ប្រមុខរាជរដ្ឋាភិបាល អបអរសាទរបងប្អូនខ្មែរឥស្លាម ដែលបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌន ប្រកបដោយជោគជ័យ

ភ្នំពេញ៖ តាមរយៈ Facebook ផ្លូវការនៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារអបអរសាទរ និងជូនពរជ័យ ដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោក ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនឥស្លាមកម្ពុជា ដែលចូលរួមថែរក្សាសុខសន្តិភាព ដោយជំនឿជឿជាក់ លើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការរបស់សម្តេចថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃព្រហស្បតិ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤២ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ២ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ដែលត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់ លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់សេចក្តីសម្រេច សារាចរណែនាំ និងវិធានការនានា របស់រាជរដ្ឋាភិបាល ។

នៅក្នុងពេលវេលាដែលប្រទេសយើង កំពុងតែប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ ខ្ញុំសូមអំពាវនាវ ឱ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នទ្វេដង និងអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន នូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារពីជំងឺកូវីដ-១៩នេះ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានឆក់យកជីវិតមនុស្សចំនួន១៣៦នាក់រួចមកហើយ នៅប្រទេសកម្ពុជា យើងគិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ គឺយើងមិនត្រូវមានការធ្វេសប្រហែស និងមើលស្រាល ចំពោះជំងឺឆ្លងដ៏កាចសាហាវនេះ នោះឡើយ ដោយត្រូវអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ ជាប់ជានិច្ច។

សូមបងប្អូនអញ្ជើញទៅចូលរួមយុទ្ធនាក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីបងប្អូនគ្រួសារបងប្អូន និងជាតិរបស់យើង ។

ខ្ញុំ និងភរិយា សូមបួងសួងអោយបងប្អូនទាំងអស់ទទួលបាន នូវសេចក្កីសុខ ស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់ ពីអល់ឡោះគ្រប់ៗគ្នា និងសុំអោយអល់ឡោះ ទទួលយកនូវកុសលផល បុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌន ដែលបងប្អូនបានប្រតិបត្តិកុំបីខានឡើយ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner