អភិបាលខេត្តព្រះសីហនុ ស្នើឲ្យខេត្តកែប ចាត់វិធានការច្បាប់ចំពោះបុគ្គលដែលគេចចេញពីការធ្វើចត្តាឡីស័ក

អត្ថបទដោយ៖
ធី ដា

យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា រោងចក្រដាប់ប៊ែលយូអ៊ីស៊ី មេនូហ្វេកធើរីង មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានករណីឆ្លងជំងឺកូវីដ-១៩ដល់កម្មករ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុចេញសេចក្ដីជូនដំណឹងផ្អាកជាបណ្ដោះអាសន្នដំណើរការអាជីវកម្មដើម្បីឲ្យបុគ្គលិក កម្មករ និយោជិតក្នុងរោងចក្រយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងបានណែនាំឲ្យធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាន។

ប៉ុន្តែក្នុងអំឡុងពេលនេះ រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានថា មានកម្មករម្នាក់នៃរោងចក្រនោះមានឈ្មោះ ហំ សុវណ្ណៈ ភេទប្រុស អាយុ២១ឆ្នាំ មានអាសយដ្ឋាននៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានលួចគេចវេះចេញពីការធ្វើចត្តាឡីស័កនៅលំនៅឋានក្នុងខេត្តព្រះសីហនុ ហើយបានាធ្វើដំណើរទៅខេត្តកែប។ រដ្ឋបាលខេត្តព្រះសីហនុបានចាត់ទុកទង្វើរបស់បុគ្គលនោះ គឺជាអំពើដោយចេតនាមិនគោរពមាត្រាទី៧ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

រដ្ឋបាលខេត្តព្រះសីហនុ បានស្នើឲ្យអភិបាលខេត្តកែបចាប់វិធានការច្បាប់ចំពោះបុគ្គលល្មើសនោះឲ្យបានតឹងរ៉ឹងបំផុត។ មាត្រាទី៧ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត អំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័កដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល កាលបើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner