វ៉ាក់សាំងប្រឆាំងកូវីដ១៩ ស៊ីណូវ៉ាក់៥០ម៉ឺនដូស​ បានមកដល់កម្ពុជា ខណៈ១,៥ លានដូសទៀតនឹងមកដល់ឆាប់ៗ

ភ្នំពេញៈវ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូស បានមកដល់កម្ពុជានៅព្រឹកថ្ងៃអង្គារទី១១ ខែឧសភាឆ្នាំ២០២១។ នេះជាវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន។

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅមុននេះបន្តិចថា វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន១,៥លានដូសបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា។

សម្តេចតេជោបានបន្តថាវ៉ាក់សាំងកូវីដ១៩ជាផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារ សុខភាពរបស់ប្រជាពលរដ្ឋពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលបានស្វះស្វែងរកវ៉ាក់សាំងហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

ដោយឡែកនៅព្រឹកថ្ងៃទី១១ខែឧសភភានេះដែរ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភភិបាល បានជូនដំណឹងថា ក្នុងខែឧសភានេះ វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់។ ក្នុងនោះថ្ងៃនេះចំនួន៥០ម៉ឺនដូស, នៅថ្ងៃទី១៦ឧសភាចំនួន៥០ម៉ឺនដូស និងថ្ងៃទី២៣ឧសភាចំនួនមួយលានដូស។

សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន១,៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) ៣២៤.០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។

សម្តេចតេជោហ៊ុនសែន បានបញ្ជាក់នៅថ្ងៃនេះថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំង កូវីដ១៩ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕
ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner