ប្រជាពលរដ្ឋជិត ៤ពាន់គ្រួសារ ស្ថិតក្នុងតំបន់ក្រហម ក្នុងឃុំបែកចាន ស្រុកអង្គស្នួល បានទទួលស្បៀងអាហារពី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

អត្ថបទដោយ៖
ធី ដា

លោកគង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣ឧសភា ឆ្នាំ២០២១ បាននាំយកនូវស្បៀង របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋ ចំនួន៣ពាន់៧៥៦គ្រួសារ ស្ថិតក្នុងតំបន់ក្រហម ចំនួន ៤ភូមិក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ស្បៀងអាហារ ដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ៣ពាន់៧៥៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១៥ គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ និងម៉ាស់ ១ ដុំ។ លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ភូមិចំនួន ៤ ក្នុងឃុំបែកចាន ដោយមួយរយៈចុងក្រោយនេះ មានការឆ្លងមេរោគកូវីដ-១៩ ច្រើន ដែលជាចំនួនគួរឱ្យព្រួយបារម្ភ តម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បានសម្រេចដាក់ភូមិចំនួន៤នោះជាតំបន់ក្រហម និងឱ្យប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។

លោកអភិបាលខេត្តបានបន្តថា សម្ដេចតេជោ បានណែនាំដល់មន្ត្រីនៅតាមមូលដ្ឋាន ត្រូវចុះជួយប្រជាពលរដ្ឋជាប្រចាំ ដោយមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារដាច់ស្បៀងឡើយ។ ជាមួយគ្នានោះ លោកអភិបាលខេត្តកណ្ដាល បានសំណូមពរដល់ ប្រជាពលរដ្ឋ ទាំង៤ភូមិ ឲ្យមានការអត់ធ្មត់ និងចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងមេរោគកូវីដ-១៩ ក្នុងតំបន់នោះ ដើម្បីអាចវិលទៅរកភាពប្រក្រតីធម្មតាឡើងវិញ។

សូមបញ្ជាក់ផងដែរថា ភូមិអណ្ដូង ភូមិស្វាយជ្រុំ ភូមិពងទឹក និងភូមិត្នោតម្ពើ ក្នុងឃុំបែកចាន ត្រូវបានរដ្ឋបាលខេត្តកណ្ដាល សម្រេចកំណត់ជាតំបន់ក្រហម កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner