សំណង់បង្គោលថ្ម សង់ពីសម័យបារាំង ក្នុងដងទន្លេមេគង្គ គ្រោងនឹងដាក់ជាសម្បត្តិបេតិភណ្ឌជាតិ

អត្ថបទដោយ៖
ជា សេឌី

បង្គោលថ្មមានសណ្ឋានជាថ្នាក់ៗ ជាសំណង់ដែលសង់សម្រាប់ជាគោល ដើម្បីសម្រួលឲ្យអ្នកធ្វើដំណើរតាមផ្លូវទឹកងាយស្រួលចំណាំ កុំឲ្យប៉ះនិងថ្មក្នុងទឹកទន្លេ ដោយគេសង្កេតឃើញមានក្នុងដងទន្លេមេ    គង្គលើ ក្នុងខេត្តស្ទឹងត្រែង រហូតដល់ខេត្តក្រចេះ និងនៅតាមបណ្តាខេត្តផ្សេងៗមួយចំនួនទៀត ដែលគេដឹងថាមានអាយុកាលរាប់រយឆ្នាំមកហើយនោះ។

ពាក់ព័ន្ធ និងសំណង់បង្គោលថ្មក្នុងទឹកទន្លេមេគង្គនេះផងដែរ លោកសរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ សំណង់នេះសាងសង់ឡើងនាសម័យកាលអាណានិគមនិយមបារាំង ។ ហើយសំណង់បែបនេះ គឺជាបង្គោលចរាចរណ៍បង្ហាញផ្លូវទឹក ដោយសារផ្លូវទឹកក្នុងទន្លេមេគង្គ ចាប់ពីព្រំដែនកម្ពុជា-ឡាវ សំបូរទៅដោយថ្ម ហើយទឹកមានសភាពហូរខ្លាំង ដូច្នេះការធ្វើដំណើរតាមទូក ឬកាណូតធំៗមានការលំបាក ប្រឈមនឹងជួបឧបសគ្គជាច្រើន ហេតុនេះហើយ ទើបគេសង់បង្គោលនេះជាប្រភេទស៊ីម៉ងត៍មានសណ្ឋានជាថ្នាក់ៗ នៅតាមផ្លូវទឹកដែលគេដៅទុកជាសញ្ញាដើម្បីងាយស្រួលក្នុងការបើកបរទូក.កាណូត។

លោកប្រធានមន្ទីរ ក៏បានឲ្យដឹងទៀតថា៖ សព្វថ្ងៃនេះ ចរាចរណ៍ដឹកទំនិញតាមផ្លូវទឹក ត្រូវបានកាត់ផ្ដាច់ទាំងស្រុង ដោយសារប្រព័ន្ធគមនាគមន៍ផ្លូវគោកបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងដឹកទំនិញផ្សេងៗ ។ទាក់ទងនិងសំណង់នេះដែរ លោក ស្រី ញោច សារឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ឲ្យដឹងដែរថាៈរាល់សំណង់ដែលសង់ឡើងមានអាយុកាលចាប់ពី៥០ឆ្នាំឡើងទៅ គឺត្រូវចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ។ ចំពោះសំណង់ថ្មជាបង្គោលគោលនៅតាមដងទន្លមេគង្គខេត្តស្ទឹងត្រែង អាចហៅបានថាជាសំណង់ប្រវត្តិសាស្ត្រ ឬសំណង់សម័យអាណានិគមបារាំង ហើយសំណង់បែបនេះ អាចនឹងក្លាយជាសម្បត្តិបេតិកភណ្ឌរបស់ជាតិ ។

សូមបញ្ជាក់ថាៈផ្លូវទឹកទន្លេមេគង្គចាប់ពីចំណុចព្រំដែនកម្ពុជា-ឡាវទៅរាជធានីភ្នំពេញ មានប្រវែង ៣៨៨គីឡូម៉ែត្រ ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner