អភិបាលរាជធានីភ្នំពេញ ចាត់ក្រុមការងារយកថវិការបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនស្ដ្រីសម្រាលកូននៅតំបន់ក្រហម
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានចាត់តំណាងដែលមានលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាន រាជធានីភ្នំពេញ និងជាលេខាធិការដ្ឋានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាំយកថវិកាចំនួន៥លានរៀល របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនស្ដ្រីម្នាក់ដែលសម្រាលកូនដោយខ្លួនឯង នៅក្នុងបន្ទប់ជួលទាំងយប់ និងមានជីវភាពខ្វះខាតខ្លាំង និងស្នាក់នៅក្នុងតំបន់ក្រហម ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញបញ្ជូនមកកាន់មន្ទីរពេទ្យ។
អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំនួន៥លានរៀលនេះ បានប្រគល់ជូននារីវ័យក្មេងរូបនេះ នាយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យសម្ភពក្រុង ក្នុងខណ្ឌ៧មករា ក្រោយពីស្ដ្រីរូបនេះ បានទទួលថវិកាចំនួន១០លានរៀល ពីសម្តេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៨ ខែឧសភាម្សិលមិញ ពោលគឺក្រោយពីនាងសម្រាលកូនរួចភ្លាម។
លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា ស្ត្រីសំរាលកូនដោយខ្លួនឯងនេះ មានឈ្មោះ ញាណ ចាន់ស៉ីណា អាយុ១៧ឆ្នាំ មុខរបរលក់ម្ហូបអាហារចល័ត តាមមុខរោងចក្រ ស្នាក់នៅផ្ទះជួលបន្ទប់លេខ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ម្តាយបង្កើតរបស់ស្ដ្រីរូបនេះ បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចទាំងទ្វេ ដែលបានជួយកូនស្រីគាត់ និងរូបគាត់ ខណៈកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងគ្រានេះ។ គាត់បញ្ជាក់ថា ម្តាយ និងកូនស្រីម្នាក់នេះ បានព្យាយាមទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វាម្តងហើយ តែមិនបានសម្រេច ដោយសារពិបាកចិត្តខ្លាំងដោះស្រាយរឿងជំពាក់ថ្លៃឈ្នួលផ្ទះគេ២ខែ គ្មានលុយសង ហើយនៅពេលនេះជួបទុកធំម្តងទៀត បានសម្តេចទាំងទ្វេជួយម្តាយ និងកូនគាត់ មានក្តីសង្ឃឹមក្នុងជីវីតជាថ្មីហើយ និងមិនភ្លេចសម្តេចទាំងទ្វេអស់មួយជីវិត។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកថវិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំនួន១០លានរៀល យកទៅជូនប្អូនស្រី ញាណ ចាន់ស៊ីណា ដែលបានសម្រាលកូនដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដែលត្រូវបានក្រុមការងារសង្កាត់ ភូមិបញ្ជូនមកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ៕