ប្រធានសម្ព័ន្ធសហជីពជាតិ ឆ្លើយតបទៅក្រុមសហជីព-អង្គការសង្គមស៊ីវិលមួយចំនួនតូចបំភ្លៃការពិតអំពីស្ថានភាពកម្មករ

ភ្នំពេញៈ ប្រធានសម្ព័ន្ធសហជីពជាតិបានឆ្លើយតបទៅក្រុមសហជីពក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលបានលើកឡើងអំពីស្ថានភាពកម្មករ កម្មការិនី នៅក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនាពេលកន្លងមកនេះ។ ប្រធានសម្ព័ន្ធសហជីពជាតិរូបនេះបានអះអាងថា ការនិយាយនោះជាការបំភ្លៃការពិត បង្កភាពញុះញង់ ចំពោះកម្មករនិយោជិត។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានមានប្រសាសន៍ប្រាប់ AMSនៅថ្ងៃទី៦ខែឧសភានេះ ថា មានក្រុមសហជីព ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួនតូច បានលើកឡើងហួសពីស្ថានភាពជាក់ស្តែង និងបំភ្លៃបំផ្លើសបង្កភាពញុះញង់ និងចលាចលចំពោះកម្មករនិយោជិត។ លោកថា គឺមិនមានអ្នកណាម្នាក់ស្រែកថា ដាច់អាហាររហូតដល់ស្លាប់នោះទេ។ មកដល់ពេលនេះ នៅក្នុងតំបន់បិទខ្ទប់ គឺកម្មករ កម្មការិនីនិងប្រជាពលរដ្ឋបាន ទទួលស្បៀងអាហារគ្រប់គ្រាន់ ដោយមិនមានអ្នកណា ម្នាក់ដាច់ពោះស្លាប់ដោយសារអត់អាហារនោះទេ។ រាជរដ្ឋាភិបាលបានខិតខំពុះពារបិទខ្ទប់តំបន់មួយចំនួន ដើម្បីបញ្ជៀសពីការស្លាប់ដោយសារជំងឺកូវីដ១៩ និងដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបានសុខមាលភាពល្អជៀសវាងការឆ្លងរីលរាលដាលជំងឺដ៏កាចសាហាវនេះ។

ប្រធានសម្ព័ន្ធសហជីពជាតិបានសូមឲ្យអង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនតូចដែលមាននិន្នាការ ទៅរកខាងប្រឆាំងសូមឲ្យមានសុទិដ្ឋនិយម និយាយឲ្យមានការពិតជាក់ស្តែង។ កុំនិយាយបំផ្លើស។

ចំពោះការលើកឡើងរបស់អង្គការសង្គមស៊ីវិលខ្លះនោះ គឺវាហួសពីការពិតដែរ។ ដូចជាទាក់ទងថ្លៃស្នាក់នៅ ពីព្រោះមានម្ចាស់ផ្ទះជួលមួយចំនួនក៏បានអនុគ្រោះលើកលែងមិនយកថ្លៃ ផ្ទះជួលនោះទេ និងខ្លះទៀតយក៥០ភាគរយ។ ហេតុនេះកុំលើកឡើងបញ្ហានេះ ហើយមកដាក់បន្ទុកលើរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោកប្រធានសម្ព័ន្ធសហជីពជាតិក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលមិនគួរណាអនុញ្ញាតឲ្យមានការបើករោងចក្រសហគ្រាសឡើងវិញទេ នៅតំបន់ដែលពោរពេញ ដោយការឆ្លងជំងឺកូវីដ១៩ ជាពិសេសនៅតំបន់ក្រហម និងលឿងទុំ បើសិនជាអាចក៏គួរតែពន្យាពេលខ្លះ៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner