វៀតណាម៖ គ្រូពេទ្យម្នាក់បានស្លាប់ពេលចាក់វ៉ាក់សាំងរួច ខណៈប្រទេសនេះចាក់ AstraZeneca
ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNexpress បានចេញផ្សាយថា មន្ត្រីសុខាភិបាលជាស្ត្រី វ័យ៣៥ឆ្នាំម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ ស្ថិតក្នុងខេត្ត An Giang ក្រោយពេលចាក់វ៉ាក់សាំងរួច។
ប្រភពមិនបានបញ្ជាក់ថា ជនរងគ្រោះបានចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទអ្វីនោះទេ ប៉ុន្តែវៀតណាមបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង AstraZeneca តាំងពីថ្ងៃទី៨ មីនា ២០២១ ក្នុងនោះ គិតត្រឹមថ្ងៃសុក្រ សប្តាហ៍មុន មានមនុស្សជិត៧៥ម៉ឺននាក់ ក្នុងក្រុង-ខេត្តចំនួន៥៧នៃប្រទេសវៀតណាមបានចាក់វ៉ាក់សាំងរួចហើយ។ ក្រុមអាទិភាពទទួលការចាក់គឺជាបុគ្គលិកសុខាភិបាល ក្រុមការងារយកសំណាក ក្រុមការងារស្រាវជ្រាវ នគរបាល និង កងទ័ព។
បច្ចុប្បន្ន វៀតណាមទទួលបានវ៉ាក់សាំងអង់គ្លេសប្រភេទនេះចំនួន២លើកមកហើយ ក្នុងនោះ លើកទី១ ចំនួន១១៧៦០០ដូស កាលពីខែកុម្ភៈ និងលើកទី២ ចំនួន៨០ម៉ឺនដូស កាលពីចុងខែមីនា ស្ថិតក្រោមកម្មវិធីកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក។ តាមគម្រោង យន្តការកូវ៉ាក់នេះនឹងផ្តល់វ៉ាក់សាំង១លាន៦សែនដូសទៀតជូនវៀតណាម នាថ្ងៃចន្ទ ទី១០ ឧសភា ២០២១នេះ។
ចំពោះមូលហេតុនៃការស្លាប់ដំបូង ក្រោយការចាក់វ៉ាក់សាំង ត្រូវបានមន្ទីរសុខាភិបាលខេត្ត An Giang បញ្ជាក់ថា បណ្តាលមកពីប្រតិកម្មអាណាហ្វីឡាក់ទិច ដោយសារតែប្រតិកម្មអាឡែហ្ស៊ីថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត។ អ្នកគ្រូពេទ្យរូបនេះត្រូវបានចាក់វាក់សាំង កាលពីព្រឹកថ្ងៃទី៦ ឧសភា ហើយបានស្លាប់នៅថ្ងៃទី៧ ឧសភា។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្យាបាលផងដែរ ក្រោយការចាក់រួចមានអាការៈមិនស្រួលខ្លួន តែមុនពេលចាក់ ត្រូវបានពិនិត្យសុខភាពដែរថាមិនមានបញ្ហាអ្វីទេ៕