បើកឆាកដំបូង:គណបក្សប្រជាជនចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

ភ្នំពេញៈ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃដំបូងនៃការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយ ចំនួន១ ដែលបានមកដាក់ពាក្យចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត (គ.ខ.ប) គិតត្រឹមម៉ោង១៧:៣០នាទី។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត លោក តែ ជិនណារិទ្ធ បានបញ្ជាក់ថា គណៈកម្មការរៀបចំការ បោះឆ្នោតខេត្តកំពតបានទទួលពាក្យចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតពីគណបក្សប្រជាជនកម្ពុជា។

សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មានរយៈពេល៥ថ្ងៃ ដោយត្រូវចាប់ផ្តើម ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា នៅរៀងរាល់ម៉ោងធ្វើការ។

គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។

ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សនយោបាយទាំងអស់អាច ស្នើសុំនៅ គ.ជ.ប ឬ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ឬទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh ហើយការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវធ្វើនៅ គ.ខ.ប ខេត្តកំពត។ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវមានភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានកំណត់ក្នុងទម្រង់បែបបទលេខ១០០៨។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាទីប្រឹក្សា គ.ជ.ប (រូបឯកសារ)

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង និងជាទីប្រឹក្សា គ.ជ.ប បានមានប្រសាសន៍ថា គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ ស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។

អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយ ដែលមានបំណងចូលរួម ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវចាប់ផ្តើមដាក់ពាក្យសុំចុះបញ្ជី គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ នៅគណៈកម្មការ រាជធានី ខេត្ត រៀបចំការបោះឆ្នោត យ៉ាងតិច៨០ ថ្ងៃ មុនកាលបរិច្ឆេទ នៃការបោះឆ្នោត។ ដូចនេះ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល៥ថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ នៅរៀងរាល់ម៉ោងធ្វើការ។

លោក សោម សូរីដា បានបញ្ជាក់ថា ពាក្យសុំចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គណបក្សនយោបាយទាំងអស់ អាចស្នើសុំនៅ គ.ជ.ប ឬ នៅលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពត ឬទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh ហើយការដាក់ពាក្យសុំចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត។ ពាក្យសុំចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវមានភ្ជាប់ មកជាមួយ នូវឯកសារពាក់ព័ន្ធ ដូចមានកំណត់ ក្នុងទម្រង់បែបបទលេខ១០០៨។

សូមជម្រាបជូនថា សមាជិកក្រុមប្រឹក្សាក្រុងបូកគោ មានចំនួន១៣ រូប ហើយអ្នកបោះឆ្នោត ដែលជាសមាជិក ក្រុមប្រឹក្សាសង្កាត់ ក្នុងមុខតំណែង មានចំនួន ១៧ រូប មកពីសង្កាត់ចំនួន៣ នៃក្រុងបូកគោ៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner