សម្តេចតេជោ បញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋរស់នៅក្រុងភ្នំពេញ និងខេត្តកណ្តាល ឲ្យរួចរាល់នៅខែឧសភា-មិថុនា ហើយបង្ហើបពីការត្រៀមហៅកីឡាករបាល់ទាត់លំដាប់ពិភព Messi និងNeymar មកទស្សនកិច្ចប្រទេសកម្ពុជា

ភ្នំពេញៈ នៅយប់ថ្ងៃ០២ ខែឧសភា ឆ្នាំ២០២១​ នៅលើទំព័រហ្វេសបុកសម្តេច ក្រោមអត្ថបទ«តើកំពូលកីឡាករ បាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? មានអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ «Ben KH» បាន Comment ស្នើដល់សម្តេចថា «ខ្ញុំបាទសូមគោរព សម្តេចពុក។ ខ្ញុំបាទស្នាក់នៅភូមិ៨ ក្រុមទី៣០ សង្កាត់បឹងកក់១ ផ្លូវ៥១៦ ខណ្ឌទួលគោក ខ្ញុំបាទនិងអ្នកភូមិអាយុក្រោម៦០ឆ្នាំ ប្រហែល៩៨ភាគរយ មកដល់ពេលនេះមិនទាន់បានទទួលការចាក់ វ៉ាក់សាំង លើកទី១ នៅឡើយទេ។ សូមសម្តេចពុក ជួយកូនចៅអោយបានចាក់និងគេផង។ សូមអរគុណ»។

ជាការឆ្លើយតបនឹងសំណូមពរនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«នឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមាន មុនមានក្រោយ ព្រោះពេទ្យយើងមិនអាចធ្វើមួយថ្ងៃឬមួយសប្តាហ៍អស់ទេ។ យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ក្នុងខែឧសភានិងមិថុនា២០២១នេះ។ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱ្យបានមុន»។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល មានការអត់ធ្មត់រង់ចាំបន្តិចទៀត ដោយរាជរដ្ឋាភិបាលផ្តល់ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនពួកគាត់បាន គ្រប់ៗគ្នា។ សម្តេចបញ្ជាក់ថា ខ្ញុំប្រើពាក្យថាស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱ្យមានភាពស៊ាំ មិនឱ្យមានឆ្លងកូវីដ១៩តទៅទៀត»។

សូមបញ្ជាក់ថា ពេលនេះក្រសួងការពារជាតិ កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៤ ក្នុងរាជធានីភ្នំពេញ ដែលជាតំបន់មានហានិភ័យខ្ពស់ ដើម្បីទប់ស្កាត់នូវភាពធ្ងន់ធ្ងរ នៃការរីករាលដាលជំងឺកូវីដ១៩។

នៅយប់ថ្ងៃដដែលនេះដែរ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅនឹងគណនី Facebook ឈ្មោះ Din Din ថានឹងត្រៀមហៅកីឡាករបាល់ទាត់លំដាប់ពិភពលោក ចំនួន២រូប គឺ Messi និង Neymar មកទស្សនកិច្ចប្រទេសកម្ពុជា ពេលស្ថានភាពជំងឺកូវីដ១៩ធូរស្រាល។

ការឆ្លើយតបនេះ បន្ទាប់ពីម្ចាស់ណនី Facebook ឈ្មោះ Din Din បានមក Comment យ៉ាងដូច្នេះថា «កូនស្នើពុក ពេលឈប់កូវីដ១៩ ចង់ឲ្យសម្តេចពុកហៅ Neymar និងMessi មកខ្មែរយើងមក»។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តបថា «ចាំពុកសាកល្បងអញ្ជើញគាត់មកទស្សនកិច្ចប្រទេសយើង»។

សូមជម្រាបថា Messi តារាបាល់ទាត់ឆ្នើមប្រចាំក្លឹបកំពូលអេស្ប៉ាញ Barcelona មានសញ្ជាតិអាហ្សង់ទីន និង Neymar តារាបាល់ទាត់ឆ្នើមប្រចាំក្លឹបកំពូលបារាំង Paris Saint-Germain មានសញ្ជាតិប្រេស៉ីល ដែលសុទ្ធសឹងជាប្រទេសស្ថិតនៅអាមេរិកឡាទីន៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner