នេប៉ាល់សម្រេចផ្អាកជើងហោះហើរជាមួយឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ក្រោយប្រទេសទាំងនេះផ្ទុះករណីឆ្លង Covid-19 យ៉ាងគំហុក

នេប៉ាល់៖ មន្រ្តីជាន់ខ្ពស់នៃគណៈរដ្ឋមន្រ្តីនេប៉ាល់ពីររូបបាននិយាយថា រដ្ឋាភិបាលនេប៉ាល់នៅថ្ងៃអាទិត្យម្សិលមិញបានសម្រេចចិត្តផ្អាកជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិទាំងអស់ជាមួយឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីល បន្ទាប់ពីប្រទេសទាំងនេះបានរាយការណ៍ពីករណីឆ្លងជំងឺ Covid-19 ដ៏ខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃដូចគ្នាមកនេះ ។
រដ្ឋមន្រ្តីក្រសួងសន្តិសុខសង្គម មុខរបរ និងការងារនេប៉ាល់លោក ហ្គោរី ហ្សានការ ឆូដហារី បានថ្លែងប្រាប់សារព័ត៌មានស៊ីនហួរនៅល្ងាចថ្ងៃអាទិត្យម្សិលមិញថា គណៈរដ្ឋមន្រ្តីបានសម្រេចចិត្តផ្អាកជើងហោះហើរទាំងអស់ទូទាំងប្រទេស ចាប់ពីពាក់កណ្តាលយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈដែលជើងហោះហើរអន្តរជាតិជាមួយប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីលក៏នឹងត្រូវផ្អាកជាបណ្តោះអាសន្នគិតចាប់ពីពាក់កណ្តាលយប់ថ្ងៃទី០៥ ខែឧសភានេះតទៅ ។
ការសម្រេចចិត្តបែបនេះរបស់រដ្ឋាភិបាលនេប៉ាល់ បានកើតមានឡើងបន្ទាប់ពីក្រសួងសុខាភិបាលនេប៉ាល់កាលពីថ្ងៃអាទិត្យម្សិលមិញបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន៧ពាន់២១១ករណីបន្ថែមទៀត ដែលនេះជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់ថ្មីមួយ ចាប់តាំងពីវីរុសរាតត្បាតជាសកលដ៏កាចសាហាវមួយនេះបានវាយប្រហារប្រទេសនេប៉ាល់កាលពីដើមឆ្នាំមុន ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner