ឧត្តមសេនីយ៍ឯក ស ថេត: ការរឹតបន្តឹងវិធានការនៅតំបន់ក្រហមដើម្បីទប់ស្កាត់ និងកាត់បន្ថយជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ កុំឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត

ភ្នំពេញៈអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បាន មានប្រសាសន៍បញ្ជាក់ថា ការធ្វើតឹងរ៉ឹងនៅតំបន់បិទខ្ទប់ជា ពិសេសក្នុងតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺគ្មានបំណងចង់ ធ្វើបាបប្រជាពលរដ្ឋទេ គឺដើម្បីនាំគ្នាចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ឱ្យមានការថយចុះ ឬកាត់ផ្តាច់ជំងឺឆ្លងនេះ កុំឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

ការបញ្ជាក់របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅពេលអញ្ជើញចុះពង្រឹងត្រួតពិនិត្យកម្លាំងនគរបាលរាជធានីភ្នំពេញ កំពុងអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហម នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំឱ្យកងកម្លាំងក្រោមឱវាទដែលជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថ និងក្រមសីលធម៌ល្អទៅកាន់ប្រជាពលរដ្ឋដោយការគោរព ហើយមិនត្រូវធ្វើអ្វីឱ្យប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋនោះឡើយ។ ត្រូវបន្តឹងមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់ក្រហមនោះឡើយ។ ជាពិសេសទប់ស្កាត់ឱ្យបានចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមមិនឱ្យដំណើរចេញខាងក្រៅបាននោះទេ លើកលែងករណីជាចាំបាច់ណាមួយនោះ។

នៅក្នុងការចុះត្រួតពិនិត្យអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហម គេឃើញកងកម្លាំងសមត្ថកិច្ចបាននាំយករនាំងដែកទៅដាក់ពង្រាយបិទខ្ទប់នៅតាមច្រកចេញចូលតំបន់មួយចំនួនថែមទៀត ដើម្បីពង្រឹងឱ្យបានម៉ឺងម៉ាត់នៃការទប់ស្កាត់មិនឱ្យធ្វើដំណើរ ឆ្លងកាត់តំបន់ក្រហមនោះទេ។ សេចក្តីរាយការណ៍ឱ្យដឹងថា តំបន់ក្រហមនៅក្នុងភូមិសាស្រ្ត នៃខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ គឺខណ្ឌមានជ័យ មានសង្កាត់ចំនួន០៤ ដែលត្រូវបានចាត់ទុកថាជាតំបន់ក្រហម គឺសង្កាត់ ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពុន១។ ចំណែកខណ្ឌដង្កោ មានសង្កាត់ចំនួន០២ ដែលស្ថិតក្នុងតំបន់ក្រហម គឺសង្កាត់ដង្កោ និងសង្កាតព្រៃស។ ដោយឡែកខណ្ឌពោធិ៍សែនជ័យ គឺមានសង្កាត់ចោមចៅ១ ជាតំបន់ក្រហម។ ការអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហមនេះអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥៤ សសរ ដែលបានដាក់ចេញអនុវត្តកាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅនេះ។ ការអនុវត្តវិធានការជំហ៊ានទី២ គឺមានរយៈពេល០៧ថ្ងៃ ដោយចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ជំងឺឆ្លងកូវីដ១៩ កុំឱ្យឆ្លងពីតំបន់មួយទៅតំបន់មួយ៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner