊ីលានរៀល។
សម្តេចតេជោ បានបន្តថាជាមួយសមិទ្ធផលជោគជ័យដ៏ធំធេងខាងលើ ជាអកុសលវិបត្តិនៃការ ផ្ទុះឡើងនៃជំងឺកូវីដ-១៩បានជះ ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក និងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលហើយប្រទេសកម្ពុជា ក៏មិនអាចចៀសផុត ពីផលប៉ះពាល់យ៉ាងធំធេងក្នុងសង្គម-សេដ្ឋកិច្ចនេះផងដែរ។ ដើម្បីធ្វើការឆ្លើយតបទៅនឹងវិបត្តិ នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន ៧ជុំ រួចមកហើយ៕
ដោយៈ ជម្ពូនុទ