ក្រុមហ៊ុនបំពង់បង្ហូរប្រេងធំបំផុតរបស់សហរដ្ឋអាមេរិក ទទួលរងការវាយប្រហារតាមអ៊ីនធើណិតដោយមេរោគ Ransomware ពីពួក Hacker

អាមេរិក៖ រដ្ឋាភិបាលអាមេរិក នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានសម្រេច ប្រកាសស្ថានអាសន្ន ក្រោយបំពង់បង្ហូរប្រេងដ៏ធំបំផុតនៅសហរដ្ឋអាមេរិក ត្រូវទទួលរងការវាយប្រហារតាមអ៊ីនធើណិតដោយមេរោគ រ៉េនហ្ស៊មវ៊ែរ (Ransomware) របស់ពួក ហ៊ែគឃើរ (Hacker) ។
ការវាយប្រហារដោយមេរោគខាងលើនេះ ត្រូវបានគេដឹងថា ជាស្នាដៃរបស់ក្រុមឧក្រិដ្ឋជនតាមអ៊ីនធើណិតឈ្មោះ ដាក សាយ (Dark Side) ដែលបានជ្រៀតចូលបណ្តាញណេតវើករបស់ក្រុមហ៊ុន ខូឡូនីល ផាយឡាញ (Colonial Pipeline) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងបានចាប់យកទិន្នន័យទំហំជិត១០០ជីហ្គាបៃធ្វើជាចំណាប់ខ្មាំង ។ បន្ទាប់ពីរឹបអូសយកទិន្នន័យបានហើយ ពួក Hacker បានចាក់សោទិន្នន័យនៅលើកុំព្យូទ័រ និងម៉ា ស៊ីនមេមួយចំនួន ហើយទាមទារប្រាក់លោះកាលពីថ្ងៃសុក្រសប្តាហ៍មុន ។ ប្រសិនបើក្រុមហ៊ុនមិនព្រមបង់ប្រាក់ទេ ពួកគេគំរាមទម្លាយទិន្នន័យទាំងនោះនៅលើអ៊ីនធើណិត ។ ទន្ទឹមគ្នា ក្រុមហ៊ុន ខូឡូនីល ផាយឡាញ បញ្ជាក់ថា ខ្លួនកំពុងធ្វើការជាមួយមន្ត្រីអនុវត្តច្បាប់ អ្នកជំនាញសន្តិសុខតាមអ៊ីនធើណិត និងក្រសួងថាមពល ដើម្បីស្តារសេវាកម្មឡើងវិញ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ខូឡូនីល ផាយឡាញ បានបង្ហូរប្រេងតាមបំពង់ប្រមាណ២.៥ លានបារ៉ែលក្នុងមួយថ្ងៃ គឺស្មើប្រហែល៤៥ភាគរយនៃការផ្គត់ផ្គង់ប្រេងម៉ាស៊ូត ប្រេងសាំង និងប្រេងយន្តហោះនៅឆ្នេរខាងកើតរបស់សហរដ្ឋអាមេរិក ។ ការប្រកាសស្ថានភាពអាសន្នខាងលើនេះ អាចអនុញ្ញាតអោយក្រុមហ៊ុនដឹកជញ្ជូនប្រេងឥន្ធនៈតាមផ្លូវគោកបាន ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner