អ្នកនាំពាក្យអគ្គស្នងការ៖​ឃាត់ខ្លួនមនុស្សជាង២ពាន់នាក់ ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល

ភ្នំពេញ: សមត្ថកិច្ចបានបង្ក្រាបសកម្មភាពល្មើសបម្រាមរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ មកដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ និងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានឃាត់ខ្លួនមនុស្សជាង២ពាន់នាក់។ ក្នុងនោះបានបញ្ជូនទៅតុលាការ ផាកពិន័យអន្តរការណ៍ និងធ្វើកិច្ចសន្យា អប់រំណែនាំ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី៦ខែឧសភានេះថា លទ្ធផលនៃការបង្រ្កាបសកម្មភាពល្មើស បម្រាមរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ មកដល់ត្រឹមថ្ងៃទី៥ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបញ្ជូនទៅតុលាការចំនួន១២៧ករណី ស្មើមនុស្ស ៧៥៥នាក់ (ស្រី ១៤៦នាក់) , បង់ពិន័យអន្តរការណ៍ចំនួន ៥៣ករណី ស្មើមនុស្ស ១៩២នាក់ (ស្រី ២៦នាក់) និងធ្វើកិច្ចសន្យា អប់រំ បានចំនួន ៤៨៤ករណី ស្មើមនុស្សចំនួន ១៤២២នាក់ (ស្រី ៣៦៩នាក់)។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ (រូបឯកសារ)

ចំណែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ប្រាប់ AMS កាលពីព្រឹកថ្ងៃទី៦ ខែឧសភានេះដែរថា នៅក្នុងដំណាក់កាល នៃការអនុវត្តបម្រាមគោចរ ក៏ដូចជាការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ មេសា មកដល់ត្រឹមថ្ងៃទី០៥ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤៧៨នាក់ ដោយក្នុងនោះតុលាការបានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារចំនួន ១០នាក់ , បញ្ជូនទៅតុលាការចំនួន ៣នាក់ ,ធ្វើការអប់រំណែនាំចំនួន ៨៣នាក់ , បញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ៣១នាក់ និងពិន័យអន្តរការណ៍ចំនួន ៣៤៩នាក់។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការ បិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាបណ្ដោះអាសន្នសម្រាប់ រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសារហូតដល់ថ្ងៃទី២៨ ខែមេសា និងបានបន្តពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភាដោយបានធ្វើការបែងចែកភូមិសាស្ត្របិទខ្ទប់ជា៣ ក្នុងនោះរួមមាន “តំបន់ក្រហម” សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ , “តំបន់លឿងទុំ” សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាល កម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង “តំបន់លឿង” សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ បន្តមកនៅថ្ងៃទី៤ខែឧសភារាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា តទៅ ដោយប្រគល់សមត្ថកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក្នុងការដាក់ចេញវិធានការសមស្របនិងចាំបាច់នានា ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងស្ថានភាពវិវត្តន៍ ជាក់ស្តែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោម សមត្ថកិច្ចរបស់ខ្លួន៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner