អ្នកដំណើរចូលក្នុងក្រុងសៀមរាប ត្រូវតែទទួលយកកាតព្វកិច្ច ធ្វើចត្តាឡីស័ក១៤ថ្ងៃនិងអាចមានករណីខ្លះ ស្ថិតក្នុងការត្រួតពិនិត្យពិចារណា

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបគ្រោងដាក់ចេញ នូវវិធានការ អ្នកដំណើរចូលក្នុងក្រុងសៀមរាប ត្រូវតែទទួលយកកាតព្វកិច្ច ធ្វើចត្តាឡីស័ក១៤ថ្ងៃ ក៏ប៉ុន្តែនិងអាចមានករណីខ្លះ ស្ថិតក្នុងការពិចារណាត្រួតពិនិត្យ ដោយផ្អែកលើភាពសំខាន់និងចាំបាច់នៃបេសកកម្មអ្នកដំណើរ ដោយភ្ជាប់ជាមួយនូវលិខិតបញ្ជាក់សុខភាព និងមានការធានាខុសត្រូវ ដោយស្ថាប័នសាម៉ី ច្បាស់ ប្រាកដ មានសុវត្ថិភាព មិនបង្ករឲ្យមានការចម្លងកូវីដ-១៩។ នេះបើយោងតាមវិធានការដាក់ចេញនៅក្នុង កិច្ចប្រជុំ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងឯកឧត្តម អភិបាលខេត្តសៀមរាប ស្តីពីការបង្កើតក្រុមការងារតាមដាន-ត្រូតពិនិត្យ និងតាមដានការវិលត្រឡប់មកវិញរបស់ប្រជាពលរដ្ឋ ចូលស្នាក់នៅក្នុងសង្កាត់ទាំង១២ នៃភូមិសាស្រ្តក្រុងសៀមរាប ដែលជាកម្មវត្ថុនៃការទប់ស្កាត់ការរីករាលដាលជម្ងឺកូវិដ-១៩ក្នុងសហគមន៍២០កុម្ភៈ ត្រូវបានស្ថិតក្នុងកំណត់ត្រាដំបូង ដែលខេត្តសៀមរាបមានអ្នកស្លាប់ដោយជម្ងឺកូវីដ-១៩ម្នាក់ មកពីស្រុកស្ទោងនៃខេត្តកំពង់ធំ ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តបានបញ្ជាក់ឱ្យដឹងបន្តថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្ងឺកូវីដ-១៩ត្រូវបានចម្លងចូលមកពីខេត្តខាងក្រៅ ចូលមកក្នុងខេត្តសៀមរាប មានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដែលក្នុងនោះប្រមាណជា៤០% នាំចម្លងមកពីខេត្តព្រះសីហនុ  ដែលក្នុងនោះ ជាការកត់សម្គាល់ផងដែរ គឺជាការវិលត្រប់ចូលស្រុកវិញ នៃប្រជាពលរដ្ឋខេត្តសៀមរាប ដែលកន្លងមក បានចេញទៅប្រកបមុខរបរ ឬទៅធ្វើការងារនៅខេត្តផ្សេងៗនោះ។

លោកអភិបាលរងខេត្ត មានប្រសាសន៍ថា បើទោះជាខេត្តសៀមរាប មានមោទនភាពក្នុងការគ្រប់គ្រងស្ថានភាពកូវីដ-១៩នៅក្នុងដៃយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាក៏កំពុងស្ថិតក្នុងការហ៊ុមព័ទ្ធដោយហានីភ័យយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការព្រួយបារម្ភផងដែរ ដែលទាំងនេះ វាជាហេតុផល នៃការបង្កើតឲ្យមានក្រុមការងារតាមដាន-ត្រូតពិនិត្យ និងតាមដានការវិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋ ក្រោមការគិតគូរទុកជាមុនថាបង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ ក្នុងពេល និងក្រោយពេល មានការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងសហគមន៍។ ក្រុមការងារនេះ មានតួនាទី និងភារកិច្ចដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងអនុវត្តវិធានការនៃសេចក្ដីសម្រេច ចាត់វិធានការអនុវត្តតាមវិធានសុខាភិបាល និងវិធានការរដ្ឋបាល ស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងការអនុវត្តភារកិច្ច និងមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឳវាទតាមការចាំបាច់ ដើម្បីបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួន តាមការប្រគល់ជូនរបស់ប្រធានក្រុមការងារ។

មន្ទីរ អង្គភាពនានាជុំវិញខេត្ត ត្រូវអនុវត្តការតាមដាន ត្រួតពិនិត្យ និងសហការជាមួយរដ្ឋបាលក្រុង-ស្រុក ពិសេសអាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់ ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការ អនុវត្តតាមវិធានសុខាភិបាល ចំពោះប្រជាពលរដ្ឋដែលវិលត្រឡប់ មកក្នុងភូមិសាស្ត្រក្រុងសៀមរាប ឲ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែឧសភានេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកមានជម្ងឺកូវីដ-១៩ សរុបចំនួន៤៦នាក់ ព្យាបាលបានជាសះស្បើយចំនួន ១៥នាក់ ស្លាប់ ១នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៣០នាក់៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner