នគរបាលក្រុងហូជីមិញ និងខេត្តឡុងអាង ប្រទេសវៀតណាម ឧបត្ថម្ភសម្ភារៈសុខាភិបាល និងថវិកា ជូននគរបាលប្រទេសកម្ពុជា សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
សម្ភារៈសុខាភិបាលជាច្រើន រួមនឹងថវិកា មួយចំនួន បំរើលើការងារប្រយទ្ធប្រឆាំងជំងឺកូវីដ១៩ ត្រូវបាន នគរបាលក្រុងហូជីមិញ និងនគរបាលខេត្តឡុងអាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឧបត្ថម្ភជូននគរបាលរាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅគ្រាដែលនគរបាលនៃក្រុងខេត្ត នៃប្រទេសទាំង២ បាននឹងនៅជួរមុខចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជំងឺដ៏កាចសាហាវនេះបានកំពុងឆ្លងរីករាលដាលនៅក្នុងសហគមន៍នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលនាំឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង២នេះស្លាប់ជាបន្តបន្ទាប់ផងដែរ ។ ពិធីប្រគល់និងទទួលសម្ភារៈសុខាភិបាលបានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវលិ៍្ល ខេត្តស្វាយរៀង និងច្រកទ្វារព្រំដែនអន្តរជាតិ ប៊ិន ហៀប ខេត្តឡុងអាង គណៈប្រតិភូនគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជីវ លី ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំណែកភាគីនគរបាលក្រុងហូជីមិញ និងនគរបាលខេត្ត ឡុង អាង ដឹកនាំប្រតិភូដោយលោក ឧត្តមសេនីយ៍ត្រី កៅ ដាំងហឹក ស្នងការរងនគរបាលក្រុងហូជីមិញ តំណាងលោកឧត្តមសេនីយ៍ត្រី ឡេង ហុងណាម ស្នងការនគរបាលក្រុងហូជីមិញ។
លោក ឧត្តមសេនីយ៍ត្រី កៅ ដាំងហឹក ស្នងការរងនគរបាលក្រុងហូជីមិញ បានលើកឡើថា ការឧបត្ថម្ភនូវគ្រឿងសម្ភារៈសុខាភិបាល និងថវិកា នៅពេលនេះ គឺជាការបង្ហាញនូវការបង្កើនកិច្ចសហប្រតិបត្តិការរឹតចំណងមិត្តភាព សាមគ្គឺភាព រវាងនគរបាលក្រុងហូជីមិញ នគរបាលខេត្តឡុងអាង នៃប្រទេសវៀតណាម ជាមួយនគរបាលរាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និង ខេត្តព្រៃវែង ឱ្យកាន់តែរឹងមាំ និងការចែករំលែកបទពិសោធន៍សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលជំងឺកូវីដ១៩ កំពុងប្រឈមចំពោះមុខ នៃការរាតត្បាត នៅក្នុងប្រទេសទាំង២គឺវៀតណាម -កម្ពុជា។
លោកឧត្តមសេនីយ៍ត្រី ជីវ លី ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្នងការនគរបាលក្រុងហូជីមិញ និងស្នងការនគរបាលខេត្តឡុងអាង ដែលបានបរិច្ចាគនូវសម្ភារៈសុខាភិបាល និងថវិកា មួយចំនួន ជូនដល់នគរបាលកម្ពុជា ប្រើប្រាស់បង្ការកូវីដ១៩ ។
សម្ភារៈសុខាភិបាលផ្តល់ជូនមាន៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានម៉ាស់ចំនួន១២កេសធំ ថ្នាំសម្លាប់មេរោគចំនួន៣០ធុង ថវិកាចំនួន២០០លានដុង និងឯកសណ្ឋានមួយចំនួន។ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្នុងមួយខេត្ត ទទួលបានម៉ាស់៤កេសធំ, ថ្នាំសម្លាប់មេរោគ២០ធុង និងថវិកា១០០លានដុង វៀតណាម៕