សត្វចាបព្រៃវែង ជាសត្វជិតផុតពូជក្នុងលោក គេប្រទះឃើញមានចំនួនកាន់តែច្រើននៅតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖ប្រភេទសត្វព្រៃដ៏កម្រនិងជិតផុតពូជបំផុតក្នុងលោកគឺចាបព្រៃវែង ត្រូវបានគេប្រទះឃើញមានវត្តមានកាន់តែច្រើនឡើងក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៃភូមិសាស្រ្តខេត្តតាកែវ។

បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា សត្វចាបព្រៃកាលពីមុនមកនេះគេបានប្រទះឃើញនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានប្រមាណតែ១០ក្បាលប៉ុណ្ណោះ រហូតមកដល់បច្ចុប្បន្នចំនួនចាបព្រៃវែងមានការកើនឡើងរហូតដល់រាប់រយក្បាល។

គួរបញ្ជាក់ថាសត្វចាបព្រៃវែង ជាសត្វរស់នៅជាហ្វូង កម្ពស់១៥សង់ទីម៉ែត្រ។សត្វប្រភេទនេះបើជាឈ្មោលក្នុងរដូវបន្តពូជមានមុខនិងបំពង់កពណ៌ខ្មៅ ផ្នែកពោះពណ៍លឿង វ័ណ្ឌទ្រូងត្នោតនិងមានឆ្នូតស្លាបសនៅដើមស្លាប។ចំណែកសត្វឈ្មោលរដូវមិនបន្តពូជវិញ មានបំពង់កនិងផ្នែកពោះពណ៍លឿងទុំ និងមានវ័ណ្ឌទ្រូងពណ៍ត្នោតមានឆ្នូតស្លាបស។ដោយឡែក ញីមានលក្ខណៈស្រដៀងឈ្មោលគឺនៅរដូវមិនបន្តពូជ ប៉ុន្តែគ្មានវ័ណ្ឌទ្រូងត្នោតទេ ផ្នែកពោះពណ៍លឿងខ្ចី និងផ្នែកខ្នងព៌ណត្នោតខ្ចី។

សម្រាប់ទីជម្រករបស់សត្វប្រភេទនេះគឺច្រើនរស់នៅ វាលស្មៅ គម្ពោតព្រៃ(ដើមត្រែង) តំបន់វាលលំហរ តំបន់កសិកម្ម និងជាទូទៅវាច្រើនរស់នៅក្បែរមាត់ទឹក។សត្វចាបព្រៃវែងជាប្រភេទសត្វហើរឆ្លងកាត់ និងបន្លាស់ទីកន្លែងស្នាក់នៅនារដូវមិនបន្តពូជ។

សូមបញ្ជាក់ថាចាបព្រៃវែងមិនមែនជាចាបធម្មតានោះទេគឺគេចាត់ទុកជាសត្វស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ(IUCN)ជិតផុតពូជបំផុតនៅលើពិភពលោក បានហោះហើរយ៉ាងវែងឆ្ងាយពីតំបន់ស៊ីប៊ីរីក្នុងប្រទេសរុស្សីមកកាន់ប្រទេសមួយចំនួននៅអាស៊ីដូចជាប្រទេសកម្ពុជា ថៃ មីយ៉ាន់មា ជាដើម ហើយរដូវបន្តពូជពួកវាមួយចំនួនបានហើរត្រឡប់ទៅសេប៊ីរីវិញជារៀងរាល់ឆ្នាំ។បើគិតមកដល់ពេលបច្ចុប្បន្នគេរកឃើញថាសត្វប្រភេទនេះបានថយ ចំនួនចុះប្រមាណជា៩០ភាគរយ៕ ដោយ៖ ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner