អូស្រ្តាលីបិទខ្ទប់ការធ្វើដំណើរពីឥណ្ឌា ហើយព្រមានថា អ្នកល្មើសនឹងត្រូវរងការផាកពិន័យជាប្រាក់ និងជាប់ពន្ធធនាគារ
អូស្រ្តាលី៖ មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីនិយាយថា ពលរដ្ឋអូស្ត្រាលី និងអ្នកដែលធ្លាប់ស្នាក់នៅប្រទេសឥណ្ឌា ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយនេះ ដែលមានគម្រោងត្រឡប់មកផ្ទះវិញនោះ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងទឹកដីអូស្ត្រាលីឡើយ គិតចាប់ពីថ្ងៃទី០៣ ខែឧសភានេះ ហើយអ្នកដែលបំពានបំរាមនេះ នឹងត្រូវរងការពិន័យជាប្រាក់ និងជាប់ពន្ធនាគារ ។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីលោក ហ្គ្រេក ហាន់ត៍ (Greg hunt) បាននិយាយថា បម្រាមខាងលើនេះនឹងចាប់អនុវត្តពីថ្ងៃចន្ទ ទី០៣ ខែឧសភាតទៅ ហើយអ្នកដែលល្មើសបម្រាមនេះ នឹងត្រូវរងការពិន័យធ្ងន់ធ្ងរ និងអាចជាប់ពន្ធនាគាររហូតដល់០៥ឆ្នាំ ។ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីរូបនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងពិចារណាឡើងវិញម្តងទៀត ចំពោះវិធានការរឹតបន្តឹងខាងលើនេះ នៅថ្ងៃទី១៥ ខែឧសភាខាងមុខ ។
គួរបញ្ជាក់ផងដែរថា ការដាក់ចេញបម្រាមបន្ទាន់នេះ បានកើតមានឡើងកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ គឺជាផ្នែកមួយនៃវិធានការយ៉ាងតឹងរ៉ឹង ដែលអូស្ត្រាលីបានដាក់ចំពោះអ្នកធ្វើដំណើរទៅកាន់ឥណ្ឌា ពីព្រោះនៅទីនោះ ទាំងករណីឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩កំពុងកើនឡើងយ៉ាងគំហុក ៕ ប្រភព៖ CNA