អភិបាលខេត្តស្ទឹងត្រែងថ្លែងថា៖ ផ្លូវ និងស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម

អត្ថបទដោយ៖
ជា សេឌី

ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តទៅតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនា    បតីតេជោ ហ៊ុន សែន នាយករដ្ឋកន្ត្រី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវមួយខ្សែ តភ្ជាប់ពីត្រើយម្ខាងនៃស្ពានមិត្តភាព កម្ពុជា-ចិន សេកុង ឆ្ពោះទៅកាន់ភូមិហាងខូបាន ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ផ្លូវ១ខ្សែនេះ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ជូនដល់ប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្ត ដើម្បីស្ថាបនា  និងតភ្ជាប់ពីចំណុចត្រើយម្ខាង នៃគល់ស្ពានមិត្តភាព កម្ពុជា-ចិន សេកុងឆ្ពោះទៅភូមិហាងខូបាន ដែលបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការធ្វើដំណើរ។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ផ្លូវ  និងស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀន នៅថ្ងៃខាងមុខ។

ឯកឧត្តម បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ បើទោះបីស្ថិតក្នុងបរិបទនៃការរាលដាលជម្ងឺកូវីដ-១៩ យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅតែបន្តការខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ក្រុមការងារស្ថាបនាផ្លូវ ត្រូវខិតខំប្រឹងប្រែងក្នុងការស្ថាបនាឲ្យបានលឿននិងស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវដើម្បីឲ្យការប្រើប្រាស់ផ្លូវបានយូអង្វែង ។

សូមបញ្ជាក់ផងដែរថា៖ ផ្លូវកំពុងស្ថាបនាពេលនេះ ជាប្រភេទផ្លូវក្រាលក្រួសក្រហម ប្រវែង៤.៤៨០ម៉ែត្រ ទទឹង៧ម៉ែត្រ និង៩ម៉ែត្រ ចាប់ពីគល់ស្ពានសេកុង ដល់ព្រំប្រទល់ឃុំសាមឃួយ ស្រុកសេសាន ។ ក្នុងនោះមានការងារចាក់ដីបំពេញទីធ្លាគល់ស្ពានសេកុង ដាក់លូប្រអប់ និងលូទោលគ្រប់ប្រភេទ ព្រមទាំងតម្លើងស្ពានដែកបាទ្បេ (នៅចំណុចអូរសាឃូន) ចំនួន១កន្លែង ដែលមានប្រវែង៣៦ម៉ែត្រ ផងដែរ៕ម៉ា វិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner