កម្លាំងអន្តរាគមន៍ប្រមាណជាង៨០នាក់ នៅតំបន់ក្រហមមាន​ផ្ទុកមេរោគ​ឆ្លងកូវីដ-១៩

ភ្នំពេញ៖ មេរោគឆ្លងកូវីដ-១៩ ត្រូវបានរកឃើញនៅកម្លាំងនគរបាលជាតិកងអន្តរាគមន៍ប្រមាណជាង ៨០ នាក់ ។ ក្រុមកម្លាំងអន្តរាគមន៍ទាំងនេះ ជាក្រុមប្រចាំការ នៅទីតាំងសំបូរប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ នៅរសៀលថ្ងៃទី ១០ ឧសភានេះថា កងកម្លាំងនគរបាលជាតិកងអន្តរាគមន៍ពិតជាបានឆ្លងជំងឺកូវីដ-១៩ ពិតប្រាដកមែន។ ហើយកងកម្លាំងទាំងអស់នោះ ជាក្រុមការងារប្រចាំការនៅក្នុងតំបន់ក្រហមចំណុចច្រមុះជ្រូកស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ចំពោះប្រភពចម្លងវិញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន មិនទាន់បានដឹងនោះទេ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ថ្លែងថា “ឆ្លង៤៤នាក់ បូកសរុបជាមួយ ​​និងនគរបាលអន្តរាគមន៍​ទាំងអស់ទៅ​ប្រហែលជាជាង ៨០នាក់កន្លងទៅ”។

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ធ្លាប់បានអះអាងថា កងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីមូលដ្ឋានមួយចំនួន បានឆ្លងជំងឺកូវីដ១៩ ពេលចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម កើត ឆែ បានថ្លែងថា មានមន្ដ្រីមួយចំនួនទៀតដែលយាម ឬប្រចាំការនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ ក៏បានឆ្លងដូចគ្នាផងដែរ និង មន្ដ្រីមួយចំនួនទៀត ក៏កំពុងជាប់ចត្តាឡីស័ក។

គួរបញ្ជាក់ថា គិតត្រឹម ថ្ងៃទី១០ ខែឧសភា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៩,៧៤៣នាក់ ជាសះស្បើយសរុបចំនួន ៧,៨២០នាក់ និងអ្នកកំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យចំនួន ១១,៩២៣នាក់ ហើយករណីស្លាប់ ១២៦នាក់។អ្នកឆ្លងភាគច្រើននៅក្នុងរាជធានីភ្នំពេញ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner