ឯកឧត្តម វ៉ី សំណាង គូសបញ្ជាក់ថា ទីណាដែលបងប្អូនប្រជា ពល រដ្ឋមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជា

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម វ៉ី  សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ បានថ្លែងថា ទីណាដែលបងប្អូនប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជា ថ្លែងដូច្នេះធ្វើឡើង ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់២៦គ្រួសារ នៅក្នុងភូមិសំពៅង ឃុំព្នាយ ស្រុកសំរោទង ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម បានលើកឡើងបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងកាលៈទេសៈណាក៏ដោយ តែងតែគិតគូដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ  ហើយតែងចូលរួមជួយទំនុកបំរុងផ្តល់នូវស្បៀងអាហារហូបចុកដល់បងប្អូនដែលកំពុងជួបប្រទះនូវការខ្វះខាត ផ្តល់នូវទីជម្រកដល់បងប្អូនដែលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិ និងចូលរួមដោះស្រាយគ្រប់បញ្ហាដល់ជនរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយគ្មានទីពឹង កុមារកំព្រា ជាដើម។ ហើយជាក់ស្តែងសម្រាប់ថ្ងៃនេះក្រោយបងប្អូនជួបនូវបញ្ហាខ្យល់កន្ត្រាក់ខូចខាតផ្ទះសម្បែង គណកម្មាធិការសាខាកាកបាទក្រហមខេត្ត ដែលជាសេនាធិការ       សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានចុះមកដល់ទីតាំងរងគ្រោះភ្លាមៗដោយនាំយកអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់មកប្រគល់ និងចែកជូនដល់បងប្អូនដែលរងផលប៉ះពាល់បានទាន់ពេលវេលា។

ឯកឧត្តម វ៉ី សំណាង ក៏បានលើកឡើងពីបរិយាការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទូទាំងប្រទេសកម្ពុជា សព្វថ្ងៃត្រូវបានរងនូវការគម្រាមគំហែងដោយជំងឺសកល ដែលផ្តើមចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ដូច្នេះយើងត្រូវតែបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានការការពារដែលក្រសួងសុខាភិបាល ដែលបានដាក់ចេញអោយបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត។

សូមបញ្ជក់ថា រដូវវស្សាបានឈានចូលមកដល់! ប៉ុន្តែខ្យល់កន្ត្រាក់លាយលំ នឹងព្រិលទឹកកក បានបំផ្លាញផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ អស់ចំនួនជិត 200 ខ្នង។ ដោយក្នុងនោះស្រុកឧដ្ដុង្គ   រង​គ្រោះធ្ងន់ជាងគេ 114ខ្នង ទាំងធ្ងន់ មធ្យម ហើយនិងស្រាល, ស្រុកសំរោងទង 54 ខ្នង, ស្រុកថ្ពង 17 ខ្នង ស្រុកឱរ៉ាល់02ខ្នង៕ ដោយ៖ម៉ុន សំអាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner