អភិបាលខេត្តស្ទឹងត្រែង អំពាវនាវឱ្យរួមគ្នាគោរពច្បាប់ការងារ និងចូលរួមបង្ការការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម  ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់កម្មករ និយោជិត ដែលកំពុងបំរើការងារនៅក្នុងក្រុមហ៊ុនហ្គ្រែនស៊ី ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសនានាទាំងអស់ ត្រូវរួមគ្នាអនុវត្តវិធានការសុខាភិបាល ដើម្បីរក្សារស្ថេរភាពការងាររបស់ខ្លួន ស្របពេលដែលក្រុមហ៊ុន បានផ្តល់ការងារ និងកំពុងដំណើរការប្រមូលផល និងការវិចខ្ចប់ផ្លែស្វាយ ៣ប្រភេទ នាំឆ្ពោះទៅកាន់ទីផ្សារក្រៅប្រទេស។

ការថ្លែងបែបនេះធ្វើឡើងនៅក្នុងឱកាស ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៥ «ទិវាពលកម្មអន្តរជាតិ»  ដែលមានការចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក កងកម្លាំងទាំង៣ ថ្នាក់ដឹកនាំមន្ទីរពាក់ព័្ធននៅជុំវិញខេត្ត តំណាងក្រុមហ៊ុន និងកម្មករ កម្មការនីផ្នែកវិចខ្ចប់ ប្រមាណ ១០០នាក់ នាថ្ងៃទី១៣ឧសភាឆ្នាំ២០២១ នៅក្នុងក្រុមហ៊ុនហ្គ្រែនស៊ី ស្ថិតនៅភូមិឬទ្ធីសែនជ័យ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ឯកឧត្តម អភិបាលខេត្តក៏ បានជម្រុញដល់ម្ចាស់ក្រុមហ៊ុន ដែលជាភាគីនិយោជក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ជូនកម្មករ និយោជិត ដោយត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺវិធានការ ៣កុំ និង៣ការពារឲ្យខាងតែបាន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩  បើទោះបីខេត្តស្ទឹងត្រែង នាបច្ចុប្បន្ននេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ មួយករណីក៏មែនពិត តែអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការបានទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង បានចាត់ទុកកម្លាំងកម្មករ កម្មការនី គឺជាចលករមួយយ៉ាគងសំខាន់ ក្នុងការជួយជម្រុញឲ្យមានកំណើនផ្នែកការងារ  សេដ្ឋកិច្ចជាតិ និងគ្រួសារ ហើយក៏ជាកម្លាំងទ្រទ្រង់ក្រុមហ៊ុនទាំងមូល ធ្វើឲ្យមានការរីកចំរើនទៅមុខបានយ៉ាងល្អប្រសើរ តាមរយៈការនាំផលិតផលក្នុងស្រុក ចេញទៅកាន់ទីផ្សារក្រៅប្រទេស។

 ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ត្រូវបន្តអនុវត្ត ច្បាប់ ស្តីពី ការងារឲ្យទទួលបាន នូវប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់ ដើម្បីធានាបាននូវការលើកកម្ពស់សន្តិសុខ ស្ថេរភាពសង្គម និងបង្កលក្ខណៈងាយស្រួលដល់វិនិយោគគិន ដែលបាននិងកំពុងវិនិយោគ ក៏ដូចជា កម្មករ និយោជិតទាំងអស់ ក្នុងខេត្តស្ទឹងត្រែង ផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner