សម្តេចពិជ័យសេនា ទៀ បាញ់ : ការចាក់វ៉ាក់សាំងម្ជុលទី១ នៅតំបន់ក្រហមជិតរួចរាល់ហើយ

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១៤ ខែឧសភានេះថា ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែឧសភា នេះ តាមផែនការដែលបានរៀបចំទុក គឺការចាក់ម្ជុលទី១ (លើកទី១) ជិតអស់ហើយ ដោយមានប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងច្រើននិងជិតដល់ថ្ងៃដែល ត្រូវអនុវត្តចាក់ម្ជុលទី២។

សម្តេចពិជ័យសេនាបានបញ្ជាក់ថា យុទ្ធការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ចាប់ពីថ្ងៃទី១-១៤ ខែឧសភា ឆ្នាំ២០២១ គឺបានប្រព្រឹត្តដោយរលូនមិនមានបញ្ហាអ្វីនោះទេក្រុមការងារចាក់វ៉ាក់សាំងបាន បំពេញការងារយ៉ាងពេញលេញតាមអ្វីដែលបានប្រគល់ភារកិច្ចជូន។

ប្រមុខការពារជាតិកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា“ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមមកដល់ពេលនេះ គឺតាមផែនការដែលបានរៀបចំទុក ដោយការចាក់ម្ជុលទី១ ជិតអស់ហើយ បានច្រើនដែរហើយនិងជិតដល់ ថ្ងៃដែលត្រូវអនុវត្តម្ជុលទី២ ហើយ។ ពុំមានបញ្ហាអ្វីរារាំងដល់ដំណើរការចាក់វ៉ាក់សាំងទេគឺយើងតែងតែដោះស្រាយជា បន្តបន្ទាប់ មានបញ្ហាបន្តិចបន្តួចរឿងការសហការ ការរៀបចំប្រជាជន ក៏ដូចជាកម្មករដើម្បីមកចាក់វ៉ាក់សាំងឲ្យ មានសណ្តាប់ធ្នាប់ និងតាមលំដាប់លំដោយ គឺមានបញ្ហាតិចតួច តែវាមិនមានអីធំដុំទេ។យើងក៏ដកពិសោធន៍ជាមួយ គ្នា គឺដំណើរការនៃការសហការសហប្រតិបត្តិការគ្នា គឺកែខៃបានបានទាន់ពេលវេលាគ្រប់កាលៈទេសៈទាំងអស់”។

សម្តេចពិជ័យសេនា ទៀ បាញ់ ជឿជាក់ថា ការចាក់វ៉ាកសាំងការពារជំងឺកូវីដ១៩ជូនដល់ប្រជាពលរដ្ឋនៅតំបន់ ក្រហម គឺនឹងកាត់បន្ថយបាននូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតំបន់នោះផងដែរ។ “ការជឿជាក់របស់យើង គឺវិធានការជាច្រើនដែលយើងបានបំពេញ គឺតាំងពីការបិទខ្ទប់ តាំងពីការអំពាវនាវឲ្យពាក់ម៉ាស ការរក្សាគម្លាត ការធ្វើអនាម័យ បានដំណើរការជាបន្តបន្ទាប់។ ការជឿជាក់មួយផ្សេងទៀតគឺអំពីសារធាតុវ៉ាក់សាំងដែលវាចូល ទៅក្នុងរាងកាយរបស់ប្រជាពលរដ្ឋ គឺវាបានជួយមួយចំណែកធំជាក់ជាពុំខាន ហើយការចាក់វ៉ាក់សាំងនេះ នឹងជួយសង្គ្រោះដល់សុខភាពសាធារណៈបានមួយចំណែកទៀតនៅលើការជឿជាក់លើវ៉ាក់សាំងនេះ”។

សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាជននៅតំបន់ក្រហមរាជធានីភ្នំពេញ

សូមជម្រាបថា ការបើកយុទ្ធនាការចាក់វ៉ាក់់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម គឺបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅដោយផ្តើមចេញពីតំបន់ក្រហម។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ” វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ចំនួន ៩០ម៉ឺនដូស (សម្រាប់ដូសទី១ និងដូសទី២) ត្រូវបានប្រគល់ជូនទៅ អនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដោយ គ.វ.ក-១៩ រួចហើយដែរ។ អាជ្ញាធរមូលដ្ឋាន នឹងមានការចាត់ចែងឱ្យបងប្អូនដែលមានអាយុ ១៨ឆ្នាំឡើងបានមកចាក់វ៉ាក់សាំង នេះ ដោយមានវេន មានពេលវេលា និងទៅតាមថ្ងៃនីមួយៗ ដើម្បីបញ្ចៀសបាននូវការកកស្ទះមនុស្សដែលអាចជា ការបង្កហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។ ការចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលនេះ ក៏បាន នឹងកំពុងតែប្រព្រឹត្ត ទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់បងប្អូនមានអាយុ ១៨ឆ្នាំឡើង ដែលរស់នៅក្នុងខណ្ឌទាំង៤ នេះ បានទទួលវ៉ាក់សាំងកូវីដ-១៩ នេះ គ្រប់ៗគ្នារួចរាល់ទាំង ២ដូស មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេស នោះឡើយ ” ។

សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាជននៅតំបន់ក្រហមរាជធានីភ្នំពេញ


គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែនគឺបានប្រឹងប្រែងស្វះស្វែងយ៉ាង ខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាកុំអោយឆ្លងរោគកូវីដ-១៩។ មកទល់ពេលនេះកម្ពុជាបានទទួល បានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤.០០០ដូស៕ ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner