ប្រជាពលរដ្ឋជិត ៤០ម៉ឺននាក់ នៅតំបន់ក្រហមបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល៩ថ្ងៃ

អត្ថបទដោយ៖
ធី ដា

រយៈពេល៩ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៩ឧសភាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត៤០ម៉ឺននាក់ហើយ។ តាមរបាយការណ៍បានបង្ហាញថា នៅថ្ងៃទី៩ឧសភា ក្រុមការងារចាក់បាន៤ម៉ឺន៨ពាន់៨០នាក់ សរុបរយៈពេល៩ថ្ងៃចាក់បានចំនួន ៣៩ម៉ឺន៩ពាន់៦១៧នាក់។

របាយការណ៍បានបង្ហាញថា ក្នុងចំណោមអ្នកចាក់ទាំងជិត៤០ម៉ឺននាក់នោះ មានចំនួន៦ខណ្ឌដែលជាតំបន់ក្រហម រួមមាន ណ្ឌមានជ័យ ចាក់បាន ៨ម៉ឺន៥ពាន់១១៧នាក់, ខណ្ឌដង្កោ ចាក់បាន ១០ម៉ឺន៩០៥នាក់, ខណ្ឌកំបូល ចាក់បាន ៧ម៉ឺន៨២៨នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៣ម៉ឺន២ពាន់៦៨០នាក់, ខណ្ឌឫស្សីកែវ ចាក់បាន ៨ពាន់៩១៩នាក់ និងខណ្ឌទួលគោក ចាក់បាន ១ពាន់១៦៨។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានកត់សម្គាល់ឃើញថា ដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បើទោះបីមានការលំបាក និងស្មុគស្មាញបន្តិច ព្រោះស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩នោះ តែដំណើរការរក្សាបានភាពល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនទៅតាមផែនការ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ឧសភាមក រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៦រួមមាន ខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក ដែលមានប្រជាពលរដ្ឋត្រូវចាក់ក្នុងតំបន់ក្រហម៦ខណ្ឌនោះ មានចំនួនសរុបជាង៦០ម៉ឺននាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner