អភិបាលខេត្តសៀមរាប បញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមទីតាំងរួចរាល់ហើយ សម្រាប់ការស្នាក់នៅដាច់ដោយឡែករបស់ប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ

ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពទីតាំងសម្រាប់ការស្នាក់នៅដាច់ដោយឡែករបស់ប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ នៅសាលាគរុកោសល្យនិងវិក្រិតការខេត្ត នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២០ នេះ  ឯកឧត្តម ទៀ សីហា  អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា រដ្ឋបាលខេត្តបានត្រៀមទីតាំងរួចរាល់ហើយ ហើយសាលាគរុកោសល្យនិងវិក្រិតការខេត្តនេះ ជាទីតាំងមួយក្នុងចំណោមទីតាំងជាច្រើនកន្លែងដែលរដ្ឋបាលខេត្តបានត្រៀមទុក  សម្រាប់ការស្នាក់នៅបណ្តោះអាសន្ននៃការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ ដើម្បីតាមដាន ត្រួតពិនិត្យសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត និង ស្តាប់ការណែនាំពីការដាក់ខ្លួនឲ្យនៅដាច់ឡែករយៈពេល ១៤ថ្ងៃ ឲ្យប្រកាន់ខ្ជាប់នូវវិធានអនាម័យ និងការសម្លាប់មេរោគជាប្រចាំ បើមានរោគសញ្ញាអ្វីកើតឡើងត្រូវរាយការណ៍ជាបន្ទាន់ ។
ក្នុងឱកាសនោះដែរឯកឧត្តម ទៀ សីហា  បានណែនាំដល់មន្ត្រីសុខា ភិបាលនិងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពពួកគាត់ឱ្យបានម៉ត់ចត់ និងមិនត្រូវអនុញ្ញាតឱ្យចេញក្រៅនោះទេ បើគ្មានការអនុញ្ញាតពីមន្ត្រីចត្តា ឡីស័កប្រចាំការនៅទីនោះ ព្រមទាំងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាត Covid-19 ដើម្បីសុវត្ថិភាពខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើងទាំងអស់គ្នា ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារខេត្តនិងមន្ត្រីជំនាញសុខាភិបាលខេត្ត ចុះពិនិត្យមើលស្ថានភាព នៃការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ នៅច្រកអូស្មាច់ ក្រុងសំរោង ច្រកជាំស្រង៉ាម ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ , ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកដូង ខេត្តបាត់ដំបង និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរចំនួនជាង៤០នាក់ មកកន្លែងស្នាក់នៅដែលថ្នាក់ដឹកនាំខេត្ត បានរៀបចំ នៅសាលាគរុកោសល្យ និងវិក្រឹត្រការខេត្ត ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដើម្បីសុវត្ថិភាពខ្លួនយើង គ្រួសារយើង សហគមន៍ និងសង្គមជាតិយើងទាំងអស់គ្នា ។
សូមបញ្ជាក់ថា គិតមកទល់ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ខេត្តសៀមរាប មានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន០៧នាក់ ក្នុងនោះជាសះស្បើយចំនួន០៣នាក់ និង កំពុងស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យចំនួន០៤នាក់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner