សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដូសទី២ នៅវិមានរដ្ឋសភា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ (AstraZeneca) ដូសទី២ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដែលបានខិតខំកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សំាងមកចាក់ជូនប្រជាពលរដ្ឋ ដែលតាមគម្រោងឱ្យបានប្រមាណ១០លាននាក់ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ឈានទៅគ្រប់គ្រងបានលើវីរុសកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ចនិងសង្គមជាតិ ចេញពីវិបត្តិជាសកលនេះក្នុងពេលឆាប់ៗខាងមុខនេះ។
ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណផងដែរ ដល់បណ្តាប្រទេសជាមិត្ត ពិសេសសាធារណរដ្ឋប្រមានិតចិន និងដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតដូចជាអង្គការសុខភាពពិភពលោកជាដើម ដែលមានជួយឧបត្ថម្ភវ៉ាក់សំាងនិងជំនួយបច្ចេកទេស សម្ភារៈវិទ្យាសាស្រ្តជាច្រើនដល់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ នាពេលកន្លងមក។
សម្តេចបានអំពាវនាវនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សំាងដោយឥតគិតថ្លៃនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីកាពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន។ ជាមួយគ្នានេះសម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តវិធានការអនាម័យ “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ទោះជាបានទទួលវ៉ាក់សំាងការពារហើយក្តី។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩នៅតែបន្តគំរាមកំហែងពិភពលោកក៏ដូចជាកម្ពុជា ក្នុងស្ថានភាពខ្លំាងក្លានៅឡើយ។ ដូច្នេះដើម្បីការពារទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងរាលដាលកាន់តែខ្លំាងឡើង កត្តាសំខាន់បំផុតគឺការចូលរួមនិងការបេ្តជ្ញាចិត្តពីបុគ្គលម្នាក់ៗ ទើបសង្គមជាតិអាចគេចផុតពីជំងឺរាតត្បាតនេះបាន។
សូមជម្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត បានរៀបចំកម្មវិធីចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca) ដូសទី២ ជូនថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា និងក្រុមគ្រួសារ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណវិមានរដ្ឋសភាតែម្តង៕