អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ៖ បើទោះជាទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ក៏ដោយ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណេញបានជិត១០លានដុល្លារក្នុងឆ្នាំ២០២០ (មានវីដេអូ)

ភ្នំពេញ៖ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វ័យយ័តភ្នំពេញបានមានប្រសាសន៍អោយដឹងថា បើទោះជាទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ក៏ដោយ ប្រាក់ចំណូលដែលកំពង់ផែស្វយ័តភ្នំពេញ រកបានពីការនាំចូល-នាំចេញទំនិញឆ្លងកាត់កំពង់ផែក្នុងឆ្នាំ២០២០ សម្រេចបានជិត១០លានដុល្លារ ។ ទន្ទឹមគ្នា ឯកឧត្តម ហ៊ឺ បាវី បានបង្ហាញមោទនភាពចំពោះស្នាដៃជាសមិទ្ធផលមូលប័ត្រដែលកំពង់ផែស្វយ័តភ្នំពេញសម្រេចបានក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ ។ ឯកឧត្តមអគ្គនាយកបន្ថែមថា ឆ្នាំ២០២០ កំពង់ផែស្វយ័តភ្នំពេញ សម្រេចលទ្ធផលអាជីវកម្មដោយទទួលបាននូវបរិមាណកុងតឺន័រចំនួន២៩ម៉ឺន៨៥៧ទូ (TEUs) អនុវត្តបាន៩៤% បើធៀបនឹងផែនការឆ្នាំ២០២០ និងកើនឡើង៣,៤៩% បើធៀបនឹងឆ្នាំ២០១៩ ។ ចំណែកលទ្ធផលហិរញ្ញវត្ថុឆ្នាំ២០២០ កំពង់ផែទទួលបានប្រាក់ចំណេញជិត១០លានដុល្លារអាមេរិក គឺថយចុះ១៤% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ។ ទោះជាយ៉ាងណាក៏ដោយ កំពង់ផែ នៅតែមានផែនការការងារជាអាទិភាពបន្តទៀតសម្រាប់អនុវត្តឆ្នាំ២០២១ ដូចជាការងារពង្រីកចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រឲ្យបានដល់៥០ម៉ឺនទូ(TEU)ក្នុង១ឆ្នាំ ការធ្វើទំនើបកម្មចំណតផែពហុបំណង TS៣ ដើម្បីឲ្យក្លាយទៅជាចំណតផែទេសចរណ៍អន្តរជាតិ TS៣ ព្រមទាំងការងារបំពាក់ឧបករណ៍ និងប្រព័ន្ធព័ត៌មានវិទ្យា ក៏ដូចជាការកែសម្រួលតម្លៃអនុគ្រោះលើសេវាកម្មមួយចំនួន ដើម្បីទាក់ទាញអតិថិជនឲ្យមកប្រើប្រាស់កំពង់ផែបន្ថែមទៀត ។ គួរបញ្ជាក់ថា ទីផ្សារប្រភេទទំនិញនាំចូល-នាំចេញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានដូចជា គ្រឿងសំណង់ វត្ថុធាតុដើមវាយនភ័ណ្ឌ សំភារៈប្រើប្រាស់ក្នុងផ្ទះ អាហារនិងភេសជ្ជៈ ។ រីឯការនាំចេញមានដូចជាវាយនភណ្ឌ និងអង្ករ ។ ចំណែកទីផ្សារនៃប្រទេសនាំចូល-នាំចេញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញឆ្នាំ២០២០ មានដូចជា វៀតណាមមានកុងតឺន័រនាំចូល១៦%, ចិននាំចូល៤៧%, អឺរ៉ុបនាំចូល៦%, ម៉ាឡេស៊ីនាំចូល៦% ។ រីឯកុងតឺន័រនាំចេញឆ្នាំ២០២០ ទៅកាន់សហរដ្ឋអាមេរិកមាន៦៦%, ចិនមាន៧%, កាណាដា៧%, ជប៉ុន១០% ។ ជារួមក្នុងឆ្នាំ២០២០ កំពង់ផែស្វយ័តភ្នំពេញបានធ្វើសកម្មភាពរកប្រាក់ចំណេញបានជិត១០លានដុល្លារ បើទោះបីជាទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner