លោក ចូ បៃដិន ចេញបំរាមហាមឃាត់លើការធ្វើដំណើរពីឥណ្ឌាចូលមកកាន់សហរដ្ឋអាមេរិក សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានដាក់ចេញនូវការរឹតបន្តឹងថ្មីលើការធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិក ដែលអនុវត្តតលើប្រជាជន មិនទាន់មានសញ្ជាតិអាមេរិកភាគច្រើន ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។
លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានចុះហត្ថលេខាលើសេចក្តីប្រកាសអនុវត្តការរឹតត្បិត ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌ មានរ៉យទ័រ ។ សេចក្តីប្រកាសនេះបញ្ជាក់ថា ឥណ្ឌាបានកត់ត្រានូវករណីឆ្លងថ្មីៗប្រហែលជាងមួយភាគបី នៃករណីឆ្លងថ្មីៗនៅទូទាំងពិភពលោក ហើយថា ការរឹតត្បឹតថ្មីនេះត្រូវតែដាក់ចេញ ដើម្បីការពារសុខភាពសាធារណៈរបស់ប្រទេសជាតិ ចំពោះអ្នកដែលបានធ្វើដំណើរមកពីឥណ្ឌា ចូលមកកាន់សហរដ្ឋអាមេរិក ។
ស្របពេលជាមួយគ្នានេះដែរ សេតវិមានបានបញ្ជាក់ថា ការរឹតត្បិតខាងលើនឹងចូលជាធរមាននៅវេលាម៉ោង១២៖០១នាទីពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី០៤ ខែឧសភាខាងមុខនេះ ដោយយោងតាមដំបូន្មានរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) ហើយវាត្រូវបានដាក់ចេញដោយសារតែទំហំ និងវិសាលភាពនៃជំងឺកូវីដ១៩នៅឥណ្ឌា ដែលមានការកើនឡើងយ៉ាងខ្លាំង ៕ ប្រភព៖ Reuters