ខ្សែការពារ ឃឹម បូរី ប្រាថ្នាចង់ក្លាយជាគ្រូបង្វឹក និងចង់ឃើញក្រុមកម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រ ស៊ីហ្គេម ២០២៣

ខ្សែការពាររបស់ក្លិបណាហ្គាវើលដ៏ ឃឹម បូរី បានបង្ហាញនូវបំណងប្រាថ្នាចង់ក្លាយជាគ្រូបង្វឹក ក្រោយពេលបញ្ចប់ជាអាជីព ពីកីឡាករបាល់ទាត់ នឹងចង់ប្រាថ្នាចង់ឃើញក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ ពេលទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
អតីតកីឡាករជម្រើសជាតិកម្ពុជា ប្រកបដោយទេពកោសល្យ និងសម្បូរដោយបទពិសោធន៍ដ៏ច្រើន បានបង្ហាញនូវក្តីស្រម៉ៃគឺចង់ឃើញយុវជន និងកីឡាករកម្ពុជាមានឱកាសលេងនៅក្លឹបក្រៅស្រុកឲ្យជាច្រើននាក់ ដើម្បីបន្តដំណើរការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយអ្វីដែលដែលពិសេសនោះ បូរី ចង់ឃើញក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង ។


កីឡាករវ័យ ៣៥ឆ្នាំ នៅតែបង្ហាញនូវភាពលេចធ្លោ ក្នុងនាមជាខ្សែរការពាររបស់ក្លិបណាហ្គាវើល បានបង្ហាញនូវជីវប្រវត្តិសង្ខេបក្នុងអាជីពបាល់ទាត់នេះថា ខ្លួនបានចូលរួមប្រឡូកក្នុងអាជីពបាល់ទាត់នៃក្លិបក្រសួងការពារជាតិ ដែលជាសមាជិកក្របខ័ណ្ឌលីគកំពូលកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦ដល់ឆ្នាំ២០១០, ឆ្នាំ២០១១ លេងនៅក្លឹបបាល់ទាត់ស៊ីសាកេត ប្រទេសថៃ (ក្នុងលក្ខខណ្ឌខ្ចីជើង), ឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ លេងនក្លិបភ្នំពេញក្រោន ពីឆ្នាំ២០១៥ដល់បច្ចុប្បន្ន លេងឲ្យណាហ្គាវើលដ៍ ។ ជាប់ជាជម្រើសជាតិកម្ពុជា ក្នុងឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ (រកបាន១១គ្រាប់) ។ ពានផ្ទាល់ខ្លួន ស្បែកជើងមាស លីគរដូវកាល ២០០៨ (ចំនួន១៨គ្រាប់) ។ ពានរង្វាន់ក្លឹបឈ្នះលីគ រដូវកាល២០១៤ ជាមួយភ្នំពេញក្រោន, រងជើងឯក ពានរង្វាន់ AFC president cup ២០១១ជាមួយភ្នំពេញក្រោន, ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន២០១០ ជាមួយក្រសួងការពារជាតិ, ឈ្នះពានលីគ ឆ្នាំ២០១៨ ជាមួយ ណាហ្គាវើលដ៍ ។


លេងក្នុងក្រុមជម្រើសជាតិកម្ពុជារយៈពេល៨ឆ្នាំ ឃឹម បូរី នៅតែចង់រួមចំណែកជួយអភិវឌ្ឍវិស័យកីឡា តាមរយៈឆន្ទៈចង់ក្លាយជាគ្រូបង្វឹក នាថ្ងៃអនាគត ដើម្បីជួយបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យកាន់តែរីកចម្រើន ។ អ្វីដែលសំខាន់មួយទៀត គឺចង់មើលឃើញក្រុមគោព្រៃកម្ពុជា ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ស៊ីហ្គេម ឆ្នាំ២០២៣ តែម្តង ដើម្បីមោទនភាពជាតិទាំងមូល បន្ទាប់ពីវិស័យកីឡាបាល់ទាត់កម្ពុជាបានកសាងប្រវត្តិសាស្ត្រថ្មី ឆ្លងផុតវគ្គចែកពូល ហើយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង នៅស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ។


សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ធ្លាប់បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងជាប្រវត្តិសាស្រ្ត កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដោយដណ្តើមបានលេខ៤ ។ ក្រោយពីបានយកឈ្នះក្រុមម៉ាឡេស៊ី ៣-១ នៃវគ្គសន្សំពិន្ទុក្នុងពូលA ដែលក្រុមកម្ពុជា ក្នុងឋាន:ជាក្រុមលេខ២មាន៧ពិន្ទុ និងមីយ៉ាន់ម៉ា លេខ១ មាន១០ពិន្ទុ នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ។ ក្រុមគោព្រៃកម្ពុជា បានប្រកួតចាញ់ក្រុមវៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ០ទល់៤ ហើយធ្លាក់ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ជាមួយក្រុមមីយ៉ាន់ម៉ា ដែលឡើងមកពីពូលAជាមួយគ្នា ។ ក្រុមកម្ពុជាបានប្រកួតចាញ់ដោយលទ្ធផលទាត់បាល់១១ម៉ែត្រកាត់សេចក្តី ក្នុងលទ្ធផល ៤ទល់៥ ក្រោយរក្សាលទ្ធផលពេញម៉ោង៩០នាទីស្មើគ្នា ២ទល់២ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner