សម្តេច​ក្រឡាហោម ស ខេង ៖​កងកម្លាំង​នគរបាលជាតិ​បាន​កសាង​នូវ​ស្នាដៃ​ធំៗ​ជាច្រើន​ជូន​សង្គមជាតិ​ក្នុងការ​ទប់ស្កាត់ និង​បន្សាប​ឥទ្ធិពល​នៃ​ឧបាយកល​បដិវត្តន៍​ព​ណ៌ និង​ការអនុវត្ត​ផែនការ​ទុច្ចរិត​គ្រប់​រូបភាព​

ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា​កងកម្លាំង​នគរបាលជាតិ បាន​ប្រកៀក​ស្មា​ជាមួយ​កងយោធពល​ខេមរភូមិន្ទ ការពារ​បូរណភាព​ទឹកដី រក្សាបាន​នូវ​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ព្រមទាំង​បានដាក់​ចេញ​នូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​អំពើ ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​។​កងកម្លាំង​នគរបាលជាតិ​បាន​កសាង​នូវ​ស្នាដៃ​ធំៗ​ជាច្រើន​ជូន​សង្គមជាតិ ក្នុងការ​ទប់ស្កាត់ និង​បន្សាប​ឥទ្ធិពល​នៃ​ឧបាយកល​បដិវត្តន៍​ព​ណ៌ និង​ការអនុវត្ត​ផែនការ​ទុច្ចរិត​គ្រប់​រូបភាព​។​

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ដូច្នេះ​នៅក្នុង​សារលិខិត​ជូនពរ​ផ្ញើជូន​កងកម្លាំង​នគរបាលជាតិ ក្នុង​ទិវា​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី ៧៦ ថ្ងៃកំណើត​នគរបាលជាតិ នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​។​

​សម្តេច​ក្រឡាហោម​ថ្លែង​នៅក្នុង​សារ​ជូនពរ​នេះ​ថា រយៈពេល​ពេញ ១​ឆ្នាំ​កន្លងទៅនេះ​កងកម្លាំង​នគរបាលជាតិ​បាន ប្រកៀក​ស្មា​ជាមួយ​កងយោធពល ខេមរភូមិន្ទ ការពារ​បូរណភាព​ទឹកដី រក្សាបាន​នូវ​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ព្រមទាំង​បានដាក់​ចេញ​នូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​អំពើ ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​ស្រប​ពេលដែល​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ដែលមាន​ឥទ្ធិពល​ដល់​ចិត្តសាស្ត្រ​សង្គម ដូចជា លួច ឆក់ ប្លន់ រំលោភ និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​ទទួលបាន​លទ្ធផល​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។​

ទន្ទឹមគ្នានេះ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ការពង្រឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក អំពើ​ជួញដូរ មនុស្ស ពិសេស​ស្ត្រី និង​កុមារ ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ការបម្រើ​សេវា​ចាំបាច់​នានា​សម្រួល​ដល់​ជីវភាព​រស់នៅ ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​ល​។​ត្រូវបាន​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​។​កងកម្លាំង​នគរបាលជាតិ​បាន​ក្លាយជា​ចលករ​ប្រកបដោយ​ថាមពល ជំរុញ​ការអនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​»​ដែលជា​គោលនយោបាយ ជាតិ​សម្រាប់​គាំទ្រ និង​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ក្នុង​សហគមន៍​ទូទាំងប្រទេស​។

​បន្ថែម​លើ​នេះ​ទៀត​កងកម្លាំង​នគរបាលជាតិ​បានរួម​ចំណែក យ៉ាង​សស្រាក់​ស​ម្រាំ ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដោយសារ​គ្រោះធម្មជាតិ និង​គ្រោះថ្នាក់​ផ្សេងៗ ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា ស្នេហា​ប្រជាពលរដ្ឋ​ពិសេស​ក្នុងដំណាក់កាល នៃ​ការប្រយុទ្ធប្រឆាំង​ការឆ្លង​រា​ត ត្បា​ត​ជំងឺ​កូ​វីដ​-១៩ កងកម្លាំង​នគរបាលជាតិ​បាន​ចូលរួម​អនុវត្ត​យុទ្ធនាការ​ទប់ស្កាត់ ប្រកបដោយ​ឆន្ទៈ​មុត​ស្រួច និង​មាន​ស្មារតី​អង់អាច​ក្លាហាន​គួរ​ឲ្យ​កោតសរសើរ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា “​ទន្ទឹមនឹង​សកម្មភាព​ប្រកបដោយ​កិច្ចខិតខំ​ប្រឹងប្រែង​ខាងលើ​កងកម្លាំង នគរបាលជាតិ​បាន​កសាង​នូវ​ស្នាដៃ​ធំៗ​ជាច្រើន​ជូន​សង្គមជាតិ​ក្នុងការ​ទប់ស្កាត់​និង​បន្សាប​ឥទ្ធិពល​នៃ​ឧបាយកល​បដិវត្ត​ន៍ព​ណ៌ និង​ការអនុវត្ត​ផែនការ​ទុច្ចរិត​គ្រប់​រូបភាព ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដណ្ដើមយក​អំណាច ដើម្បី​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​នៅ​កម្ពុជា​”​។​

​នា​ថ្ងៃទី​១៥​ខែឧសភា​នេះដែរ ក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​ទិវា​រំ​ឮ​ក​ខួប​អនុ​ស្សារី​យ៍​លើក​ទី​៧៦១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២១) ថ្ងៃកំណើត​នគរបាលជាតិ​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ ខាងមុខនេះ​ស្រប​ពេលដែល​សង្គ្រាម​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​និង​ពុំ​អាច​កំណត់​ពេលវេលា​បញ្ចប់​បានច្បាស់លាស់​នោះ សភាពការណ៍​សន្តិសុខ​សកលលោក​ក៏​នៅតែ​បន្ត​ប្រែប្រួល​ស្មុគស្មាញ​ពោរពេញ​ដោយ​គ្រោះថ្នាក់​ហើយនឹង​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​បរិយាកាស​សន្តិសុខ​នៅ កម្ពុជា​យើង​ជាក់​ជាមិនខាន​ឡើយ ។​

​សម្តេច​តេ​ជោ​បាន​ទាញ​ការចាប់អារម្មណ៍​ថា “​ក្នុងខណៈពេល​ដូចគ្នានេះដែរ​ព្រះរាជាណាចក្រ កម្ពុជា​នឹងត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ​រៀបចំ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥​ឆ្នាំ ២០២២ ដែលជា​គោលដៅ​នៃ​ការប៉ុនប៉ង​វាយប្រហារ​របស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​ដើម្បី​បំផ្លាញ​កិច្ចដំណើរការ​នៃ​ព្រឹត្តិការណ៍​នយោបាយ​ដ៏​សំខាន់​នេះ ។ ដូចនេះ​ស្ថានការណ៍​នាពេលខាងមុខ​ទោះបី​តិច​ឬ​ច្រើន ផ្ទាល់​ឬ​ប្រយោល សុទ្ធ​តែមាន​ផលប៉ះពាល់​ដល់​សន្តិសុខ​ផ្ទៃក្នុង​យ៉ាងពិត​ប្រាកដ ដែល​បញ្ហា​ទាំងអស់នេះ​តម្រូវ​ឲ្យ​កងកម្លាំង​នគរបាលជាតិ​បន្ត​ពង្រឹងស្មារតី​ប្តេជ្ញាចិត្ត​ខ្ពស់​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​កម្លាំង​ស្នូល រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព សន្តិសុខ ទប់ស្កាត់​និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​រាល់​ឧបាយកល​សកម្មភាពរ​បស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​និង​បក្ខពួក​ដោយ​មិន​ឲ្យ​ពួកគេ​សម្រេច​ផែនការ​ទុច្ចរិត​ទាំងនេះ​បានជា​ដាច់ខាត​”​។​

​ស្រប​ជាមួយ​សារលិខិត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នែ​កម្ពុជា សម្តេច​ក្រឡាហោម​ក៏បាន​រំឭក​ទៅ​នគរបាលជាតិ​ថា សភាពការណ៍​សន្តិសុខ​ជា​សកល​នាពេលខាងមុខ នៅតែមាន​ការប្រែប្រួល​ប្រកបដោយ​ភាពស្មុគស្មាញ​មិនអាច​ប៉ាន់ស្មាន បាន​ព្រមទាំង​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ទាំង​ផ្ទាល់​និង​ប្រយោល​ដល់​ប្រទេស​កម្ពុជា​ស្រប​ពេលដែល​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​បន្ត​យាយី​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ និង​បង្កើតជា​រនាំង ឧបសគ្គ​ដ៏​ធំធេង​ទប់ស្កាត់​ការអភិវឌ្ឍ​ប្រទេស ជាតិ​លើ​គ្រប់​វិស័យ​។ ស្ថានភាព​ប្រកបដោយ​ហានិភ័យ​ខាងលើនេះ គឺជា​បន្ទុក​ដែល​រាជរដ្ឋាភិបាល​ត្រូវ​រែកពន់ ដើម្បី ការពារ​ខឿន​សន្តិភាព ឯករាជ្យ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ និង​ខិតខំ​ស្ដារ​អភិវឌ្ឍន៍ ប្រទេសជាតិ ដែល​ទទួលរង​នូវ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ក្រៅពីនេះ​បញ្ហា​សន្តិសុខ​ផ្ទៃក្នុង​ក៏​អាច​ប្រឈម ទៅនឹង​ការវាយប្រហារ​ពី​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​ដែល​គាំទ្រ​ដោយ​និន្នាការ​នយោបាយ​ប្រឆាំង​ក្រៅប្រទេស​ប្រើប្រាស់​ឧបាយកល ទុច្ចរិត បង្ក​ភាពវឹកវរ​បំពុលបរិយាកាស​សន្តិសុខ និង​សណ្តាប់ធ្នាប់ សង្គម ក្នុង​គោលដៅ​សម្រេច​នូវ​មហិច្ឆតា​ខ្មៅ​ងងឹត ដណ្តើម​អំណាច​ផ្ទុយ​ពី​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ​។​

​សម្តេច​ក្រឡាហោម​បញ្ជាក់ថា​បញ្ហា​ប្រឈម​ដូច​បាន​ពោល​ខាងលើ​គឺជា​តម្រូវ​ការចាំបាច់​ទាមទារ​ឲ្យ​មានការ​ចូលរួម​ជា​ចលនា​ជាតិ ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​ហើយ​វិស័យ​អាទិភាព​នោះ គឺ​ការធានា​រក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព ស្ថិរភាព​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដែលជា​សសរស្តម្ភ​ក្នុងការ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ហេតុនេះ​កងកម្លាំង​នគរបាលជាតិ ដែលជា​កម្លាំង​ស្នូល​ក្នុង​វិស័យ​សន្តិសុខ ត្រូវ​បន្ត បេសកកម្ម​របស់ខ្លួន​ដោយ​ឥតឈប់ឈរ សំដៅ​ពង្រឹង​ឲ្យ​បាន​នូវ​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។ ខណៈពេល​ដូចគ្នានេះ​កងកម្លាំង​នគរបាលជាតិ​ដែលជា កម្លាំង​អន្តរាគមន៍ គាំទ្រ​ជួយ​ដល់​ការបង្ការ​ទប់ស្កាត់ ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក៏ត្រូវ​តែ​បន្ត​លះបង់​ពេលវេលា និង​កម្លាំង​កាយពល រួមចំណែក​ការពារ​សុខភាព សាធារណៈ អាយុជីវិត​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។​

​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​សំដែង​នូវ​ការកោតសរសើរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​កងកម្លាំង​នគរបាលជាតិ ដែល​បាន​ចាត់តាំង​អនុវត្ត​យ៉ាង​ផុលផុស​តាម​គោលការណ៍​បទបញ្ជា​និង​វិធានការ​នានា​របស់ រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ហើយក៏ សូម​ក្រើនរំឭក​ដាស់តឿន​ដល់​បងប្អូន សូម​បន្ត​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច ប្រកបដោយ​ភាព​អត់ធ្មត់ ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ មាន​អាកប្បកិរិយា​ថ្លៃថ្នូរ ម៉ឺងម៉ាត់​ប្រកបដោយ​មនសិការ​វិជ្ជា​ជីវៈ ជាពិសេស ត្រូវ​ជៀសវាង​ការប្រើប្រាស់​នូវ​អំពើហិង្សា​ក្នុងការ​ដោះស្រាយ​បញ្ហា​។ ទន្ទឹមគ្នានេះ ខ្ញុំ​សំណូមពរ​យ៉ាងទទូច​ឲ្យ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដោយ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​វិធាន សុខាភិបាល និង​វិធានការ « ៣​ការពារ ៣​កុំ » ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ធ្វើជា​គំរូ​ដល់​សាធារណជន រួមចំណែក ការពារ​អាយុជីវិត​ព​ល​រដ្ឋ និង​សង្គមជាតិ​៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner