ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ចំនួនជាង ៣០០០គ្រួសារទៀត សរុបជាង ៤០ម៉ឺនគ្រួសារទទួលបានស្បៀងអាហារ ពីអាជ្ញាធររាជធានីភ្នំពេញ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃទី១៤ឧសភានេះ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៣១០០គ្រួសារបន្ថែមទៀត ហើយបើគិតមកដល់ពេលនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួនជាង៤០ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖សម្រាប់ថ្ងៃទី១៤ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៣១០០គ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ បានចែកជូនទៅ ប្រជាពលរដ្ឋ នៅខណ្ឌដូនពេញចំនួន៣០០គ្រួសារ ខណ្ឌ៧មករាចំនួន៥០០គ្រួសារ ខណ្ឌទួលគោកចំនួន៥០០គ្រួសារខណ្ឌច្បារអំពៅ៨០០គ្រួសារ និងខណ្ឌកំបូលចំនួន១០០០គ្រួសារ ។

មន្ត្រីដដែលបន្តថា ៖អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១៤ខែ ឧសភានេះបានចំនួន៤០២៧៥២គ្រួសារហើយ ។

គួរបញ្ជាក់ថា៖ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner