បទពិសោធន៍ និងមេរៀននៃការអនុវត្តចាក់វ៉ាក់សាំងក្នុងដំណាក់កាលទី១ នឹងត្រូវបានយកប្រើប្រាស់សម្រាប់ការចាក់វ៉ាក់សាំងដំណាក់កាលទី២
ភ្នំពេញៈនៅក្នុង«ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូរឹង-១៩សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១» ដែលរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៅក្នុងខែឧសភា ឆ្នាំ២០២១ បានបង្ហាញថារាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងក្នុងការទិញវាក់សាំងផ្ទាល់ពីប្រទេសអ្នកផលិត និងស្វែងរកជំនួយជាក់សាំងពីស្ថាប័នអន្តរជាតិនានា និងពីប្រទេសជាមិត្ត។ ជាផ្លែផ្កានៃកិច្ចខំប្រឹងប្រែងនេះកម្ពុជាបានក្លាយជាប្រទេសទីមួយក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលទទួលបានវ៉ាក់សាំងពីស្ថាប័នកូរ៉ាក់ ក៏ដូចជាទទួលបានជំនួយមនុស្សធម៌ជាវ៉ាក់សាំងពីមិត្តចិន និងដែលបានអនុញ្ញាតឲ្យកម្ពុជាចាប់ផ្តើមយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅដើមខែកុម្ភៈ ឆ្នាំ២០២១។ លើសពីនេះទៀតវ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញក៏បានមកដល់ជាហូរហែ។ រហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន៤.០២៤ .០០០ដូស។
![](https://asset.ams.com.kh/central/media/2021/05/V1-2-1024x682.jpg)
យុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ ក្នុងគោលបំណងបង្កើតភាពស៊ាំដល់អ្នកផ្តល់សេវាជួរមុខទូទាំងប្រទេស ដែលរួមមានបុគ្គលិកសុខាភិបាល, កងកម្លាំង ប្រដាប់អាវុធ និងមន្ត្រីសាធារណៈព្រមទាំងក្រុមជនងាយរងគ្រោះមួយចំនួនទៀត។ ក្នុងរយៈពេលត្រឹម៣ខែ, គិតចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២១ នេះ, មន្ត្រីសាធារណៈជួរមុខ, កងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការ និងប្រជាពលរដ្ឋចំនួនជាង១,៣ លាននាក់ទទួលបាននូវការចាក់វ៉ាក់សាំង។ ជារួមយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដំណាក់កាលទី១ដែលគ្រោងនឹងត្រូវបញ្ចប់នាពេលខាងមុខដ៏ខ្លីនេះបានប្រព្រឹត្តទៅក្នុងល្បឿនមួយគួរឲ្យកត់សម្គាល់ និងសម្រេចបានលទ្ធផលតាមការគ្រោងទុក។ ឈរលើលទ្ធផលនៃយុទ្ធនាការជាចាក់វ៉ាក់សាំង ដំណាក់កាលទី១ នេះអាចវាយតម្លៃអំពីភាពខ្លាំង, ភាពខ្សោយ, កាលានុវត្តភាព និងការគំរាមកំហែង នៅក្នុងយុទ្ធនាការកន្លងមកនេះដូចមានចែងខាងក្រោម ៖
-ភាពខ្លាំង៖ការសម្រេចចិត្តបានយ៉ាងឆាប់រហ័សក្នុងការចាក់វ៉ាក់សាំង, អ្នកបម្រើសេវាជួរមុខ បានទទួលការចាក់វ៉ាក់សាំងរួចចំនួនជាង១,៣លាននាក់, ការប្រើប្រាស់កម្លាំងជាតិ សរុបដែលអាចចូលរួមអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង៖ ក្រុមគ្រូពេទ្យជាតិ កងកម្លាំងយោធា, ស៊ីវិល, កងទ័ព នគរបាលជួរមុខ, និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងអ្នកស្ម័គ្រចិត្តក្នុងសហគមន៍។
-ភាពខ្សោយ៖ធនធានមានកម្រិត, កង្វះខាតហេដ្ឋារចនាសម្ព័ន្ធក្នុងការប្រមូលប្រព័ន្ធទិន្នន័យ,ព័ត៌មានពាក់ព័ន្ធនឹងចំនួនអ្នកទទួលបានការចាក់វ៉ាក់សាំងនៅតាមបណ្តាខេត្ត និងកង្វះ ទីតាំងឃ្លាំងស្តង់ដារ (ប្រព័ន្ធត្រជាក់) សម្រាប់ស្តុកវ៉ាក់សាំងនៅតាមខេត្ត ឬ ជនបទ។
-កាលានុវត្តភាព៖ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ ក្នុងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស,កិច្ចសហការរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា,កិច្ចសហការ និងការចូលរួមស្ម័គ្រចិត្តក្នុងការចាក់វ៉ាក់សាំងរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នៅតាមមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ។
-ការគំរាមកំហែង៖ លទ្ធភាពក្នុងការរកទិញ និងការផ្គត់ផ្គង់វ៉ាក់សាំងមិនបានតាមបំណងរំពឹងទុក,បញ្ហាមួយចំនួនពាក់ព័ន្ធនឹងការតម្រូវផ្នែកបច្ចេកទេសរបស់វ៉ាក់សាំង,កង្វះហេដ្ឋារចនាសម្ព័ន្ធរក្សាទុក និងដឹកជញ្ជូនវ៉ាក់សាំងគ្រប់ប្រភេទប្រកបដោយគុណភាព,ជំងឺកូវីដ-១៩ ប្រភេទវីរុសបំប្លែងថ្មីដែលអាចធ្វើឲ្យវ៉ាក់សាំងមិនសូវមានប្រសិទ្ធភាព, និងប្រជាពលរដ្ឋ និងបុគ្គលិកក្នុងវិស័យឯកជនមួយចំនួននៅមិនទាន់ស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំង។
![](https://asset.ams.com.kh/central/media/2021/05/V4-1-1024x682.jpg)
បទពិសោធន៍ និងមេរៀននៃការអនុវត្តក្នុងដំណាក់កាលទី១កន្លងមក នឹងត្រូវបានប្រើប្រាស់ជាធាតុចូលក្នុងការរៀបចំកែលម្អ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងដំណាក់កាលទី២ បន្តទៀត។ នៅក្នុងបរិការណ៍ថ្មីដែលអ្នកផ្តល់សេវាជួរមុខរួមមានដូចជាបុគ្គលិកសុខាភិបាល, មន្ត្រី និងកងកម្លាំងប្រដាប់អាវុធភាគច្រើន បានទទួលការចាក់វ៉ាក់សាំងស្ទើរតែរួចអស់ហើយ និងបន្ថែមលើនេះ“ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១” បានផ្ទុះរីករាលដាលនៅក្នុងរាជធានីភ្នំពេញដែលជាបេះដូងនៃប្រទេស ព្រមទាំងបានបង្កផលប៉ះពាល់ដល់គ្រប់វិស័យសំខាន់ៗនៃសង្គម-សេដ្ឋកិច្ចជាតិ, រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការពិនិត្យកែសម្រួលអភិក្រមនៃការរៀបចំនិងអនុវត្តយុទ្ធនាការជាតិចាក់ វ៉ាក់សាំងបង្ការជំងឺកូវ-១៩ ពីការចាក់វ៉ាក់សាំងទៅតាមប្រភេទក្រុមមនុស្សដែលងាយរងគ្រោះ ប្រភេទនៃការងារ និងស្ថានភាពសុខភាព ទៅជាការចាក់វ៉ាក់សាំងជូនប្រជាជនគ្រប់រូប ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅសំដៅបង្កើតភាពស៊ាំសហគមន៍ឲ្យបានឆាប់នៅតំបន់អាទិភាពខ្ពស់ រួមបញ្ចូលនូវរាជធានី និងតំបន់ទីប្រជុំជនធំៗដែលមានប្រជាពលរដ្ឋ ច្រើនកុះករធ្វើការ និងរស់នៅ និងដែលមានសារៈសំខាន់ខ្ពស់ខាងសង្គម-សេដ្ឋកិច្ចក្នុងគោលដៅរួមចំណែកគ្រប់គ្រងឲ្យបាននូវការឆ្លងរាលដាលជំងឺកូវីដ-១៩,បញ្ចៀសនូវការអនុវត្តវិធានការបិទខ្ទប់ក្នុងទ្រង់ទ្រាយធំនាពេលអនាគត និងធានាជារួមនូវនិរន្តរភាពនៃកិច្ចដំណើការជីវភាពសង្គម-សេដ្ឋកិច្ចរបស់ប្រទេស។
ជាមួយហេតុផលខាងលើរាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រយុទ្ធនាការ ជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវី៧-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» ដែលជាការអនុវត្តដំណាក់កាលទី២ បន្តពីយុទ្ធនាការចាក់វ៉ាក់សាំង-ដំណាក់កាលទី១។ ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ នេះនឹងផ្តោតលើ៖ ទី១)-ការចាក់វ៉ាក់សាំងជូនដល់ប្រជាជនគ្រប់រូបដែលមានអាយុចាប់ពី១៨ឆ្នាំឡើងនៅក្នុងតំបន់អាទិភាពខ្ពស់។ ទី២)-ការអនុវត្តយុទ្ធនាការចាក់ វ៉ាក់សាំងឲ្យបានឆាប់រហ័សតាមថិរវេលាកំណត់និងក្រោមការសម្របសម្រួល និងការធ្វើសមកាលកម្មច្បាស់លាស់រវាងផែនការសកម្មភាពចាក់វ៉ាក់សាំង និងកាលវិភាគនៃការរំពឹងទុកអំពីការមកដល់របស់វ៉ាក់សាំង និង កាលវិភាគនៃការបញ្ជាទិញ និងការផ្គត់ផ្គងវ៉ាក់សាំងថ្មីស្របតាមតម្រូវការជាក់ស្តែង និងទី៣)-ការអនុវត្តនូវការចាក់វ៉ាក់សាំងក្នុងលក្ខណៈជាយុទ្ធនាការជាតិតាមរយៈការប្រើប្រាស់កម្លាំងសរុប(រួមបញ្ចូលនូវមន្ត្រី-បុគ្គលិកគ្រប់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ, អ្នកស្ម័គ្រចិត្ត និងពេទ្យឯកជន) និងមធ្យោបាយសរុបរបស់ជាតិឱ្យសម្រេច បានឆាប់រហ័សតាមតែអាចធ្វើទៅរួចនិងដោយធានាឲ្យបាននូវរបៀបរៀបរយនិងសណ្តាប់ធ្នាប់ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូដ-១៩ពិសេសតាមរយៈគោលការណ៍នាំយកសេវា ទៅកៀកបំផុតជូនប្រជាពលរដ្ឋ៕
ដោយៈជម្ពូនុទ